Pages - Menu

Thursday, February 2, 2023

របបសឹកមីយ៉ាន់ម៉ា ប្រកាសដាក់តំបន់មួយចំនួនក្នុងប្រទេសឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក!

របបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសដាក់តំបន់មួយចំនួនក្នុងប្រទេស ឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក បន្ទាប់ពីខ្លួនបានសម្រេចដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល៦ខែទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ថានីយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយសេចក្តីប្រកាសមួយ ដោយលោក អោង លីនវេ (Aung Lin Dwe) ដែលជាលេខាធិការ​នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់របបយោធាមីយ៉ាន់ម៉ា ស្តីពីការដាក់ឱ្យអនុវត្តច្បាប់អាជ្ញាសឹកនៅតាមទីក្រុងសរុបចំនួន៣៧ ក្នុងតំបន់និង​រដ្ឋចំនួន១៤នៃប្រទេសមីយ៉ាន់ម៉ា។ លោក អោង លីនវេ បានអះអាងថា​ ការប្រកាសច្បាប់អាជ្ញាសឹកបែបនេះ គឺជារឿងចាំបាច់ដើម្បីអាចរក្សា​សន្តិសុខនិងនីតិរដ្ឋបានដោយប្រសិទ្ធភាព។

ក្នុងចំណោមនោះ ១១ក្រុងស្ថិតនៅតំបន់សាហ្គាំង (Sagaing) និង៧ក្រុងនៅរដ្ឋឈិន (Chin) ជាតំបន់នៅភាគពាយព្យនៃប្រទេស ដែលមានការ​ប្រយុទ្ធគ្នាខ្លាំងក្លា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារយោធា។ យោធាមីយ៉ាន់ម៉ាបានជួបការលំបាក ក្នុងការគ្រប់គ្រងអំពើបះបោរនៅទូទាំងប្រទេស ធ្វើឡើងដោយក្រុមប្រឆាំងនឹងរបបរបស់ខ្លួន ដែលបាននាំគ្នាជ្រើសរើសកាន់អាវុធ បន្ទាប់ពី​ចលនាបាតុកម្មដោយសន្តិវិធី ប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាការដណ្តើមអំណាចពីរដ្ឋាភិបាលស៉ីវិលរបស់ លោកស្រី អោងសាន ស៊ូជី ត្រូវបានបង្រ្កាបដោយអំពើហិង្សាយ៉ាងចាស់ដៃ។

គួរបញ្ជាក់ថា កន្លងមកយោធាមីយ៉ាន់ម៉ា ក៏ធ្លាប់បានប្រកាសប្រើច្បាប់អាជ្ញាសឹកផងដែរ ជាពិសេសកាលពីអំលុងដើមឆ្នាំ២០២១ នៅយ៉ាងហ្គូន (Yangon) ដែលជាទីក្រុងធំជាងគេ។ យោងតាមអង្គការសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាផ្ទាល់ ជនស៉ីវិលយ៉ាងហោចជិត៣,០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីយោធាបានឡើងកាន់អំណាចមក៕

No comments:

Post a Comment