(បាងកក)៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ នៅថ្ងៃចន្ទនេះ បានបញ្ចប់ជាស្ថាពរហើយនូវដំណើរការរាប់សន្លឹកឆ្នោត ដោយបានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។
ប្រធានគណៈកម្មការបោះឆ្នោតថៃ លោក អ៉ីតទីផន ប៊ូនប្រាខុង (Ittiporn Boonpracong) បាននិយាយថា គណបក្ស MFP ឈ្នះបានអាសនៈសរុបចំនួន១៥១ ដែលជាចំនួនច្រើនលើសគេ។ បន្ទាប់មកគណបក្ស ភឿថៃ (Pheu Thai) ឈ្នះបាន១៤១អាសនៈ, គណបក្ស ភូមិចាយថៃ (Bhumjaithai) ឈ្នះបាន៧១អាសនៈ, គណបក្ស ប៉ាឡាងប្រាឆារ៉ាត (Palang Pracharath) ឈ្នះបាន៤០អាសនៈ ហើយគណបក្ស ថៃរួបរួមជាតិ (United Thai Nation) ឈ្នះបាន៣៦អាសនៈ។ បើតាមលោក អ៉ីតទីផន ៧៥.២២ភាគរយ នៃប្រជាជនមានសិទ្ធិបោះឆ្នោត បាននាំគ្នាចូលរួមការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ដែលជាកំណត់ត្រាថ្មីមួយ លើសពីកំណត់ត្រាចាស់៧៥.០៣ភាគរយ កាលពីឆ្នាំ២០១១។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទនេះ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថា គណបក្សរបស់លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះ មួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយ គណបក្សគាំទ្រដោយយោធាថៃ ដូចជាគណបក្សរបស់លោកប្រាយុទ្ធ ចាន់អូចា ជាដើម៕
0 comments:
Post a Comment