លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២៣ បានចូលពិភាក្សាការងារជាមួយប្រធានាធិបតីចិនស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។
សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំប្រទេសទាំង ២ នាថ្ងៃដំបូងនេះផងដែរ គឺមានរយៈពេល ១០០ នាទី ហើយក៏បានសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើនដោយក្នុងនោះកម្ពុជានឹងទទួលបានជំនួយឥតសំណង ៣០០ លានយ៉ន់ ឬប្រមាណ ៤៤,១៤ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវដែក និងលើកកំពស់ជីវភាពប្រជាជនកម្ពុជា។
បន្ថែមពីនោះ លោក ហ៊ុន សែន បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ របស់ចិនមកលើកម្ពុជានាពេលកន្លងមក ដែលបានជួយលើកកំពស់វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងប្រទេសឲ្យកាន់តែរីកចម្រើនជាងមុនថែមទៀត។ នេះបើតាមការចុះផ្សាយពី សារព័ត៌មាន CCTimes។
ដោយឡែក ប្រធានាធិបតីចិនវិញក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការនិយាយថា “បើមិនឲ្យខ្ញុំទៅពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា” ដែលនេះប្រៀបដូចជា ការបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំង ២ ផងដែរ។
សូមបញ្ជាក់ថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណ:ប្រតិភូកំពុងចាកចេញពីសាធារណ:រដ្ឋប្រជាមានិតចិន មកព្រះរាជាណាចក្រកម្ពុជាវិញហើយនៅព្រឹកថ្ងៃ សៅរ៍ ទី១១ កុម្ភ: ២០២៣នេះ៕
0 comments:
Post a Comment