Pages - Menu

Tuesday, September 26, 2017

អ្នកស្លាប់៨នាក់នៅខេត្ត​កំពង់ធំដោយសារ «ដង្ហូវព្រូនទ្រីស៊ី ណែឡា» នៅក្នុងសាច់ជ្រូកព្រៃដែល ពួកគេបរិភោគ

មន្ត្រីសាលាខេត្តកំពង់ធំ ផ្តល់អំណោចខ្លះៗជូនគ្រួសាររងគ្រោះដោយសារ
«ដង្ហូវព្រូនទ្រីស៊ីណែឡា»  សម្លាប់នៅពេលថ្មីៗនេះ។

ក្រសួងសុខាភិបាលរកឃើញថា អ្នកស្លាប់ចំនួន​៨នាក់ដែលជាមន្ត្រីអភិរក្សសត្វព្រៃនៅ ក្នុងខេត្ត កំពង់ធំ​បន្ទាប់ពីការបរិភោគសាច់សត្វជ្រូកព្រៃមិនឆ្អិតល្អនោះគឺ បណ្តាលមកពីមេរោគមួយប្រភេទ ដែលមានឈ្មោះថា «ដង្ហូវព្រូនទ្រីស៊ីណែឡា» ឆ្លងតាមរយៈសាច់មិនឆ្អិតល្អ។​
ក្នុងសេចក្តីប្រកាសរបស់ក្រសួងចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រោគសញ្ញានៃជំងឺដង្កូវ ព្រូនទ្រីស៊ីណែឡា មានដូចជា ក្អួតចង្អោរ រាករូស អស់កម្លាំង គ្រុនក្តៅ ឈឺពោះ ឈឺក្បាល ក្អក រមាស់ស្បែក ឈឺសន្លាក់និងសាច់ដុំ ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃនិងជើង) រាក និងទល់លាមក ក្នុងអំឡុងពេល ១ឬ២ថ្ងៃបន្ទាប់ពីឆ្លងជំងឺនេះចូលក្នុងខ្លួន។​
ក្រសួងបន្តទៀតថា ក្រោយពេលទទួលទានសាច់ដែលមានដង្កូវព្រូននេះ ចាប់ផ្តើមពី ២ទៅ ៨ សប្តាហ៍​ មានរោគសញ្ញាធ្ងន់ធ្ងូរ ដូចជា ពិបាកធ្វើចលនា មានបញ្ហាដល់បេះដូងនិងដង្ហើម​ សួត ថ្លើម និងខួរក្បាលជាដើម ពិសេសអាចបណ្តាលឲ្យស្លាប់ផងដែរ។
ក្រសួងសុខាភិបាលបានបន្ថែមទៀតថា ការឆ្លងរាតត្បាតនៃជំងឺខាងលើ គឺស្ថិតនៅតំបន់ព្រៃឡង់ ភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកអូរសណ្តាន់ ខេត្តកំពុងធំ។
ក្រសួងសុខាភិបាល កំពុងធ្វើការតាមដាន និងជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍របស់ជំងឺ ដង្កូវព្រូនទ្រីស៊ីណែឡា (ទ្រីស៊ីណែឡូស៊ីស)នេះ តាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ក្រសួងប្រកាសឲ្យសាធារណៈជនទាំងអស់ ត្រូវផ្តល់ព័ត៌មានបន្ទាន់តាម លេខទូរសព្ទទាន់ហេតុការណ៍ ១១៥ (ឥតគិតថ្លៃ) ឬទំនាក់ទំនងទៅក្រសួងសុខាភិបាលផ្ទាល់ តាមរយះលោក លី សូវ៉ាន់ ទូរស័ព្ទលេខ ០១២​ ៨២៥ ៤២៤៕

No comments:

Post a Comment