សមាជិកព្រឹទ្ធសភា មកពីគណបក្សកាន់អំណាច លើកដៃយល់ព្រមលើច្បាប់ថ្មី
ចំនួន៤ ទាំងស្រុង នៅព្រឹកមិញនេះ។
ព្រឹទ្ធសភា នៅថ្ងៃស្រុកនេះ
សម្រេចយល់ព្រមទាំងស្រុង ទៅលើសេចក្តីស្នើកែច្បាប់បោះឆ្នោតចំនួន៤ ដើម្បីជាការបើកផ្លូវឲ្យដកហូតអាសនៈបក្សនយោបាយណា ដែលត្រូវរំលាយដោយ តុលាការ កំពូល។
ការអនុម័តច្បាប់ថ្មីទាំង៤ យ៉ាងប្រញ៉ាប់នេះ ធ្វើឡើងចំពេលតុលាការកំពូល កំពុងពិនិត្យបណ្តឹង របស់ក្រសួងមហាផ្ទៃ សុំរំលាយបក្សសង្គ្រោះជាតិចោល។
សេចក្តីស្នើកែច្បាប់បោះឆ្នោតចំនួនបួននោះ រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុម
ប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កាលពីដើមសប្តាហ៍នេះ តំណាងរាស្ត្របក្សកាន់អំណាចចំនួន៦៧រូប បានអនុម័តទាំងស្រុង ទៅលើសេចក្តីស្នើកែច្បាប់បោះឆ្នោតចំនួន៤នោះ ដែលត្រូវបានគេមើលឃើញថា ជាចេតនាមួយក្នុង ការរឹបអូសអាសនៈគណបក្សប្រឆាំង ដើម្បីចែកទៅឲ្យបក្សនយោបាយផ្សេងៗ គ្មានអសនះនៅ ក្នុងសភា។
ដោយឡែក នៅថ្ងៃសុក្រទី២០ ខែ តុលានេះ ស្ថាប័នព្រឹទ្ធសភា ដែលមានតែសមាជិកបក្សកាន់អំណាចចំនួន៤០រូប ក៏បានប្រជុំសម្រេចយល់ព្រមទាំងស្រុង ទៅតាមការសម្រេចរបស់រដ្ឋសភា ផងដែរ លើវិសោធនកម្មច្បាប់នេះ ដោយថា ដើម្បីធ្វើឲ្យស្របតាមបរិបទនយោបាយបច្ចុប្បន្ន រក្សានូវស្ថិរភាព និងនីតិរដ្ឋកម្ពុជា។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង លើកឡើងថា ព្រឹទ្ធសភាគ្មានការព្រួយបារម្ភនោះទេ ចំពោះការរិះគន់ពីសហគមន៍អន្តរជាតិលើការសម្រេចនេះ ដោយថា ការប្រជុំទាំងរដ្ឋសភា និង ព្រឹទ្ធិសភានោះ គឺលម្អិត និងត្រឹមត្រូវបំផុត សម្រាប់ស្ថានការកម្ពុជានាពេលបច្ចប្បន្ន។
លោកថ្លែង បកទៅសហគមន៍អន្តរជាតិថា ប្រទេសកម្ពុជា ជារដ្ឋឯករាជ្យ និងមានសិទ្ធិសម្រេចផ្ទាល់ខ្លួន។
លោកថា៖ «យើងអត់មានការបារម្ភអីទេ! ហើយយើងអត់មានធ្វើដើម្បីបរទេសទេ។ បើសិនជាធ្វើដើម្បីបរទេស គឺយើងក្បត់នឹងប្រទេសជាតិ យើងក្បត់នឹងឆន្ទៈរាស្ត្រ។ តែយើងធ្វើ គឺដើម្បីបម្រើរាស្ត្រ យើងធ្វើដើម្បីបម្រើប្រទេសជាតិយើង ហើយយើងធ្វើ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៏ ជូនសង្គមជាតិយើង»។
សារព័ត៌មានជាតិខ្មែរ នៅព្រឹកថ្ងៃសុក្រនេះព្យាយាមទាក់ទងប្រធានគណបក្សភ្លើងទាន (អតីត គណបក្ស សម រង្ស៊ី) លោក ទាវ វណ្ណុល ពីការដែលសមាជិកបក្សលោក ធ្វើពាហិការចូលរួមប្រជុំព្រឹទ្ធសភាដែរ តែមិនអាចទាក់ទងនៅឡើយទេ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ច្បាប់ទាំងបួន ដែលយល់ព្រមនៅព្រឹកនេះ និងបញ្ជូនត្រលប់ទៅកាន់រដ្ឋសភាវិញ ដើម្បីបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យជាការប្រញាប់។
ទាក់ទងនឹងរឿងនេះដែរ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីទី ១៨ ខែតុលា និង នៅចំពោះមុខសហភាពអន្តរសភា (IPU) ដែលមានសមាជិកមកពីប្រទេស១៧៣ប្រទេស បានថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនពីការប៉ុនប៉ងរំលាយ គណបក្សសង្គ្រោះជាតិនេះដែរ តែភាគីកម្ពុជាមិនទាន់មានប្រតិកម្មតបវិញយ៉ាងណានោះទេ៕
No comments:
Post a Comment