(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលដែលលោកចាកចេញពីនាយករដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីរបៀបធ្វើការរបស់មេឃុំ ស្មៀន ជាពិសេសស្ថានភាពនានានៅក្នុងមូលដ្ឋានជាដើម។
ការបង្ហាញពីបំណងបែបនេះ របស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន សែន អំពាវនាវដល់អ្នកជួយកសាងសាលា ជួយកសាងផ្ទះគ្រូនៅតាមសាលាដែលជួយសង់អគារសិក្សា និងលើកទឹកចិត្តឱ្យមេឃុំនៅតាមឃុំនានា ជួយរៀបចំជាផ្ទះសម្បែងសម្រាប់គ្រូស្នាក់នៅ។
លោក ហ៊ុន សែន បានបង្ហាញបំណងយ៉ាងដូច្នេះថា៖ «ចាំបោះឆ្នោតនៅឆ្នាំ២០២៧ គិតឈរឈ្មោះធ្វើមេឃុំ នៅកន្លែងណាមួយសាកល្បងធ្វើមេឃុំប៉ុន្មានខែមើល រួចហើយចាំលាចេញ អាហ្នឹងក្នុងករណីខ្ញុំលាលែងពីនាយករដ្ឋមន្ត្រី បើមិនក្នុងករណីលាលែងទេណា បើក្នុងករណីដែលមិនទាន់លាលែង...! ខ្ញុំអត់មានសិទ្ធិតែងតាំងមេឃុំទេ ព្រោះមេឃុំតែងតាំងដោយការបោះឆ្នោត ប៉ុន្តែ ក៏ខ្ញុំចង់សាកល្បងដែរ នៅពេលណាដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ជាលទ្ធភាពមួយដែលខ្ញុំអាចទៅឈរឈ្មោះជាមេឃុំ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន បានបន្តថា ការសាកល្បងធ្វើជាមេឃុំក៏អាចបានសិក្សាបន្ថែមពីរបៀបធ្វើការរបស់ស្មៀន និងមន្ត្រីមូលដ្ឋានផ្សេងៗទៀត ព្រមទាំងស្ថានភាពនៅតាមមូលដ្ឋានជាដើម៕
No comments:
Post a Comment