Pages - Menu

Friday, October 20, 2017

លោកហ៊ុន សែនមិនមែនមិនព្រួយបារម្ភពីសម្ពាធអន្តរជាតិ នាពេលនេះនោះទេ


ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមមន្ត្រីនាំពាក្យរបស់លោក ដូចជាលោកសុខ ឥសាន និងលោក ផៃ ស៊ីផានជាដើម មិនទាន់ហ៊ានប្រតិកម្មទៅនឹងការអនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ពីសំណាក់ សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU តំណាង​ឲ្យ​រដ្ឋសភា​មកពី ១៧៣​ប្រទេស​នៅ​ទូទាំង​ពិភពលោក នៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃ សុក្រនេះ។ ការរក្សាភាពស្ងៀមស្ងាត់បែបនេះ បង្ហាញថា លោកហ៊ុន សែននិងក្រុមមន្ត្រី របស់លោក ក៏មាន ការព្រួយបារម្ភពីចំណាត់ការចុងក្រោយរបស់សភាពិភពលោកនេះដែរ។
សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU តំណាង​ឲ្យ​រដ្ឋសភា​មកពី ១៧៣​ប្រទេស​នៅ​ទូទាំង​ពិភព លោក បាន​អនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ចាស់ដៃ ដែល​បាន​ធ្វើ​យុទ្ធនាការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត មក​លើ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​នៅ​កម្ពុជា រហូតធ្វើឲ្យតំណាងរាស្ត្របក្សប្រឆាំង មួយចំនួនធំ មិនហ៊ាននៅក្នុងប្រទេសទៀតផង។
យុទ្ធនាការបង្ក្រាបរបស់លោកហ៊ុន សែនមកលើគណបក្សប្រឆាំងនេះ ក៏ជំរុញឲ្យសហភាព​អន្តរ​សភា IPU បាន​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង នៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​មក​លើ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​ប្រទេស​កម្ពុជា និង​កង្វះ​នូវ​ការ​ឆ្លើយ​តប​ច្បាស់ លាស់ និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា និង​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​សន្និបាត​លើក​ទី​១៣៧​នេះ ចំពោះ​ករណី​ដែល​រដ្ឋាភិបាល​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​នេះ។
ឆ្លើយតប​នឹង​សំណួរ​របស់​ប្រធាន​សហភាព​អន្តរ​សភា IPU លោក សាបឺ ហ៊ូសេន ចូវដូរី (Saber Hossain Chowdhury) ជុំវិញ​ករណី​ថា តើ​ការ​ធ្វើ​វិសោធនកម្ម​ចុងក្រោយ​លើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ចំនួន​៤ រួម​ទាំង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​ជា​ការ​សំដៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែរ ឬ​យ៉ាងណា​នោះ លោក យ៉ង់ សែម សមាជិក​ព្រឹទ្ធិ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​សន្និបាត​នេះ បាន​ផ្តល់​ចម្លើយ​អល់អែក​ហាក់​មិន​ច្បាស់លាស់​ថា ដោយសារតែ​ពេលនេះ​លោក​កំពុង​ចូលរួម​ក្នុង​សន្និបាត​នេះ លោក​ពុំបាន​ទទួល​ដំណឹង​ណាមួយ​អំពី​លទ្ធផល​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ឡើយ។ លោក យ៉ង់ សែម ព្យាយាម មិន​ឆ្លើយ​ចំៗ​ទៅ​នឹង​សំណួរ​ថា តើ​លោក​នឹង​បោះឆ្នោត​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ទាំង​នេះដែរឬទេ ដោយ​ដោះសា​រថា លោក​មិន​បាន​ឃើញ​អត្ថបទ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ឡើយ។
