Pages - Menu

Thursday, April 20, 2023

ប្រមុខអង្គការណាតូ ទៅទស្សនកិច្ចទីក្រុងកៀវជាលើកដំបូងស្ងាត់ៗ!

(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន ព្រមទាំងមន្រ្តីអង្គការណាតូ (NATO) បានអះអាងថា ប្រមុខអង្គការ NATO លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) បានមកដល់ទីក្រុងកៀវកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមិនបានប្រកាសឱ្យដឹងជាមុនឡើយ ដែលវាជាដំណើរទស្សនកិច្ច​លើកដំបូងបំផុតរបស់លោក នៅអ៊ុយក្រែន គិតចាប់តាំងពី ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

សារព័ត៌មានអ៊ុយក្រែន Kyiv Independent បានចុះផ្សាយរូបភាពមួយចំនួន បង្ហាញពីសកម្មភាពរបស់លោក ស្តូលថិនបឺគ នៅទីក្រុងកៀវ ខណៈមន្រ្តីណាតូម្នាក់ក៏បានបញ្ជាក់ដែរថា លោកអគ្គលេខាធិការណាតូ ពិតជាកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនមែន ប៉ុន្តែព័ត៌មានបន្ថែមនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗ។ ក្រុមមន្រ្តីក៏ដូចជាមេដឹកនាំលោកខាងលិចជាច្រើន ដែលបានមកទស្សនកិច្ចនៅ​អ៊ុយក្រែន គឺមិនបានប្រកាសជាសាធារណៈ ឱ្យដឹងជាមុនអំពីគម្រោងធ្វើដំណើរទស្សនកិច្ចរបស់ពួកគេឡើយ ដោយសារហេតុផលសន្តិសុខ។

គួរបញ្ជាក់ថា វត្តមានរបស់លោក ស្តូលថិនបឺគ នៅអ៊ុយក្រែន នាពេលនេះ គឺកើតមានឡើង ស្របពេលដែលសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានអូស​បន្លាយរយៈពេល១៤ខែ ខណៈ NATO ធ្លាប់បានប្តេជ្ញាថានឹងបន្តការគាំទ្រ ដរាបណាអ៊ុយក្រែននៅប្រយុទ្ធតទល់ការឈ្លានពានរបស់រុស្ស៉ី។ ក្នុងខែមេសានេះ លោក ស្តូលថិនបឺគ ក៏បានអញ្ជើញ​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យចូលរួមកិច្ចប្រជុំកំពូល NATO មួយ នៅខែកក្កដា ខាងមុខ ថែមទៀតផង៕





No comments:

Post a Comment