Pages - Menu

Monday, May 15, 2023

គណបក្សចលនាឆ្ពោះទៅមុខ ឈ្នះបានអាសនៈច្រើនជាងគេ ក្រោយការរាប់សន្លឹកឆ្នោតចប់ជាស្ថាពរ!


(បាងកក)៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ នៅថ្ងៃចន្ទនេះ បានបញ្ចប់ជាស្ថាពរហើយនូវដំណើរការរាប់សន្លឹកឆ្នោត ដោយ​បានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ប្រធានគណៈកម្មការបោះឆ្នោតថៃ លោក អ៉ីតទីផន ប៊ូ​នប្រាខុង (Ittiporn Boonpracong) បាននិយាយថា គណបក្ស MFP ឈ្នះបានអាសនៈ​សរុបចំនួន១៥១ ដែលជាចំនួនច្រើនលើសគេ។ បន្ទាប់មកគណបក្ស ភឿថៃ (Pheu Thai) ឈ្នះបាន១៤១អាសនៈ, គណបក្ស ភូមិចាយថៃ (Bhumjaithai) ឈ្នះបាន៧១អាសនៈ, គណបក្ស ប៉ាឡាងប្រាឆារ៉ាត (Palang Pracharath) ឈ្នះបាន៤០អាសនៈ ហើយ​គណបក្ស ថៃរួបរួមជាតិ (United Thai Nation) ឈ្នះបាន៣៦អាសនៈ។ បើតាមលោក អ៉ីតទីផន ៧៥.២២ភាគរយ នៃប្រជាជនមានសិទ្ធិបោះឆ្នោត បាននាំគ្នាចូល​រួមការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ដែលជាកំណត់ត្រាថ្មីមួយ លើសពីកំណត់ត្រាចាស់៧៥.០៣ភាគរយ កាលពីឆ្នាំ២០១១។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទនេះ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថា គណបក្សរបស់លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះ មួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយ គណបក្សគាំទ្រដោយយោធាថៃ ដូចជាគណបក្សរបស់លោកប្រាយុទ្ធ ចាន់អូចា ជាដើម៕

No comments:

Post a Comment