លោក នួន ជាដែលជាបងធំទី២នៃរបបអាវខ្មៅ
មានស្ថានីយ៏ប្រេងឥន្ធនៈមួយចំនួននៅប្រទេសថៃ ហើយលោកក៏មានដើមកំណើតជាជនជាតិថៃ
និងរៀនសូត្រនៅប្រទេសថៃផងដែរ។
ជាក់ស្តែង នៅល្ងាចនេះ សពរបស់ លោក នួន
ជា អតីតបងធំទី២ នៃរបបខ្មែរក្រហម ត្រូវបូជានា វេលាម៉ោងជាង៧៖០០យប់ ថ្ងៃទី០៩ ខែសីហា
ឆ្នាំ២០១៩នេះ នៅវត្តព្រំគិរីមរកត ខេត្តប៉ៃលិន យ៉ាងអធិកអធមក្រៃលែង។
ជនជាប់ចោទ នួន ជា បានទទួលមរណភាព
នៅម៉ោង៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ -សូវៀត
ក្នុងជន្មាយុ៩៣ឆ្នាំ បន្ទាប់ពីបានបញ្ជូនពីមន្ទីរឃុំឃាំង
ដើម្បី ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ អស់រយៈពេល១ខែ។ សពរបស់លោក
ត្រូវបានក្រុមគ្រួសារ ដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
យកទៅធ្វើបុណ្យនៅខេត្តប៉ៃលិន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩។
ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ
សាលាក្តីខ្មែរក្រហម មិនទាន់សម្រេចថា សំណុំរឿង ពាក់ព័ន្ធនឹង នួន ជា
ត្រូវតែបិទបញ្ចប់ឬយ៉ាងណាទេ។
មន្ត្រីសាលាក្តីខ្មែរក្រហមអះអាងថា៖
ក្រុមមេធាវីការពារក្តី នួន ជា បានអនុវត្តតាមបណ្តាំចុងក្រោយ របស់ នួន ជា
ស្នើសុំតុលាការបន្តនីតិវិធី ដើម្បីអ្វីដែលតាមរយៈមេធាវីការពារក្តី នួន ជា អះអាងក្នុង សន្និសីទសារព័ត៌មាន៦ម៉ោងក្រោយមរណភាពនួន
ជា ថា«ដើម្បីបង្ហាញការពិតក្នុងការពិត»។
ក៏ប៉ុន្តែ«យោងតាមច្បាប់ កម្ពុជា បណ្តឹងអាជ្ញានឹងត្រូវរលត់ នៅពេលដែលជនជាប់ចោទស្លាប់។ ការ សម្រេចយ៉ាងណា គឺអាស្រ័យលើចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូល»។
រហូតមកដល់ពេលបច្ចុប្បន្ននេះ
មានមេដឹកនាំកំពូលខ្មែរក្រហម ៣រូបហើយ ក្នុងចំណោម៥រូប ដែលត្រូវបាននាំមកកាត់ទោស
បានបាត់បង់ជីវិត ក្នុងនោះក្រៅពី លោក នួន ជា ក៏មាន លោក អៀង សារី
អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លាប់ នៅថ្ងៃទី១៤ ខែមីនា
ឆ្នាំ២០១៣ ក្នុងអាយុ៨៧ឆ្នាំ និង លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចស្លាប់
កាល ពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៥ ក្នុងអាយុ៨៣ឆ្នាំផងដែរ។
ករណីអៀង សារី និងអៀង ធីរិទ្ធ ត្រូវបានតុលាការសម្រេច
មិនបន្តសំណុំរឿងទៀតទេ ដោយបាន សម្រេចរំលត់បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងជនជាប់ចោទទាំង២។
បច្ចុប្បន្ននេះ មានមេដឹកនាំខ្មែរក្រហមនៅមានជីវិត
ដែលកំពុងស្ថិតក្នុងការជំនុំជម្រះក្តីនៅសល់ ម្នាក់នោះគឺ លោកខៀវ សំផន។ ដោយឡែក ម្នាក់ទៀតគឺ
លោក កាំង ហ្គិចអៀវ ហៅឌុច បានបិទ បញ្ចប់ការជំនុំជម្រះក្តីហើយ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ១ជីវិត
របស់គាត់នៅពន្ធនាគារ ខេត្តកណ្តាល៕
0 comments:
Post a Comment