សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 29, 2020

ក្រុមមេធាវីលោក ហ៊ុន សែនចាញ់ប្រៀបក្រុមមេធាវីលោក កឹម សុខាពីការវែកញែកច្បាប់ក្នុង សវនាការនាថ្ងៃនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

តុលាការ​ នឹង​បន្ត​សួរ​ដេញ​ដោល​លោក កឹម សុខា ជុំវិញ​បទ​ចោទ​នៃ​អំពើ​ក្បត់​ជាតិ នៅ​ថ្ងៃ​ពុធ ទី២៩ មករា​នេះ​ និង​ថ្ងៃ​ ព្រហស្បតិ៍​ស្អែក​ទៀត។ សវនាការ​ក្នុង​សប្ដាហ៍​នេះ គឺ​ជា​សប្ដាហ៍​ទី​បី ក្នុង​គម្រោង​សវនាការ​រយៈ​ពេល​បី​ខែ ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​រិះគន់​ថា ជា​រឿង​នយោបាយ។
សហ​មេធាវី​មួយ​រូប នៃ​ក្រុម​មេធាវី​ទាំង​បួន​រូប ដែល​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង ឲ្យ​អាស៊ី​សេរី​ដឹង​ សវនាការ​នៅ​សប្ដាហ៍​ទីបី​នេះ តុលាការ​នឹង​បន្ត​សួរ​ដេញដោល​លោក កឹម សុខា ជុំវិញ​ការ​ចោទ​ប្រកាន់ អំពី​បទ​សន្ទិដ្ឋភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ។

មុននឹង​ចូល​ដល់​សវនាការ​សប្ដាហ៍​ទី​បី​នេះ ភាគី​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី បាន​ជជែក​ដេញដោល​គ្នា​ យ៉ាង​តឹង​សរសៃ​ក លើ​បញ្ហា​នៃ​ការ​ទទួលយក​ភស្តុតាង និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​តាមដាន​កិច្ច​ដំណើរ​ការ​នីតិវិធី​ជំនុំ​ជម្រះ​ក្តី​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ។
នៅ​សប្ដាហ៍​ដំបូង គឺ​កាល​ពី​ថ្ងៃ​ទី១៥ និង ១៦ ខែ​មករា ​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ជំទាស់​ទៅ​នឹង​ការ​យក​វីដេអូ​ខ្លី​រយៈ​ពេល​ជាង ២នាទី មក​ធ្វើ​ជា​ដើម​ចម​នៃ​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក កឹម សុខា។ ក្រុម​មេធាវី​ការពារក្តី​ប្រធាន​គណបក្ស​ប្រឆាំង អះអាងថា វីដេអូ​នោះ ត្រូវ​បាន​កាត់​ត​ជា​កង់ៗ និង​បញ្ចូល​គ្នា ដែល​ធ្វើ​ឲ្យ​បាត់​ខ្លឹម​សារ​ដើម​ទាំង​ស្រុង​ របស់​លោក កឹម សុខា ដែល​ថ្លែង​សុន្ទរកថា ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៣។
ក្រុម​មេធាវី​លោក កឹម សុខា ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ទទួល​យក​ភស្តុតាង ដែល​ជា​វីដេអូ​រយៈ​ពេល​ជាង ១ម៉ោង ដែល​ពួក​គាត់ អះអាង​ថា ជា​វីដេអូ​ដើម និង​ទាំង​ស្រុង នៃ​សុន្ទរកថា​របស់​លោក កឹម សុខា។ តុលាការ​ព្រម​ទទួល​យក​ភស្តុតាង​នោះ ប៉ុន្តែ​មិន​ទាន់​អាច​សម្រេច​ថា ត្រូវ​ចាក់​បញ្ចាំង​ នៅ​ក្នុង​សវនាការ​នៅ​ពេល​នោះ​បាន ដោយសារ​រង​ការ​ជំទាស់​ពី​មេធាវី​រដ្ឋាភិបាល ដែល​ថា​បើ​បើក​វីដេអូ​នោះ អាច​ធ្វើ​ឲ្យ​ផ្ទុះ​ម៉ាស៊ីន​កុំព្យូទ័រ​ក្នុង​បន្ទប់​សវនាការ ឬ​អាច​មាន​មេរោគ​បំផ្លាញ​សំណុំ​ឯកសារ​របស់​តុលាការ។
