Pages - Menu

Saturday, September 30, 2017

​ស្ថានទូត​អាមេរិក​បដិសេធ​ការចោទរបស់លោកហ៊ុន សែនពីការ មិនឈឺឆ្អាលនឹងគ្រាប់គីមី នៅ ខេត្តស្វាយរៀង


លោកវីលៀម ហៃដ៍ ស្នើឲ្យលោក លោកហ៊ុន សែន ដាក់សំណើផ្លូវការក្នុងការឲ្យ
អាមេរិកជួយកំទេចគ្រាប់បែកគីមី នៅខេត្តស្វាយរៀង។

ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជាបដិសេធ​ ការចោទរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីការមិន ឈឺឆ្អាលនឹងគ្រាប់គីមី គប់ក្ន​ុងដីនៅខេត្តស្វាយរៀង។
នៅពេលថ្មីៗនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ឲ្យ​អាមេរិក​ជា​សាធារណៈ​ថា មិនដែល​អើពើ​នឹង​ការ​ស្នើ​សុំ​របស់​លោក​ឲ្យ​ជួយ​សម្អាត និង​ប្រមូល​យក​គ្រាប់​គីមី​កប់​ក្នុង​ដី​នៅ​ខេត្ត​ស្វាយរៀង បើ​ទោះ​ជា​លោក​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​ស្លាប់​ក៏ដោយ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ លោក អារ៉ែន ស្វាត៍ចេស្ស (Arend Zwartjes) ឲ្យ​​ដឹង​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ​ថា ស្ថានទូត​មិនដែល​ធ្លាប់​ទទួល​បាន​សំណើ​ជា​ផ្លូវការ​ណាមួយ ពី​រដ្ឋាភិបាល​កម្ពុជា​ម្ដង​ណា​ឡើយ ឲ្យ​ជួយ​សម្អាត និង​ដោះ​គ្រាប់​គីមី​នៅ​ខេត្ត​ស្វាយរៀង​នេះ បើ​ទោះ​ជា​មន្ត្រី​ជំនាញ​របស់​អាមេរិក​ធ្លាប់​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​ដង ចាប់​តាំង​ពី​ពេល​ដែល​គ្រាប់​គីមី​នេះ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ដើម​ឆ្នាំ​២០១៧ នេះ​ក៏ដោយ។
លោក អារ៉ែន ស្វាត៍ចេស្ស បញ្ជាក់​បន្ថែម​ថា យើង​ជឿ​ជាក់​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​អាច​ដោះ ស្រាយ​បញ្ហា​ដោះ​គ្រាប់​គីមី​នេះ​បាន ដោយសារ​តែ​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ផ្តល់​ការ​បណ្តុះបណ្តាល និង​ការ​គាំទ្រ​យ៉ាង​ច្រើន​នា​ពេល​កន្លងមក។ ភ្នាក់ងារ​ការពារ​ជាតិ​រដ្ឋ​អាយដាហូ (Idaho State National Guard) និង​កងទ័ព​ម៉ារីន​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (Marine Forces Pacific) ធ្លាប់​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជាក់លាក់​អំពី​ដំណើរការ​នៃ​ការ​ដោះ​គ្រាប់​គីមី​ប្រភេទ​នេះ ដល់​កង​យោធពល​ខេមរភូមិន្ទ កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​២០១៦ ដែល​កាល​ណោះ មានការ​ធ្វើ​លំហាត់​សម​នៅ​ខេត្ត​មណ្ឌលគិរី។
យ៉ាងណាក៏ដោយ លោក​បញ្ជាក់​ថា ស្ថានទូត​សហរដ្ឋអាមេរិក រីករាយ​នឹង​ពិចារណា​សំណើ​សុំ​ជំនួយ​បន្ថែម​ណាមួយ ប្រសិនបើ​មានការ​ស្នើ​ឡើង​ពី​រដ្ឋាភិបាល​ជា​ផ្លូវការ។ លោក​ថា សហរដ្ឋអាមេរិក​មាន​មោទនភាព​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ដោយ​ជោគជ័យ​ជាមួយ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ កាលពី​សម័យ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា​នេះ។ ក៏ប៉ុន្តែ លោក​កត់ សម្គាល់​ឃើញ​ថា គម្រោង​ដោះ​មីន​មនុស្សធម៌​ចំនួន​បី​ដែល​ត្រូវ​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​លុបចោល​ទៅវិញ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​សម​យុទ្ធ​យោធា​រួមគ្នា​ជាមួយ​អាមេរិក។
មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ដដែល​នេះ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ស្ថានទូត​ពុំ​មាន​ការជំទាស់​ឡើយ ប្រសិនបើ ស៊ីម៉ាក់ (CMAC) នឹង​ត្រូវ​យក​ថវិកា​មួយ​ចំនួន​នៃ​ទឹកប្រាក់​ចំនួន ២ លាន​ដុល្លារ​អាមេរិក ដែល​សហរដ្ឋអាមេរិក​ផ្ដល់​ឲ្យ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រើប្រាស់​លើ​ការ​ដោះ​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ​នានា សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​បេសកកម្ម​ដោះ​គ្រាប់បែក​គីមី​នេះ។
ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ខាង​លើ​នេះ ផ្ទុយ​គ្នា​ស្រលះ​ទៅ​នឹង​ការ​ដែល​លោក ហ៊ុន សែន អះអាង​ក្នុង​ជំនួញ​វោហារសាស្ត្រ​ប្រឆាំង​អាមេរិក​ជាប្រចាំ របស់​លោក កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ថា សហរដ្ឋអាមេរិក​មិនដែល​អើពើ​នឹង​ការ​ស្នើ​សុំ​របស់​លោក ឲ្យ​ជួយ​សម្អាត និង​ប្រមូល​យក​គ្រាប់បែក​គីមី​កប់​ក្នុង​ដី​ទាំងនេះ​ចេញ​ឡើយ។
លោកថា៖ «ឥឡូវ គ្រាប់បែក​គីមី​នេះ វា​នៅ​ខេត្ត​ស្វាយរៀង​របស់​យើង អញ្ចឹង​ដើម្បី​យក​វា​ចេញ​ត្រូវ​ជម្លៀស​ប្រជាជន​ប៉ុន្មាន​ពាន់​នាក់ ប៉ុន្មាន​ពាន់​គ្រួសារ​នោះ បើ​ទោះ​បី​យ៉ាងម៉េច​ក៏ដោយ នេះ​ជា​បញ្ហា​របស់​យើង។ ខ្ញុំ​បាន​និយាយ​ថា សុំ​ឲ្យ​អាមេរិក​មក​យក ប៉ុន្តែ​ចាំ​ទៅ ដេក​ទាល់តែ​ថ្ងៃ​ងាប់​ទៀត ក៏​មិនទាន់​អាមេរិក មក​យក​ដែរ​គ្រាប់​[​បែក​]​ហ្នឹង​នោះ អញ្ចឹង​ទេ សុវត្ថិភាព​ខ្លួនឯង យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​គណៈកម្មការ​ជាតិ អាវុធ​គីមី​របស់​យើង»
ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ដោះ​គ្រាប់​គីមី​២​គ្រាប់​បន្សល់ទុក​ក្នុង​ឃុំ​គគីរ នេះ​ដែរ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់ និង​អាជ្ញាធរ​អាវុធ​គីមី នឹង​បើក​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​នេះ នៅ​ដើម​សប្ដាហ៍​ក្រោយ​។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ស្ដាប់​តាម​ការណែនាំ​របស់​មន្ត្រី​អាជ្ញាធរ​គីមី និង​មន្ត្រី​ស៊ីម៉ាក់។
យ៉ាងណាក៏ដោយ លោក ហេង រតនា មិនបាន​បញ្ជាក់​ថា តើ​ប្រតិបត្តិការ​នេះ នឹង​ត្រូវ​ជម្លៀស​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះ​ឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា តាម​គោលការណ៍​សុវត្ថិភាព ចាំបាច់​ត្រូវ​ជម្លៀស​មនុស្ស​តាម​ការកំណត់​ចម្ងាយ​សុវត្ថិភាព និង​ហានិភ័យ​ដែល​អាច​បង្ក​ដោយ​គ្រាប់​គីមី​ទាំងនេះ។
កន្លង​មក អាជ្ញាធរ​ខ្មែរ​អះអាង​ថា យ៉ាងហោចណាស់ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជិត ៣​លាន​តោន កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​៧០ ក្នុង​សម័យ​សង្គ្រាម​វៀតណាម។ ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៩០ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៦០​លាន​ដុល្លារ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ដោះ​មីន និង​គ្រាប់បែក​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​នេះ។ ឯកអគ្គរដ្ឋទូត​អាមេរិក​លោក វីល្លៀម ហៃដ៍ (William Heidt) ធ្លាប់​លាតត្រដាង​ថា ពាក់​កណ្ដាល​នៃ​ទឹកប្រាក់​នេះ ត្រូវ​បាន​ប្រើ​សម្រាប់​លុបបំបាត់​យុទ្ធភណ្ឌ​ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ លោក​អះអាង​ថា ប្រាក់​ចំនួន​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស ពោល​គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក។
ក្នុង​ព័ត៌មាន​ដាច់ដោយឡែក​មួយទៀត ស្ថានទូត​អាមេរិក​ក៏បាន​ឲ្យ​ដឹង​បន្ថែម​ដែរ​ថា ស្ថានទូត​បាន ទទួល​រួចហើយ​កំណត់​ទូត​របស់​ក្រសួងការបរទេស ជូនដំណឹង​ជា​ផ្លូវការ​អំពី​ការ ផ្អាក​បេសកកម្ម​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម។
ការ​និយាយ​ថ្លែង​ពី​រឿង​គ្រាប់បែក​អាមេរិក​កាលពី​សម័យ​សង្គ្រាម​នេះ ស្ទើរ​តែ​ក្លាយ​ជា​ប្រធានបទ​ដែល​លោក ហ៊ុន សែន លើក​មក​និយាយ​ស្ទើរ​តែ​ជាប្រចាំ​ទៅ​ហើយ នៅ​រៀងរាល់​ពេល​ដែល​លោក​ថ្លែង​សារ​ជា​សាធារណៈ​ក្នុង​ឆ្នាំ​២០១៧​នេះ។ ការ​រក​ឃើញ​គ្រាប់បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង​នេះ ហាក់​គាប់​ជួន​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​សង្គ្រាម​ពាក្យ​សម្ដី និង​បង្កើន​វោហារសាស្ត្រ​ប្រឆាំង​អាមេរិក​តាំងពី​ដើម​ឆ្នាំ​២០១៧​នេះ​មក។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកកម្រឆ្លើយតបនឹងការវាយប្រហារដោយពាក្យសំដីរបស់លោកហ៊ុន សែនវិញ ណាស់៕

  
មន្ត្រី​ស៊ីម៉ាក់ កម្ពុជាចាប់ផ្តើមដោះគ្រប់បែកគីមីនៅខេត្តស្វាយរៀង យកទៅកំទេច
ចោល ដោយខ្លួនឯង។

No comments:

Post a Comment