ក្រុមមេធាវីការពារក្តី លោក កឹម សុខាដើរចេញពីសវនាការ កាលពីព្រឹកថ្ងៃ ទី ២៦
កញ្ញា ឆ្នាំ ២០១៧។
សាលាឧទ្ធរណ៍ បានបង្គាប់ឲ្យបន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទៅតាមការសម្រេច របស់សាលាដំបូងរាជភ្នំពេញដដែល ដោយសម្រចច្រានចោលបណ្តឹងជំទាស់ របស់ក្រុមមេធាវី ការពារក្តីឲ្យមេបក្សប្រឆាំងរូបនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ ឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង នាខេត្តត្បូងឃ្មុំកាលពីដើមខែកញ្ញានេះចោទពីបទ«ក្បត់ជាតិ» ទៅតាមការចោទរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែនីតិវិធីបញ្ជូនទៅឃុំខ្លួននេះ ត្រូវក្រុមមេធាវីការពារក្តី លោក កឹម សុខា ប្តឹងទាស់ ទៅសាលាឧទ្ធរណ៍ ស្វែងរកយុត្តិធម៌ ដោយអះអាងថា ការបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងនោះ បានរំលោភអភ័យឯកសិទ្ធិសភា របស់កូនក្តី។
នៅថ្ងៃទី២៦ ខែកញ្ញានេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ទាំង៦នាក់ បានដើរចេញពីបន្ទប់ សវនាការ ក្រោយពីចូលរួមតតាំងជាមួយចៅក្រមរយៈពេល២ម៉ោង ដើម្បីទាមទារឲ្យលើកពេល សវនាការ ដោយសំអាងថា អវត្តមានកូនក្តី ប៉ុន្តែចៅក្រមមិនព្រមហើយនៅតែបន្តសវនាការទៀត។ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានប្រប្រកាសច្រានចោលការទាមទារ របស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា។
អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ បានបញ្ជាក់ដូចនេះថា៖ «សាលាឧទ្ធរណ៍គេតម្កល់ដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។បានន័យថា ឲ្យបន្តឃុំខ្លួន [លោក កឹម សុខា]»។
មេធាវីការពារមួយរូប គឺ លោក សំ សុគង់ ហៅការសម្រេច របស់ សាលាឧទ្ធរណ៍នេះថា ជាការសម្រេចមួយ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកទេ ដោយអះអាងថា អវត្តមានកូនក្តី ក្នុងសវនាការ ជាការបាត់ឱកាសបកស្រាយពីភាពស្អាតស្អំ ជំទាស់ទៅនិងបទចោទប្រកាន់។
ទោះជាយ៉ាងណា រដ្ឋាភិបាល អះអាងថា ការចាប់ខ្លួន លោក កឹម សុខា ជាវិធានការច្បាប់។ ប៉ុន្តែសហគមន៍អន្តរជាតិ មានសហភាពអឺរុប បារាំង អាលឺម៉ង់ អង់គ្លេសនិងសហរដ្ឋអាមេរិកផង នោះ ហៅការចាប់ខ្លួននេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះលែង លោកកឹម សុខាជាបន្ទាន់ ដោយថា ដើម្បីឲ្យដំណើរការបោះឆ្នោតខាងមុខ ដំណើរការទៅដោយសេរី ត្រឹម ត្រូវ និងយុត្តិធម៌។
ក៏ប៉ុន្តែការប្រតិកម្មរបស់បណ្តាប្រទេសលោកសេរីទាំងនោះ ហាក់បីដូចជាថមថយទៅវិញ បន្ទាប់ពី ឃើញរដ្ឋអំណាចរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមរិកលោក ដូណាល់ ត្រាំបានចាប់ វ៉ៃខ្នោះចៅក្រុងញ៉ូវយ៉ក និងតំណាងរាស្ត្រអាមេរិក៣រូបទៀត ខណះពួកគេគ្រាន់តែមកឈរ តវ៉ាជា មួយពលរដ្ឋអាមេរិកាំងរាប់រយនាក់ទៀតនៅខាងមុខអគារពាណិជ្ជកម្មរបស់លោកត្រាំ (Trump’s Tower) នៅក្នុងក្រុងញ៉ូវយ៉កតែប៉ុណ្ណោះ៕
No comments:
Post a Comment