Pages - Menu

Friday, February 10, 2023

ចិនផ្ដល់ជំនួយឥតសំណង៣០០លានយ៉ន់ ដល់កម្ពុជាដើម្បីអភិវឌ្ឍផ្លូវដែកនិងពង្រឹងប្រតិបត្តិការ"ត្បូងពេជ្រ" នៃប្រទេសទាំង២!


លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២៣ បាន​ចូលពិភាក្សាការងារជាមួយប្រធានាធិបតីចិនស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ។

សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំប្រទេសទាំង ២ នាថ្ងៃដំបូងនេះផងដែរ គឺមានរយៈពេល ១០០ នាទី ហើយក៏បានសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើនដោយក្នុងនោះ​កម្ពុជា​នឹង​ទទួលបាន​ជំនួយ​ឥតសំណង ៣០០ លានយ៉ន់ ឬប្រមាណ ៤៤,១៤ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវដែក និងលើកកំពស់ជីវភាពប្រជាជនកម្ពុជា។

បន្ថែមពីនោះ លោក ហ៊ុន សែន បាន​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ របស់ចិន​មកលើ​កម្ពុជា​នាពេលកន្លងមក ដែលបាន​ជួយ​លើកកំពស់​វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងប្រទេស​ឲ្យកាន់តែរីកចម្រើនជាងមុន​ថែមទៀត។ នេះបើតាមការចុះផ្សាយពី សារព័ត៌មាន CCTimes។

ដោយឡែក ប្រធានាធិបតីចិនវិញ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការ​និយាយថា “​បើមិនឲ្យខ្ញុំទៅពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា” ដែលនេះ​ប្រៀបដូចជា ការបង្ហាញ​ពី​ចំណង​មិត្តភាព​ដ៏រឹងមាំ​រវាងប្រទេសទាំង ២ ផងដែរ។

សូមបញ្ជាក់ថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណ:ប្រតិភូកំពុងចាកចេញពីសាធារណ:រដ្ឋប្រជាមានិតចិន មកព្រះរាជាណាចក្រកម្ពុជាវិញហើយនៅព្រឹកថ្ងៃ សៅរ៍ ទី១១ កុម្ភ: ២០២៣នេះ៕




No comments:

Post a Comment