(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មកដល់ថ្ងៃនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា ធ្វើការផ្សព្វផ្សាយព័ត៌មានអំពីសារសំឡេងដែលជាបទបញ្ជាក្នុងការបង្ក្រាបបទល្មើសព្រៃឈើ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ចេញបទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើ ជាបទល្មើសជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ។
គណៈកម្មការជាតិ បានឃើញនិងកត់សម្គាល់ការផ្តល់មតិ ក្នុងបណ្ដាញព័ត៌មានសង្គម មានបុគ្គលខ្លះគាំទ្រ បញ្ចេញមតិក្នុងន័យស្ថាបនា និងបុគ្គលខ្លះទៀតបានបញ្ចេញមតិក្នុងន័យចំអក រិះគន់ ចោទប្រកាន់។ យើងខ្ញុំទទួលយករាល់ការបញ្ចេញមតិទាំងអស់ ដើម្បីរក្សាការពារព្រៃឈើឱ្យបានគង់វង្ស។
សេចក្តីប្រកាសព័ត៌មាន បន្ថែមថា «អ្នកនាំពាក្យគណៈកម្មការជាតិ សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា កិច្ចប្រតិបត្តិការនេះ បានបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន ០៧គ្រឿង គោយន្តកន្ត្រៃចំនួន ១៣គ្រឿង ម៉ូតូចំនួន ០១គ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន ១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី»។
គណៈកម្មការជាតិ សូមបញ្ជាក់ថា កិច្ចការងារជាប្រចាំក្នុងការក្តាប់ព័ត៌មាន ស្រាវជ្រាវទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសព្រៃឈើ គឺថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។ ក្នុងករណីខ្វះកម្លាំង ខ្វះមធ្យោបាយ ថ្នាក់ខេត្ត អាចស្នើសុំមកគណៈកម្មការជាតិ គឺថ្នាក់ជាតិ នឹងផ្តល់កម្លាំង មធ្យោបាយចុះទៅសហការបង្ក្រាបភ្លាម។
ប៉ុន្តែករណីបទល្មើសជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ ខែមេសា មិនមានសេចក្តីរាយការណ៍ ឬការស្នើសុំកម្លាំង មធ្យោបាយពីថ្នាក់ខេត្ត ក្រុង ស្រុក មកថ្នាក់ជាតិនោះទេ គឺថ្នាក់ជាតិទទួលព័ត៌មានច្បាស់ការណ៍ពីជំនាញស្រាវជ្រាវព័ត៌មាន ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទទួលភារកិច្ចពីប្រមុខរាជរដ្ឋាភិបាល សម្រេចបញ្ជាកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបភ្លាមដោយផ្ទាល់ ដោយមិនចាំបាច់ជូនដំណឹងទៅថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីរក្សាការសម្ងាត់ក្នុងការបង្ក្រាបឱ្យមានប្រសិទ្ធភាព ជាលទ្ធផលដូចបានជម្រាបជូនខាងលើ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ អ្នកសារព័ត៌មាន យើងខ្ញុំសូមអំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរ ដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។
សូមជម្រាបថា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់ថា បទល្មើសព្រៃឈើនៅតែកើតមានឡើង ដោយសារតែមន្រ្តីជំនាញមូលដ្ឋានអសកម្ម ហើយខ្មោចស្រុក និងខ្មោចព្រៃត្រូវរ៉ូវគ្នា។ លោកនាយឧត្តមសេនីយ៍ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតប្រើអាវុធបើសិនក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកកងកម្លាំង៕
No comments:
Post a Comment