(វ៉ាស៉ីនតោន)៖ ក្នុងកិច្ចប្រជុំកំពូលនាសប្តាហ៍ក្រោយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើការសន្យាអំពីវិធានការសំខាន់ៗបន្ថែមទៀត ដើម្បីសង្កត់ធ្ងន់នូវការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាងត្បូងពីការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។
ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកបានប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុនកិច្ចប្រជុំកំពូលនាថ្ងៃពុធសប្តាហ៍ក្រោយ រវាងលោក បៃដិន និង លោក យូន យ៉ាងដូច្នេះថា «ពួកយើងកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីកូរ៉េខាងត្បូង ក្នុងការអនុវត្តជំហានដែលចាំបាច់ ដើម្បីពង្រឹងការជឿទុកចិត្តរបស់សាធារណជន និងធាតុពិតជាក់ស្តែងការប្តេជ្ញារបស់យើង។ ប្រធានាធិបតី បៃដិន នឹងនិយាយអំពីវិធានការសំខាន់ៗបន្ថែមទៀត ដើម្បីសង្កត់ធ្ងន់អំពីការប្តេជ្ញានោះ ក៏ដូចជាដើម្បីធ្វើបច្ចុប្បន្នភាពវា ក្រោមគោលដៅបង្ហាញឱ្យច្បាស់ថា គ្រប់គ្នាមិនមានមន្ទិលសង្ស័យអ្វីឡើយ ចំពោះការប្តេជ្ញារបស់យើងក្នុងការប្រកៀកស្មាឈរជាមួយកូរ៉េខាងត្បូង នៅចំពោះមុខការបង្កហេតុពីកូរ៉េខាងជើង»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍ របស់លោក យូន ស៊ុកយុល ដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទសប្តាហ៍ក្រោយ កើតឡើងចំគ្រាដែលប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើង បានយល់ឃើញថា ប្រទេសពួកគេគួរតែអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីការពារប្រឆាំងនឹងការវាយប្រហារពីកូរ៉េខាងជើង៕
No comments:
Post a Comment