ក្នុង​សវនាការ​សប្ដាហ៍​ដំបូង​នោះ តុលាការ​បាន​សាកសួរ​សាក្សី​មួយ​ចំនួន​ដែរ ប៉ុន្តែ​មិន​បាន​សួរ​អំពី​អង្គហេតុ​អ្វី ក្រៅ​តែ​ពី​សួរ​ឈ្មោះ និង​អត្តសញ្ញាណ​របស់​សាក្សី​ប៉ុណ្ណោះ។ សាក្សី​ទាំង​នោះ ត្រូវ​បាន​តុលាការ​ឲ្យ​ទៅ​អង្គុយ​រង់ចាំ​នៅ​បន្ទប់​ផ្សេង។ ពួក​គាត់​ខក​ចិត្ត​យ៉ាង​ខ្លាំង ដែល​តុលាការ​កោះហៅ​ពួក​គាត់ ឲ្យ​មក​ឲ្យ​អង្គុយ​លេង ខាត​ពេល​វេលា។
នៅ​ព្រឹក​ថ្ងៃ​ដំបូង នៃ​សវនាការ​នោះ គ្មាន​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ម្នាក់ ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​យក​ព័ត៌មាន នៅ​ក្នុង​បន្ទប់​សវនាការ​នោះ​ទេ។ អ្នកសារព័ត៌មាន​វិទ្យុ​សំឡេង​អាមេរិក​ម្នាក់ (VOA) និង​អ្នក​រាយការណ៍​ព័ត៌មាន​​ របស់​សារ​ព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ម្នាក់ បាន​ចូល​មួយ​ព្រឹក ក៏​ដោយសារ​តែ​បាន​មន្ត្រី​ទូត​អាមេរិក ហុច​ប័ណ្ណ​ដែល​អនុញ្ញាត​មន្ត្រី​ទូត​នោះ ចូល​ទៅ​ស្ដាប់​សវនាការ​ប៉ុណ្ណោះ។
ដោយ​អវត្តមាន តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​សវនាការ​នោះ ភាគ​ច្រើន​នៃ​ព្រឹត្តិការណ៍​ដែល​កើត​មាន​នៅ​ក្នុង​សវនាការ គឺ​ឮ​តាម​ការ​បកស្រាយ​របស់​មេធាវី ទាំង​មេធាវី​ការពារ​រដ្ឋាភិបាល និង​មេធាវី​ការពារ​លោក កឹម សុខា។
តំណាង​ក្រុម​មេធាវី​ការពារ​រដ្ឋាភិបាល គឺ​លោក គឺ តិច នៅ​ថ្ងៃ​ដំបូង​ប្រកាស​ប្រាប់​ពិភពលោក ថា ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​នេះ មាន​ ៩ រួមទាំង​សហភាព​អឺរ៉ុប និង​កោះ​តៃវ៉ាន់​ផង។ ពេល​អ្នក​កាសែត សួរ​នាំ​អំពី​មូលហេតុ​អ្វី​ ដែល​លោក គី តិច ហៅ​កោះ​តៃវ៉ាន់ ថា​ជា​ប្រទេស ស្រាប់​តែ​លោក គី តិច ខឹង​ច្រឡោត។ ប៉ុន្តែ នៅ​ថ្ងៃ​បន្ទាប់ លោក គី តិច បាន​ប្តូរ​ជំហរ ដោយ​ថា គ្មាន​ប្រទេស​ណា​មួយ ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង​ក្បត់​ជាតិ​នេះ​ទេ គ្រាន់​តែ​មាន​ចុះ​ក្នុង​ឯកសារ តែ​​ប៉ុណ្ណោះ។
ជុំវិញ​ការ​រឹតត្បិត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ការ​តាម​ដាន​ដំណើរការ​ក្តី​លោក កឹម សុខា អង្គការ​សង្គម​ស៊ីវិល​ជាង ៨០ (៨២ អង្គការ) ​អំពាវនាវ​ឲ្យ​តុលាការ ធ្វើ​យ៉ាង​ណា​រក​លទ្ធភាព បើកទូលាយ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ អំពី​ដំណើរការ​ក្តី​លោក កឹម សុខា ដើម្បី​ឲ្យ​សាធារណជន​ទូទៅ បាន​ដឹង ដោយ​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចូលរួម​តាម​ដាន​ដោយ​ផ្ទាល់​ ក្នុង​សវនាការ​នេះ។
អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) ស្នើ​ឲ្យ​របប​ក្រុង​ភ្នំពេញ ពិចារណា​បញ្ហា​នេះ​ឡើង​វិញ។ អ្នក​ស្រី​រម្លឹក​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូល​រួម​សកម្ម​ក្នុង​កិច្ចការ​សង្គម រួម​ទាំង​ការ​មិន​ធ្វើ​ទុក្ខ​បុក​ម្នេញ ​លើ​សំឡេង​ប្រឆាំង​ផង គឺ​ជា​ធាតុ​ផ្សំ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ នៃ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ណា​ក៏​ដោយ។
