នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនថ្ងៃគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពានរបស់រុស្សុីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅដទីក្រុងកៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោក ហ្សេលេនស្គី បានបង្ហោះរូបថតអ្នកទាំងពីរចាប់ដៃគ្នា ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អ្នកជាសញ្ញាដ៏សំខាន់បំផុត បង្ហាញពីការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ វាគឺជាទស្សនកិច្ចលើកដំបូង របស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចចេញក្រៅប្រទេសជាលើកដំបូង កំលុងពេលមានសង្រ្គាម ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កន្លងមកនេះ សេតវិមានបានប្រកាសថា លោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលនៅជាប់អ៊ុយក្រែន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ឱកាសខួប១ឆ្នាំ បន្ទាប់ពីរុស្សុីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងការប្រកាសនោះ សេតវិមានបានអះអាងថា លោក បៃដិន ពុំមានផែនការជួបជាមួយលោក ហ្សេលេនស្គី ឬធ្វើដំណើរមកកាន់ទីក្រុងកៀវទេ។ ប៉ុន្តែក្រោយមានដំណឹងនៃវត្តមានរបស់លោក បៃដិន នៅទីក្រុងកៀវនាថ្ងៃចន្ទនេះ សេតវិមានក៏បានចេញសេចក្តីថ្លែងការណ៍ផ្លុវការ ដើម្បីទទួលស្គាល់ផងដែរ៕
No comments:
Post a Comment