(សេអ៊ូល)៖ ជាលើកដំបូងបំផុតគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ នាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) មួយគ្រឿងរបស់អាមេរិក នឹងត្រូវចល័តទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួយបង្ហាញពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការការពារប្រទេសអាស៉ីបូព៌ាមួយនេះពីការវាយប្រហាររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។
គម្រោងទស្សនកិច្ចនៃនាវាមុជទឹកខាងលើ ត្រូវបានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួម កំលុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃពុធសប្តាហ៍នេះ។ ដោយសារប្រភេទនាវាមុជទឹក SSBN ពឹងផ្អែកលើភាពសម្ងាត់និងការពួនសំងំ ដើម្បីការពារខ្លួនពីការស្វែងរករបស់សត្រូវ ហើយដើម្បីរក្សានូវសមត្ថភាពបាញ់មីស៉ីលនុយក្លេអ៊ែរ ក្នុងពេលមានសង្រ្គាមនោះ គឺពួកវាកម្រនឹងធ្វើការឈប់សំចតជាសាធាណៈ នៅតាមកំពង់ផែរបស់ប្រទេសដទៃណាស់។
សហរដ្ឋអាមេរិកបានសន្យាថា នឹងដាក់ពង្រាយអាវុធយុទ្ធសាស្រ្តដ៏មានអានុភាពរបស់ខ្លួន ដូចជានាវាផ្ទុកយន្តហោះចម្បាំង នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ ឱ្យញឹកញាប់ជាងមុនមកកាន់កូរ៉េខាងត្បូង ដើម្បីកំញើញកូរ៉េខាងជើង ដែលបានអភិវឌ្ឍមីស៉ីលកាន់មានសមត្ថភាពខ្ពស់ឡើងៗ ដែលអាចបាញ់លើគោលដៅចាប់តាំងពីនៅកូរ៉េខាងត្បូង រហូតដល់សហរដ្ឋអាមេរិក។ ក្រៅពីជាសារព្រមានដល់កូរ៉េខាងជើង ដំណើរទស្សនកិច្ចនៃនាវា SSBN អាមេរិក ក៏ត្រូវមើលឃើញថា ជាមធ្យោបាយដើម្បីពង្រឹងទំនុកចិត្តរបស់កូរ៉េខាងត្បូង ហើយបន្សាបការលើកឡើងនៅទីក្រុងសេអ៊ូល ស្តីពីការចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនផងដែរ។
គួរបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិក កំពុងធ្វើប្រតិបត្តិការនាវា SSBN ចំនួន១៤គ្រឿង ដែលមួយគ្រឿងៗ អាចផ្ទុកមីស៉ីល Trident II D5 ចំនួន២០គ្រាប់ ហើយមីស៉ីលនីមួយៗអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់៨គ្រាប់ ទៅកាន់គោលដៅស្ថិតនៅចម្ងាយអតិបរមា ១២,០០០គីឡូម៉ែត្រ។ ពួកនាវា SSBN របស់អាមេរិក ធ្លាប់ធ្វើការបំពេញទស្សនកិច្ចជាទៀងទាត់ទៅកាន់កូរ៉េខាងត្បូង កំលុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែបានបញ្ឈប់ទៅវិញនៅឆ្នាំ១៩៨១៕
No comments:
Post a Comment