លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក ហាក់បីដូចជាដកថយ មួយជំហានវិញ ពីការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ រួចហើយយកអសនះចំនួន៥៥ នៅ ក្នុងរដ្ឋសភារបស់គណបក្សប្រឆាំងដ៏ធំមួយនេះ ទៅចែកឲ្យគណបក្សតូចៗគ្មានកៅអីនៅក្នុង ស្ថាប័នជាតិកំពូលមួយនេះ ដូចជាគណបក្សហ៊្វុនស៊ិនប៉ិច របស់ទ្រង់នរោត្តម រណឬទ្ធិ និងគណ បក្សយុវជនកម្ពុជា របស់ពេជ្រ ស្រស់ជាដើម។
ការដកថយពីផែនការរំលាយគណបក្សសង្គ្រោះជាតិនេះ គឺស្តែងចេញពីកិច្ចប្រជុំសភាកាលពីថ្ងៃ
ទី ១២ តុលា ដោយសភាមិនបានពិភាក្សាលើសេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដើម្បីដកហូតអាសនៈបក្សប្រឆាំងនៅពេលរំលាយចោល យកទៅចែកគណបក្សផ្សេងៗទៀតនោះ ទេ។
រដ្ឋសភាបែរជាបើកកិច្ចប្រជុំអនុម័ត លើច្បាប់មួយចំនួនផ្សេងវិញកាលព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ ២០១៧។
ក្រោយរងសម្ពាធពីអន្តរជាតិ ដែលចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់គ្នា ប្រាប់ទៅរដ្ឋាភិបាលឲ្យ បញ្ឈប់ផែនការកម្ទេចគណបក្សប្រឆាំងតាមចិត្តនឹកឃើញរបស់លោកហ៊ុន សែន។ នៅថ្ងៃទី១២ ខែតុលានេះ សភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា មិនទាន់យកវិសោធនកម្មច្បាប់ចំនួន៤ មកអនុម័តក្នុងកិច្ចប្រជុំ សភានៅឡើយទេ។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឲ្យសារព័ត៌មានដឹងថា សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤នេះ ទើបបញ្ជូនទៅដល់ដៃគណៈកម្មាធិការជំនាញរដ្ឋសភា ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានត្រួតពិនិត្យ។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ របស់លោក ប៉ែន បញ្ញា ជាអ្នកទទួលបន្ទុកដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ មុននឹងត្រូវបញ្ជូនទៅអង្គសភាដើម្បីអនុម័ត។
លោក ឡេង ប៉េងឡុងមិនទាន់អាចបញ្ជាក់ថា សេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះ នឹងត្រូវសភាប្រជុំអនុម័តនៅពេលណានៅឡើយទេ។
សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដែលមានខ្លឹមសារដកហូតអាសនៈគណបក្សដែលត្រូវរំលាយ យកទៅចែកឲ្យគណបក្សដទៃទៀតនោះ រួមមាន៖ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួននេះ គឺដើម្បីយកអសនៈរបស់គណបក្ស ដែលត្រូវតុលាការរំលាយ ទៅចែកឲ្យគណបក្សផ្សេងៗ។
ក្នុងកិច្ចប្រជុំសភាលើកទីមួយនៃការបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេងផងនោះ សភាក៏បានលើកឡើងរបៀបវារៈចំនួន៦ ដើម្បីអនុម័តទាក់ទងវិស័យពាណិជ្ជកម្ម និងសេចក្ដីព្រាងស្ដីពីទំនាក់ទំនងអន្តរជាតិ ក្នុងពេលនោះសភាក៏ទទួលបានព្រះរាជសារព្រះមហាក្សត្រមួយផងដែរ។
ចំណែកសមាជិកសភាគណបក្សសង្គ្រោះជាតិវិញ មិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ ដោយក្រុម តំណាងរាស្ត្របក្សប្រឆាំងគិតថា រដ្ឋសភានឹងអនុម័តច្បាប់ចំនួន៤ ដែលឈានទៅរំលាយ គណបក្សខ្លួនចោល។
ចំណែកលោក សុន ឆ័យប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានអះអាងថា មាន មន្ត្រីជាន់ខ្ពស់ស្ថានទូតបរទេសមួយរូប បានបញ្ជាក់ប្រាប់លោកថា " រដ្ខាភិបាលនិងគណបក្ស ប្រជាជនកម្ពុជារបស់លោក ហ៊ុន សែនមិនហ៊ានរំលាយគណបក្សសង្គ្រោះជាតិចោល រួចប្លន់យក អសនះក្នុងសភាចំនួន៥៥ ទៅចែកឲ្យគណបក្សតូចៗនោះទេ"។
ក៏ប៉ុន្តែភ្លាមៗនោះ លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខបដិសេធ ការអះអាងរបស់លោកសុខ ឆ័យបែបនេះ រួចមកហើយដែរ៕
No comments:
Post a Comment