ចំណែក ឯ​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បី​រូប រួម​មាន ទាំង​​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) យល់ស្រប​គ្នា​ថា​រឿង​ក្ដី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស ​ដោយ​ភាព​មិន​ប្រក្រតី តាំង​ពី​ដើម​ដំបូង រហូត​ដល់​ដំណាក់​កាល​ជំនុំ​ជម្រះ​ក្តី​នេះ។
ក្រោយ​ការ​រិះគន់​ជុំ​ទិស​នេះ តុលាការ​បាន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ខ្លះ ចូលរួម​តាម​ដាន​​ក្នុង​សវនាការ នៅ​សប្តាហ៍​ទីពីរ។
ក្នុង​សវនាការ​នា​សប្ដាហ៍​ទី​ពីរ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២២ និង ២៣ ខែ​មករា តុលាការ​បាន​ចាក់​បញ្ចាំង​វីដេអូ​ពេល​រយៈ​ពេល​ជាង​មួយ​ម៉ោង ដែល​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដាក់​នោះ។
ក្រោយ​ការ​ចាក់​វីដេអូ​នេះ ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ក្តីឲ្យ​រដ្ឋាភិបាល បាន​សួរ​សំណួរ​លោក​ កឹម សុខា ជាង ៦០ សំណួរ ជុំវិញ​វីដេអូ​នោះ។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ជំទាស់​ទៅ​នឹង​ការ​សួរ​សំណួរ ដែល​ផ្ដោត​ទៅ​លើ​តម្រុយ​ភស្តុតាង ជាជាង​សំណួរ​ទាក់ទង​នឹង​អង្គ​ហេតុ​បែប​នេះ។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា អង្គហេតុ​ដែល​ត្រូវ​យក​មក​ជជែក​ដេញដោល​ក្នុង​សវនាការ គឺ​ត្រូវ​តែ​ជា​សម្ភារៈ ឬ​ឯកសារ ដែល​ក្រុម​មេធាវី​របស់​ភាគី​រដ្ឋាភិបាល អះអាង​ថា មាន​រហូត​ដល់​ទៅ ៣វ៉ាលី ដែល​ថា ជា​សម្អាង​ក្នុង​ការ​ដាក់​បន្ទុក​លើ​លោក កឹម សុខា នោះ។
ប៉ុន្តែ ខាង​មេធាវី​រដ្ឋាភិបាល​ឯណោះ​វិញ គឺ​លោក គី តិច ចោទ​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា មាន​ចេតនា​រារាំង​កិច្ច​ដំណើរ​ការ​នីតិវិធី ដោយសារ​តែ​ការ​ជំទាស់​ក្នុង​ការ​ជជែក​ដេញដោល​លើ​អង្គហេតុ​ក្នុង​វីដេអូ ដែល​ជា​តម្រុយ​ភស្តុតាង​នោះ។
ទោះ​ជា​យ៉ាង​នេះ​ក្តី ខាង​ព្រះរាជ​អាជ្ញា និង​មេធាវី​រដ្ឋាភិបាល បាន​សួរ​ដេញដោល​លោក កឹម សុខា​ ជុំវិញ​វីដេអូ​នោះ។ លោក ចាន់ ចេន ថា ក្រុម​មេធាវី​លោក កឹម សុខា ក៏​បាន​សួរ​សំណួរ​ជា​ច្រើន ដើម្បី​ដោះ​បន្ទុក​លោក កឹម សុខា នេះ​ដែរ។ លោក​ថា លោក កឹម សុខា បាន​បំភ្លឺ​ប្រាប់​តុលាការ អំពី​ភាព​ស្អាតស្អំ​របស់​លោក ដែល​ជា​អ្នក​នយោបាយ និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ធ្វើ​កិច្ចការ​តែ​រឿង​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ដោយ​មិន​បាន​ទៅ​រៀន​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​រៀន​ធ្វើ​អំពើ​ហិង្សា ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
ក្នុង​សវនាការ​សប្ដាហ៍​ទីពីរ​នោះ តុលាការ​មិន​បាន​កោះហៅ​​សាក្សី​ណា​ម្នាក់ មក​ធ្វើ​សក្ខីកម្ម​នោះ​ទេ ទោះបី​លោក​មេធាវី គី តិច អះអាង​នៅ​សប្ដាហ៍​ដំបូង នៃ​សវនាការ​ថា អាច​មាន​សាក្សី រហូត​ដល់​ទៅ ២៧ នាក់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger