Pages - Menu

Friday, October 20, 2017

ប្រទេសស៊ុយអែតព្រមានពិចារណាទំនាក់ទំនងជាមួយកម្ពុជា ឡើងវិញបើបក្សប្រឆាំង ត្រុវ រំលាយចោល


លោកស្រីអេននីកា ប៊ិន ដេវីត (Annika Ben David) អគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ប្រទេសស៊ុយអែតដែលជាប្រទេសម្ចាស់ជំនួយមួយរបស់កម្ពុជា ព្រមានជាមុនថា ខ្លួននឹងពិចារណា ពីទំនាក់ទំនងជាមួយប្រទេសកម្ពុជាឡើងវិញ បើសិនជារដ្ឋាភិបាលលោកនាយករដ្ឋាភិបាលលោក ហ៊ុន សែនរំលាយបក្សប្រឆាំងនិងថាអាចប៉ះ ពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ បើស្ថានភាព សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកាន់តែ អាក្រក់ដូចសព្វថ្ងៃនេះ។
នៅក្នុងសន្និសីទសារព័ត៌មាន​នៅឯស្ថានបេសកកម្មស៊ុយអែត នៅ​រសៀលថ្ងៃព្រហស្បតិ៍ លោកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) អគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ មានប្រសាសន៍ថា លោកស្រីបានជួប និង​ប្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាថា «នៅពេលណា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ស៊ុយអែតនឹងគិតឡើងវិញពីទំនាក់ទំនងជាមួយ កម្ពុជា»
លោកស្រី អេននីកា បន្តថាក្នុងជំនួបនោះ លោកស្រីបានលើកឡើងពីការព្រួយបារម្ភចំពោះ ស្ថានការណ៍វិវត្តន៏ថ្មីៗនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដែលអាចនាំឲ្យប៉ះពាល់ដល់មុខមាត់ប្រទេស
កម្ពុជាជាអវិជ្ជមាននៅលើឆាកអន្តរជាតិ។
លោកស្រីបន្ថែមថា ចំពោះការរឹតបន្តឹងទៅលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយដែលកំពុងតែកើតមាន នៅប្រទេសកម្ពុជាពេលនេះ គឺជាការបញ្ជូននូវសារអវិជ្ជមានមួយទៅដល់អតិថិជន ដៃគូអភិវឌ្ឍន៍ ឬអ្នកវិនិយោគទុនបរទេស ផ្សេងៗ ដែលនេះវានឹងបង្ករការប៉ះពាល់ដល់ការរីកចំរើនសេដ្ឋកិច្ច កម្ពុជា។
សូមរំលឹកថា ជំនួបសិទ្ធិមនុស្សលើកទី៦ ទ្វេរភាគីរវាងប្រទេសស៊ុយអែតនិងកម្ពុជានៅទីក្រុង ភ្នំពេញកាលពីថ្ងៃទី១៦ដល់១៨ តុលា កន្លងទៅនេះ មានការជជែកពីសមភាពយេនឌ័រអ្នក ស្រឡាញ់ភេទដូចគ្នា សិទ្ធិទទួលបានព័ត៌មាន សិទ្ធិការងារ ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស និងការរៀបចំរបាយការណ៍ទៅអង្គការសហប្រជាជាតិ។
ប្រទេសស៊ុយអែតមានទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦១ និងបានផ្តល់ ជំនួយមនុស្សធម៌នៅដើមទស្សវត្តទី៨០។ ជំនួយអភិវឌ្ឍន៏ជាច្រើនឆ្នាំកន្លងមកនេះ មានទំហំទឹក ប្រាក់រាប់រយលានដុល្លារ។
សារព័ត៌មានជាតិខ្មែរ មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេ នៅថ្ងៃនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។ ក៏ប៉ុន្តែ ថ្មីៗនេះ លោក សុខ ឥសានបានលើកឡើងថា កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន ដូច្នេះ មិនអាចធ្វើតាម ការចង់បានរបស់បរទេសបានទេ៕

No comments:

Post a Comment