ប្រធានអង្គសន្និបាតសួរថា «សំណួរ​៖ បាទ​! យើង​ចង់​និយាយ​ឲ្យ​ច្បាស់លាស់​ទៅ​កម្ពុជា ថា​យើង​គាំទ្រ​ស្ថាប័ន​សភា​ប្រទេស​នេះ ប៉ុន្តែ​ប្រសិនបើ​លោក​នឹង​ធ្វើ​ច្បាប់​ទាំងនេះ ដើម្បី​ជា​ការ​រំលាយ​គណបក្សប្រឆាំង​តែមួយគត់​នៅ​កម្ពុជា ហើយ​មិនមែន​តែ​រឿង​ហ្នឹង​ទេ គណបក្ស​សង្គ្រោះជាតិ​មាន​អាសនៈ​រហូតដល់​ទៅ ៥៥ អាសនៈ​ឯណោះ ហើយ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​ទាំងនេះ គ្រោង​នឹង​យក​អាសនៈ​អស់ទាំង​នេះ​ទៅ​ចែកចាយ​ឲ្យ​គណបក្ស​នយោបាយ​តូចតាច​ដែល​បាន​ចាញ់​ឆ្នោត​។ ដូចដែល​យើង​ដឹង​ហើយ រដ្ឋាភិបាល​កម្ពុជា​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តើ​លោក​គិត​ថា ទង្វើ​បែបនេះ ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការអនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​ដែរ​ឬទេ​?
ចម្លើយ​ ដូចដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាងដើម​នេះ​ហើយ​លោក​ប្រធាន ខ្ញុំ​ពុំបាន​ឃើញ​សេចក្ដី​ព្រាង​វិសោធនកម្ម​ទាំងនោះ​នៅឡើយ​ទេ ហើយ​ថា យើង​នឹង​សម្របសម្រួល​ទស្សនកិច្ច​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អ្នកតំណាងរាស្ត្រ​របស់​សហភាព​អន្តរ​សភា ដោយសារតែ​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​ទស្សនកិច្ច​ស្វែងរក​ការពិត​នៅ​កម្ពុជា។ ដូច្នេះ យើង​នឹង​សម្របសម្រួល​ទស្សនកិច្ច​នេះ។ យើង​ដឹង​ហើយ​ថា ដូចដែល​សហការី​របស់​ខ្ញុំ​លើកឡើង​ហើយ យើង​ពុំបាន​ដេញ​តាម​ចាប់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំងនេះ​ទេ។ ពួកគេ​រត់គេច​ខ្លួន​ដោយ​ខ្លួនឯង​ទេ ហើយ​ពួកគេ​អាច​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ពេល​ណា​ក៏បាន តាម​ដែល​ពួកគេ​ចង់​។ នេះ​គឺជា​ការធានា​របស់​យើង»
សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តំណាងរាស្ត្រ របស់​សហភាព​អន្តរ​សភា IPU ដែល​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នៅមុន​ពេល​បិទ​បញ្ចប់​សន្និបាត​សហភាព​អន្តរសភា IPU លើក​ទី​១៣៧ ធ្វើឡើង​នៅ​ទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី ថា ចម្លើយ​ផ្ដល់​ដោយ​គណៈប្រតិភូ​កម្ពុជា ពី​ខាង​លើ​នេះ ជា​ការ​មិន​ច្បាស់លាស់ និង​មិន​អាច​ជឿ​បាន។ សហភាព​អន្តរ​សភា IPU បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​បញ្ឈប់​ជាបន្ទាន់​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ មនុស្ស​ជា​មូលដ្ឋាន​នានា មក​លើ​ក្រុម​សមាជិក​តំណាងរាស្ត្រ​គណបក្សប្រឆាំង ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​នានា ព្រមទាំង​ផ្ដល់​នូវ​ការធានា​សមស្រប​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​ថា ក្រុម​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះជាតិ​ ដែល​បាន​រត់​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​បាន​ដោយ​សុវត្ថិភាព ពុំ​មាន​ការ​ពន្យា​ពេលណា​មួយ​ឡើយ ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន​ក្នុង​គណបក្ស​សង្គ្រោះជាតិ និង​អាច​ធ្វើ​យុទ្ធនា​ការឃោសនា ដោយ​សេរី​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដែល​ខិត​ជិត​ចូល​មកដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​ពុំ​មាន​ការភ័យខ្លាច​ចំពោះ​ការ​ចាប់ខ្លួន​បន្ថែម​ណាមួយ​ឡើយ ឬ​ការ​រំលាយ​គណបក្សប្រឆាំង​តែមួយគត់​ក្នុង​រដ្ឋសភា។
សហភាព​អន្តរ​សភា ដាស់តឿន និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​នានា​ជាបន្ទាន់​មក​លើ​រូបលោក កឹម សុខា ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​បំពេញ​មុខងារ​ជា​អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណបក្សប្រឆាំង ដោយ​មិន​ត្រូវ​មាន​ការ​ពន្យា​ពេល និង​រឹតត្បិត​ណាមួយ​ឡើយ។
សហភាព​អន្តរ​សភា IPU ដដែល​នេះ ផ្ដល់​សេចក្ដី​សន្និដ្ឋាន​ថា វីដេអូ​ឃ្លីប​អំពី​សុន្ទរកថា​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​មក​ប្រើ​ប្រាស់​ជា​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា ពុំ​មាន​ខ្លឹមសារ​ណាមួយ​ទាល់​តែ​សោះ ដែល​អាច​ចាត់ទុកថា លោក កឹម សុខា បាន​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​នោះទេ។ សហភាព​អន្តរ​សភា IPU គូស​បញ្ជាក់​ថា គ្មាន​ចំណុច​ណាមួយ​ក្នុង​វីដេអូ​ឃ្លីប​ដាក់​បន្ទុក​នេះ ដែល​ថា​លោក កឹម សុខា បាន​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម ឬ​ប្រើប្រាស់​អំពើ​ហិង្សា ឬ​ពាក្យពេចន៍​ប្រមាថ បង្ខូច​កេរ្តិ៍ឈ្មោះឡើយ។ សហភាព​អន្តរ​សភា IPU ក៏បាន​លើកឡើង​ដែល​ថា លោក កឹម សុខា បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា លោក​មាន​គោលបំណង​ក្នុង​ការ​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​តាមរយៈ​ការ​ឈ្នះ​ការ​បោះ ឆ្នោត។
សហភាព​អន្តរ​សភា IPU ពិចារណា​ឃើញ​ថា ហេតុ​ដូច្នេះ​ហើយ សេរីភាព​នៃ​ការ​បញ្ចេញមតិ របស់​លោក កឹម សុខា ត្រូវ​បាន​គេ​រំលោភ​យ៉ាង​ជាក់ច្បាស់ នៅ​ក្នុង​ករណី​នេះ។ សហភាព​អន្តរ​សភា IPU ថា ខ្លួន​ពិតជា​មានការ​រន្ធត់​ក្រៃលែង​ដែល​ថា វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​ភស្តុតាង​នៃ​អំពើ​ក្បត់ជាតិ​របស់​លោក កឹម សុខា ហើយ​ដែល​ករណី​នេះ លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​៣០​ឆ្នាំ។ សហភាព​អន្តរ​សភា IPU ក៏បាន​ព្រមាន​ផង​ដែរ​ចំពោះ​ការរំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក កឹម សុខា យ៉ាង​ជាក់ច្បាស់ ព្រោះថា​លោក​ពុំបាន​ប្រព្រឹត្តិ​អំពើ​បទល្មើស​ជាក់ស្ដែង​ឡើយ។
សេចក្ដី​សម្រេច​របស់​សហភាព​អន្តរ​សភា IPU ស្នើ​ឲ្យ​អគ្គលេខាធិការ​របស់​ខ្លួន​ចាត់វិធានការ​សមស្រប​គ្រប់​បែប​យ៉ាង ដើម្បី​រៀបចំ​ឲ្យ​មាន​នូវ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត ដឹកនាំ​ដោយ​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អ្នកតំណាងរាស្ត្រ​របស់ IPU មកកាន់​ប្រទេស​កម្ពុជា ដើម្បី​អាច​ឲ្យ​គណៈប្រតិភូ​នេះ ចូល​ជួប​សួរសុខទុក្ខ​ជាមួយ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​បាន​ដោយ​ផ្ទាល់។ សភា​សហភាព​អន្តរ​សភា IPU អំពាវនាវ​ឲ្យ​រដ្ឋសភា​ជាតិ​កម្ពុជា សម្របសម្រួល​ទស្សនកិច្ច​នេះ ឲ្យ​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះ លែង​លោក កឹម សុខា និង​ទម្លាក់​ចោល​បទចោទប្រកាន់​នានា​ប្រឆាំង​នឹង​លោក។
សេចក្ដី​សម្រេច​របស់​សហភាព​អន្តរ​សភា ក៏​មិន​បាន​បំភ្លេច​រំលឹក​អំពី​ការ​អនុលោម​តាម​គោល ការណ៍ និង​គុណ​តម្លៃ ដែល​ការពារ​ដោយ​សហភាព​អន្តរ​សភា ដូចដែល​មាន​ចែង​ក្នុង​សេចក្ដី ថ្លែងការណ៍​ជា​សាកល​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សហភាព​អន្តរ​សភា កាលពី​ខែ​កញ្ញា ឆ្នាំ​១៩៩៧ ដែល​ថា រដ្ឋ​ដែល​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ ត្រូវ​ធានា​ថា រាល់​ដំណើរការ​នៃ​ការ​ប្រគល់ ទទួល និង​ផ្ទេរ​អំណាច ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ដោយ​សេរី ហើយ​គឺជា​លទ្ធផល​នៃ​ការចូលរួម​ដោយ​ចំហ សេរី និង​មិន​មាន​ការរើសអើង​ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​អនុវត្ត​ស្របតាម​គោលការណ៍​នីតិរដ្ឋ។
សហភាព​អន្តរ​សភា សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​មាន​ការ​អត់ធ្មត់ និង​ទទួលយក​តួនាទី​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ប្រទេស​កម្ពុជា។ សហភាព​អន្តរ​សភា​ចាត់ទុកថា ជា​ការ​សំខាន់​ដែល​គណបក្ស​សង្គ្រោះជាតិ​អាច​ឈរ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​បាន​ដោយ​សន្តិវិធី។
បើទោះបីសហភាព​អន្តរ​សភា IPU ចេញសេចក្តីអនុម័តដាក់សម្ពាធដ៏ធ្ងាន់ធ្ងរទៅលើរដ្ឋាភិបាលនិង គណបក្សប្រជាជនកម្ពុជាយ៉ាងនេះក៏ដោយ ក៏លោកហ៊ុន សែននិងក្រុមមន្ត្រីមាត់ដាចរបស់ ក៏មិន ទាន់ហ៊ានហើបមាត់ នៅឡើយទេ ហើយភាពស្ងៀមស្ងាត់នេះ ទំនងជាមានបញ្ជាពីលោកហ៊ុន សែនមិនឲ្យតបតហើយមើលទៅ។ ចំណែកហ្វេសប៊ុករបស់លោក ហ៊ុន សែនវិញ គេឃើញលោក បង្ហោះរូបភាពពីសកម្មភាពហត្ថប្រាណរបស់លោកដើម្បីបន្លប់ស្ថានការណ៏ដ៏ក្តៅគគុកទៅវិញ៕



 សមាជិកសហភាពសភាអន្តរជាតិ (IPU) បោះឆ្នោតអនុម័តសេចក្តីសម្រេចថ្កោលទោស
ប្រឆាំងលោកហ៊ុន សែនធ្វើទុក្ខបុកម្នេញ។

No comments:

Post a Comment