(ម៉ានីល)៖ ហ្វីលីពីនបានសម្រេចអនុញ្ញាតឱ្យសហរដ្ឋអាមេរិក អាចប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន៤កន្លែងបន្ថែមទៀត នាឱកាសដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក បានមកបំពេញទស្សនកិច្ចនៅប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន-អាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយឱ្យដឹងថា ទីក្រុងវ៉ាស៉ីនតោននឹងទទួលបានការអនុញ្ញាត ឱ្យប្រើប្រាស់មូលដ្ឋានយោធាចំនួន៤កន្លែងទៀត នៅក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ហៅកាត់ថា EDCA ដែលបង្កើតឡើងដំបូង កាលពីឆ្នាំ២០១៤។ យោងតាមសេចក្តីថ្លែងការណ៍ដដែល កន្លងមកនេះ សហរដ្ឋអាមេរិកបានវិនិយោគជាង៨២ពាន់លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានមានស្រាប់ចំនួន៥ ក្រោមកិច្ចព្រមព្រៀង EDCA។
កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ EDCA អនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីន សម្រាប់ការហ្វឹកហ្វឺនរួមគ្នា, ការរក្សាទុកសម្ភារត្រៀមជាមុន ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានទាំងផ្លូវយន្តហោះ កន្លែងស្តុកប្រេងឥន្ធនៈ និងកន្លែងស្នាក់នៅសម្រាប់កងទ័ព ប៉ុន្តែមិនអាចរក្សាវត្តមានយោធាជាអចិន្រ្តៃយ៍បានឡើយ។
សេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ច្បាស់អំពីទីតាំងនៃមូលដ្ឋានថ្មីទាំង៤ឡើយ។ ប៉ុន្តែខាងយោធាហ្វីលីពីនធ្លាប់បង្ហើបឱ្យដឹងថា សហរដ្ឋអាមេរិកបានស្នើសុំប្រើប្រាស់មូលដ្ឋាន នៅកោះលូហ្សូន (Luzon) ភាគខាងជើងប្រទេស ដែលជាទឹកដីហ្វីលីពីននៅជិតនឹងតៃវ៉ាន់បំផុត ព្រមទាំងនៅកោះប៉ាឡាវ៉ាន (Palawan) ដែលទល់មុខគ្នានឹងទីប្រជុំកោះមានជម្លោះនៅសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនា និងរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក កាលីតូ ហ្កាលវេស។ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក អូស្ទីន បានកើតមានឡើង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានបំពេញទស្សនកិច្ចមកកាន់ ប្រទេសដែនកោះអាស៊ានមួយនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕
No comments:
Post a Comment