Pages - Menu

Friday, February 3, 2023

ភរិយារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមេឈ្មួញ ជឹង សុភាព ទទួលបានដីរដ្ឋនៅស្រុកកែវសីមា ដើម្បីអភិវឌ្ឍន៍ទេសចរណ៏!

តំបន់ការពារក្នុងឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃកែវសីមា កំពុងត្រូវបានធ្វើអនុបយោគទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយសមាជិកគ្រួសាររបស់ឧកញ៉ាដ៏ល្បីឈ្មោះ គឺ​លោកស្រី ជឹង សុភាព ព្រម​ទាំង​ភរិយារបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺលោកស្រី អុឹម ប៉ូលីកា។

លោកស្រី ជឹង សុភាព ដែល​ជាភរិយារបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាម​កពីគណបក្សកាន់អំណាច នៅពីក្រោយ​សម្បទាន​ដី​ជាច្រើនកន្លែងនៅទូទាំងប្រទេស ក៏ដូចជាការបណ្តេញ​ចេញ​ដោយ​ហិង្សា​នៅ​តំបន់​បឹងកក់ រាជ​ធានីភ្នំពេញ ដែលបច្ចុប្បន្ន​នេះ​ត្រូវ​បាន​លុបទាំងស្រុង។

អនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពីខែ​កក្កដា បាន​សម្រេចផ្ទេរដី​តំបន់​និរន្តរភាព​ចំនួន២ នៅ​​ឧទ្យានជាតិ​គិរីរម្យ ខេត្ត​កំពង់​ស្ពឺ និងនៅ​ខេត្តមណ្ឌលគិរី ឱ្យទៅ​ក្រុមហ៊ុនឯ​កជ​ន​ចំនួន២ ដែល​មានទំនាក់ទំនងជាមួយ​គ្រួសារ​របស់​លោក​ស្រី ជឹង សុភាព។

អនុក្រឹត្យមួយចុះ​ថ្ងៃទី១៩ ខែកក្កដា កំណត់​ផ្ទៃដី ៧០​ហិកតា ក្នុងដែនជម្រកសត្វព្រៃកែវសីមា សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្តមណ្ឌលគិរី ដោយ​ចាត់​ថ្នាក់ឡើងវិញពីទ្រព្យសម្បត្តិសាធារណៈទៅជាដីឯកជន ដើម្បីអភិវឌ្ឍដោយក្រុមហ៊ុន One Prosperity សម្រាប់ការវិនិយោគអេកូទេសចរណ៍។

យោងតាមបញ្ជីពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន One Prosperity ដឹកនាំដោយលោកស្រី អ៊ឹម ប៉ូលីកា ភរិយារបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នាយក​៤​រូប​ទៀត រួម​​មាន​ ​លោកស្រី ឡាវ សុខហ៊ុយ លោក ជឹង ធានគាត លោក ជឹង ធានសេង និង​លោកស្រី ជឹង សុគន្ធាវី។ លោកស្រី ជឹង សុគន្ធាវី និងលោក ជឹង ធានសេង គឺជាកូនរបស់​លោកស្រី ជឹង សុភាព អគ្គនាយកក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ដែលត្រូវបានគេស្គាល់ថាជាយាយភូ។

លោក ជឹង ធានសេង និងលោក ជឹង ធានគាត គឺជានាយកក្រុមហ៊ុនមួយផ្សេតទៀត ដែលបាន​ទទួលដីទំហំ ៨៥,៧២ ហិកតា នៃឧទ្យានជាតិគិរីរម្យ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នៅក្នុងអនុក្រឹត្យចុងក្រោយបង្អស់។

អនុក្រឹត្យ​នេះ​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា បាន​ផ្ទេរ​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន Den-Dey Eco-Tour សម្រាប់​ការ​អភិវឌ្ឍ​ទៅជាអេកូ​ទេសចរណ៍។

លោកស្រី ជឹង សុគន្ធាវី បានទទួលដីទំហំ ២២២ហិកតា នៅគិរីរម្យ តាមរយៈក្រុមហ៊ុន One More របស់លោកស្រី នៅក្នុងអនុក្រឹត្យពីលើកមុន។

បុរស​ម្នាក់​ដែល​បាន​លើក​ទូរសព្ទ​ បាន​​បដិសេធ​​ថា​ គាត់មិនមែនឈ្មោះ ធានគាត ទេ ខណៈលោក ធានសេង មិន​អាច​ទាក់​ទង​បានឡើយ។ លេខទូរសព្ទដែលធ្លាប់កាន់ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​បាន​ស្ត្រី​ម្នាក់លើក។ លេខទូរសព្ទរបស់លោកស្រី អ៊ឹម ប៉ូលីកា ដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មចំនួន២ខ្សែ មាន​អ្នក​ផ្សេង​លើក​ ដោយ​និយាយ​ថា មិនមែនជាលោកស្រីឡើយ។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង និងអភិបាលខេត្តមណ្ឌ​លគិរី ​លោក ថង សាវុន បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ ដោយ​និយាយ​ថាមិន​ទាន់​បាន​ទទួល​ឯកសារ​នៅ​ឡើយ​ទេ។

អនុក្រឹត្យ​ទី៣ ក៏​បាន​ផ្ទេរ​ដី​ទំហំ ២៩២,០២​ហិកតា​ ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទៅ​ឱ្យ​បុគ្គល​​ឯកជន​ ២​រូប គឺ​ឈ្មោះ ចាន់ សុធី និង​ ម៉េត តុលា ដែល​មិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណបានឡើយ។ អនុក្រឹត្យ​នេះ​បាន​បន្ត​ថា តំបន់​ដែល​ធ្លាប់​បាន​ចាត់​ថ្នាក់​ជា​គម្រប​ព្រៃ​ នឹង​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ។

អភិបាល​ស្រុក​បន្ទាយស្រី លោក រិន ឡូត មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​រឿង​ដី​នោះ​ទេ ព្រោះ​លោក​ទើប​ឡើង​កាន់​តំណែង​ក្នុង​ខែ​នេះ។

ដីនៅបឹងតាមោក ក្នុងរាជធានីភ្នំពេញ ក៏ជាផ្នែកនៃអនុក្រឹត្យនេះផងដែរ៕






No comments:

Post a Comment