លោក ហ៊ុន សែន បានថ្លែងបែបនេះ អំឡុងពេលលោកជួបសំណេះសំណាលជាមួយក្រុមកម្មករ-កម្មការិនីប្រហែល ៤ពាន់នាក់ មកពីតាមបណ្ដារោងចក្រនានា នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យនេះ។
ក្នុងកិច្ចសន្ទនាដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ BTV លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវ ខ្ញុំសូមផ្ដាំទៅមេឃុំ-ចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិ ឬជំទប់ ឬសមាជិករបស់គណបក្សសង្គ្រោះជាតិ បើអ្នកចង់រក្សាតំណែងជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្ដូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាទៅ បន្តទៅ។ គណបក្សរបស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើជាមេឃុំ ចៅសង្កាត់ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាបានទៀតទេ ក៏ប៉ុន្តែ នៅពេលបក្សអ្នករលាយ អ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែ បើអ្នកចង់នៅធ្វើមេឃុំ អ្នកប្រកាសចាកចេញពីគណបក្សហ្នឹង ដែលគេរំលាយហើយ បើមិនប្រកាស ក៏វាអស់ដែរ ហើយគ្រាន់តែប្រកាសថា ខ្ញុំសុំចុះចូលគណបក្សប្រជាជន»។
លោក ហ៊ុន សែន បានថ្លែងបែបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីសំណើកែប្រែច្បាប់ ៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវបានក្រុមតំណាងរាស្ត្របក្សកាន់អំណាច អនុម័ត ហើយសំណើច្បាប់ទាំង ៤នេះ កំពុងស្ថិតនៅក្នុងដៃរបស់ព្រឹទ្ធសភា។
សំណើវិសោធនកម្មច្បាប់ទាំង ៤នេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងឈានទៅរំលាយគណបក្សប្រឆាំង និងបែងចែកអាសនៈរបស់គណបក្សនេះទាំងនៅស្ថាប័នកំពូលៗ រហូតដល់ថ្នាក់មូលដ្ឋាន ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ។
សំណើវិសោធនកម្មច្បាប់ទាំង ៤នេះ បានជំរុញឲ្យមានប្រតិកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ ខណៈដែលស្ថានភាពប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ត្រូវបានក្រុមសិទ្ធិមនុស្សអន្តរជាតិមើលឃើញថា បានធ្លាក់ចុះបន្ថែមទៀត ក្រោយការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងមកនេះ។
អគ្គរាជទូតទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់ប្រទេសស៊ុយអែត អ្នកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលាថា អ្នកស្រីព្រួយបារម្ភថា ស្ថានការណ៍វិវត្តថ្មីៗនៅក្នុងប្រទេសកម្ពុជា អាចនឹងប៉ះពាល់ជាអវិជ្ជមានដល់មុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
អ្នកស្រី អេននីកា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «នៅពេលណាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ស៊ុយអែតនឹងពិចារណាឡើងវិញអំពីទំនាក់ទំនងជាមួយកម្ពុជា»។
ជុំវិញដំណើរវិវត្តន៍នៃស្ថានការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានេះដែរ សហភាពអន្តរសភា ហៅកាត់ថា IPU ដែលមានសមាជិកមកពីប្រទេសចំនួន ១៧៣ នៅទូទាំងពិភពលោក កាលពីថ្ងៃពុធកន្លងមកនេះ ក៏បានជជែកដេញដោលអំពីស្ថានភាពនយោបាយ ការអនុវត្តច្បាប់ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ប្រធានសហភាពអន្តរសភា លោក Saber Hossain Chowdhury ដែលជាសមាជិកសភាមកពីប្រទេសបង់ក្លាដែសផងនោះ បានថ្លែងថា ស្ថាប័ន IPU នឹងបញ្ជូនក្រុមមន្ត្រីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងស្វែងរកការពិតជុំវិញបញ្ហានេះ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាបណ្ដុំនៃសមាជិកចំនួន ២៨ប្រទេសនៅអឺរ៉ុប បានថ្កោលទោសចំពោះចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាទៅលើបក្សប្រឆាំង និងបានទាមទារឲ្យដោះលែងដោយឥតលក្ខខណ្ឌ និងជាបន្ទាន់ នូវមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ច្រានចោលការចោទប្រកាន់ទាំងនេះ ហើយថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺជាការអនុវត្តច្បាប់ ដោយចោទលោក កឹម សុខា ថា «ក្បត់ជាតិ» និងឃុបឃិតជាមួយអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
ក្រោយពីការផ្ញើរសារព្រមានឲ្យចុះចូលរបស់លោក ហ៊ុន សែន នៅថ្ងៃនេះក៏មានតំនាងរាស្ត្រម្នាក់មកពីគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្ត ព្រៃវែង លោក ឡុង ប៊ុន្នី បានសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែនភ្លាមៗផងដែរ៕
លោក ឡុង ប៊ុន្នី តំណាងរាស្ត្រ មណ្ឌលព្រៃវែង។
No comments:
Post a Comment