សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, September 1, 2018

អភិបាលរងខណ្ឌព្រែកព្នៅម្នាក់ និងភរិយាធ្វើកិច្ចសន្យាលក់ផ្ទះ តម្លៃជិតកន្លះលានដុល្លារដោយទទួលប្រាក់កក់និងប្រាក់បង់ ដំណាក់កាលទី១រួចហើយតែរត់ ទៅប្ដឹងលុបចោល កិច្ចសន្សាវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ អភិបាលរងខណ្ឌព្រែកព្នៅម្នាក់ គឺលោក ទូច សាលីន និងភរិយាឈ្មោះ សំ ឡាលីន បានរងការចោទ ប្រកាន់ថា បានធ្វើកិច្ចសន្យាយល់ព្រម លក់ផ្ទះចំនួន២ល្វែង នៅភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានតម្លៃជិតកន្លះលានដុល្លារ រហូតទទួលបានប្រាក់កក់ និងប្រាក់ផ្ដល់ដំណាក់កាលទី១ ពីភាគីអ្នកទិញ ចំនួនជាង១៨ម៉ឺនដុល្លារ តែបែរជារត់ទៅប្ដឹង តុលាការ សុំឲ្យរំលត់កិច្ចសន្យាទិញលក់ផ្ទះនេះវិញ គោលបំណងចង់ ស៊ីដាច់លុយកក់ និងប្រាក់ ផ្ដល់ដំណាក់កាលទី១ ពីភាគីអ្នកទិញ។
ការចោទប្រកាន់ទៅលើអភិបាលរងខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញរូបនេះ បានធ្វើឡើងពីសំណាក់ លោក ចាន់ សុវណ្ណារ៉ា តំណាងក្រុមហ៊ុន សែនសុខ សុវណ្ណអភិវឌ្ឍន៍ និងស្ដ្រីជនជាតិចិនម្នាក់ ទៀត។
យោងតាមកិច្ចសន្យាទិញលក់ផ្ទះ រវាងភាគីទាំង២ ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨ ដែល សារព័ត៌មាន ទទួល បាន នៅថ្ងៃទី១ ខែកញ្ញានេះ បានបញ្ជាក់ថា លោក ទូច សាលីន​ និងភរិយា បានយល់ ព្រមលក់ផ្ទះចំនួន២ល្វែង នៅក្រុមទី៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានតម្លៃ៤៨​៥,០០០ដុល្លារ។
នៅក្នុងកិច្ចសន្យា ដែលមានការទទួលស្គាល់ និងដឹងលឺពីមេធាវី ប៊ុន កែវលីម បានបញ្ជាក់ទៀតថា តំណាងអ្នក ទិញត្រូវប្រគល់ប្រាក់ជាបីដំណាក់កាល គឺដំណាក់កាលទី១៖ ជាការកក់ប្រាក់២ម៉ឺន ដុល្លារ, ដំណាក់កាលទី២៖ បង់បន្ថែមថ្លៃទិញ១៦៥,០០០ដុល្លារ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ និងដំណាក់កាលទី៣៖ ភាគីអ្នកទិញត្រូវ ប្រគល់ប្រាក់ផ្ដាច់ថ្លៃផ្ទះចំនួន៣០ម៉ឺនដុល្លារ នៅពេលភាគី អ្នកលក់ បានរត់ការផ្ទេរប័ណ្ណកម្មសិទ្ធិ រួចរាល់ជាស្ថាពរ មកឲ្យភាគីអ្នកទិញ។
ប៉ុន្ដែក្រោយភាគីអ្នកទិញ បានកក់ប្រាក់២ម៉ឺនដុល្លារ និងបង់ថ្លៃបន្ថែម១៦៥,០០០ដុល្លាររួច ស្រាប់ តែលោក ទូច សាលីន និងភរិយា បែរជាគេចវេសមិនព្រមរត់ការផ្ទេរឈ្មោះ ជូនអ្នកទិញថែមទាំង រត់ទៅ ប្ដឹងតុលាការសុំរំលាយ កិច្ចសន្យាទៀតផង ពោលមានបំណងចង់ស៊ីដាច់ប្រាក់កក់ និង ប្រាក់បង់ថ្លៃបន្ថែមសរុបជិត២០ម៉ឺនដុល្លារ។
ដោយមើលឃើញពីទង្វើរបស់អភិបាលរងខណ្ឌព្រែកព្នៅ និងភរិយាខាងលើនេះ អ្នកទិញបានរត់ ទៅប្ដឹងប្រធាន សាលាដំបូង រាជធានីភ្នំពេញ កាលពីដើមខែសីហា ដើម្បីសុំចេញដីកាសម្រេច រក្សាការពារផ្ទះទាំង២ល្វែងនេះ។
ភាគីអ្នកទិញសុំអំពាវនាវចំនួន២ចំណុច គឺទី១៖សុំឲ្យលោក ទូច សាលីន និងភរិយា ដែលជាភាគី អ្នកលក់ផ្ទះ ត្រូវគោរពតាមកិច្ចសន្យាទិញលក់ផ្ទះ ដែលមានស្នាមមេដៃ និងការទទួលស្គាល់ពី មេធាវីបានត្រឹមត្រូវ និងទី២៖ ស្នើឲ្យក្រសួងមហាផ្ទៃ ក៏ដូចជា សាលារាជធានីភ្នំពេញ ផ្អាកការងារ លោកអភិបាលរងរូបនេះ ជាបណ្ដោះអាសន្ន សិន ដើម្បីទុកផ្លូវឲ្យតុលាការធ្វើការដោះស្រាយតាម នីតិវិធីច្បាប់។
ចំពោះការលើកឡើងរបស់ភាគីអ្នកទិញផ្ទះ អង្គភាពព័ត៌មាន ជាតិខ្មែរ មិនទាន់បានទំនាក់ទំនងសុំ ការបកស្រាយ ពីលោក ទូច សាលីន និងភរិយា បាននៅឡើយទេ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៨នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger