លោកម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិកំពុងរងការចោទថា ក្បត់បក្ស
ហើយអនុវត្តតាមបញ្ជារបស់លោកហ៊ុន សែនទាំងអស់។
លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសបដិសេធការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា លោកជាមនុស្សក្បត់បក្សធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ងធ្វើបក្សប្រហារ។
លោកម៉ៅ មុន្នីវណ្ណបានឆ្លើយតបនឹងការចោទប្រកាន់របស់លោកសម រង្ស៊ីនេះ ថាជាការចោទ ប្រកាន់ “គ្មានការពិត និងគ្មានភស្ដុតាង”។
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី ប្រកាសនៅក្នុងហ្វេសប៊ុក (Facebook) របស់លោក ដោយបង្ហោះវីដេអូឃ្លីប នៅថ្ងៃទី៣០ តុលា អះអាងថា លោក ហ៊ុន សែន បានទិញមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីប៉ុនប៉ុងរំលាយគណបក្សសង្គ្រោះជាតិ ដោយមិនចាំបាច់បក្សកាន់អំណាចធ្វើដោយខ្លួនឯង។
លោក ម៉ៅ មុនីវណ្ណ ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិខែត្រត្បូងឃ្មុំ ផងនោះ បញ្ចេញប្រតិកម្មនឹងសម្ដីលោក សម រង្ស៊ី ភ្លាមៗ កាលពីថ្ងៃទី៣០ តុលា ថា លោកជាអ្នកនយោបាយមានភាពស្មោះត្រង់ ស្នេហាជាតិ មិនលក់ឧត្ដមគតិ ដូចលោក សម រង្ស៊ី ចោទប្រកាន់នោះទេ។ លោកថ្លែងទាំងក្ដីក្ដុកក្ដួលក្នុងចិត្តថា លោកមានការឈឺចាប់ណាស់ នៅពេលមានការចោទប្រកាន់លោកដូច្នេះ។
ការប្រកាសបកស្រាយ និងបដិសេធរបស់លោក មៅ់ មុនីវណ្ណ នេះ ធ្វើឡើង ក្រោយពេល លោក សម រង្ស៊ី បានថតជាវីដេអូឃ្លីប បង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី៣០ តុលា។ នៅក្នុងវីដេអូឃ្លីបនោះ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សកាន់អំណាចមិនអាចរំលាយគណបក្សសង្គ្រោះជាតិបានទេ ដូច្នេះ គណបក្សនេះ ប្រើវិធីមួយទៀត គឺទិញមន្ត្រីបក្ស ប្រឆាំងមួយចំនួននៅក្នុងជូរគណកម្មការនាយក ប៉ុន្តែក្នុងចំណោមនេះ លោក សម រង្ស៊ី អះអាងថា លោក ម៉ៅ មុន្នីវណ្ណ គឺជាជនបង្កប់របស់គណបក្សកាន់អំណាចក្នុងការរំលាយបក្សប្រឆាំង។
ការប្រកាសរបស់លោក សម រង្ស៊ី នេះ នៅក្រោយពេលលោក ម៉ៅ មុនីវណ្ណ បានផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនិងលោក ហ៊ុន សែន កាលពីថ្ងៃទី២៨ តុលា បដិសេធសម្ដី របស់លោក សម រង្ស៊ី ដែលប្រកាសថា ការចុះហត្ថលេខារបស់លោក កឹម សុខា លើការចេញលិខិតមួយចំនួនជាការបង្ខិតបង្ខំ ដូចជាលិខិតដាក់បេក្ខជនសមាជិកព្រឹទ្ធសភាជាដើម លោក ម៉ៅ មុនីវណ្ណអះអាងថា ជាការធ្វើត្រឹមត្រូវតាមច្បាប់ ខណៈលោក សម រង្ស៊ី ទាមទារឲ្យមានការព្រម ព្រៀងគ្នារវាង លោក កឹម សុខា និងអនុប្រធានគណបក្សសង្គ្រោះជាតិពីររូបទៀត លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនោះ។
ឆ្លើយតបនិងការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សកាន់អំណាចវិញ លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនទិញមន្ត្រីបក្សប្រឆាំងណាម្នាក់ដើម្បីធ្វើការឲ្យនោះទេ ពីព្រោះថា គណបក្សកាន់អំណាចមានធនធានមនុស្សគ្រប់គ្រាន់ហើយ។
ទោះបីជាយ៉ាងនេះក្ដី លោក ហ៊ុន សែន កន្លងមកធ្លាប់បានប្រកាសជាសាធារណៈដោយទម្លាយឈ្មោះថា នៅក្នុងគណបក្សប្រឆាំងគឺមានមនុស្សរបស់លោក ហើយតែងតែបញ្ជូនសារសម្ងាត់ឲ្យលោកបានដឹង ពីផែនការរបស់បក្សប្រឆាំង នៅក្រោយពួកគេបានបើកកិច្ចប្រជុំនោះ។ បន្ថែមពីនេះ លោក ហ៊ុន សែន ពេលខ្លះអួតអាងថា លោកក៏ធ្លាប់ធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទន់ខ្សោយរហូតដល់បច្ចុប្បន្ន ដែលគ្មានអាសនៈនៅក្នុងសភា។ ម្យ៉ាងវិញទៀតមន្ត្រីកំពូលៗរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានរត់ចុះចូលជាមួយបក្សកាន់អំណាច ជាបន្តបន្ទាប់គ្នា រហូតដល់បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ខ្លួនឯង ដែលជាគួរបដិបក្សដ៏ខ្លាំងក្លានោះ ក៏ក្លាយទៅជាអាយ៉ងរបស់លោក ហ៊ុន សែន ក្នុងការដាក់ពាក្យប្ដឹងរំលាយគណបក្ស សង្គ្រោះជាតិដែរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ផែនការរំលាយគណ បក្សសង្គ្រោះជាតិនេះ ហាក់បីដូចជាពន្យាពេល ដោយលោកមើលឃើញថា រដ្ឋាភិបាលហាក់បីដូចជាទុកឲ្យគណបក្សប្រឆាំងបែកបាក់ផ្ទៃក្នុង ឬអាចរំលាយដោយខ្លួនឯង បើសិនជាគណបក្សនេះមិនរឹងមាំទេនោះ។ លោក បណ្ឌិត មាស នី បញ្ជាក់ថា លោក ហ៊ុន សែន ក៏គិតពីប្រជាប្រិយភាពរបស់បក្សកាន់អំណាចដែរ ដែលលោកមិនអាចដឹកនាំប្រទេសឆ្ពោះទៅកាន់របបផ្ដាច់ការបានទេ។
លោក ម៉ៅ មុនីវណ្ណ ត្រូវបានគេមើលឃើញថា ជាមន្ត្រីសកម្មក្នុងការចុះពង្រឹងគណបក្សមូលដ្ឋានដោយគ្មានការភ័យខ្លាច នៅស្របពេលមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនទៀត និរទេសខ្លួនទៅក្រៅប្រទេស ដើម្បីសិទ្ធិ សេរីភាព។ នៅមុនពេលគណបក្សសង្គ្រោះជាតិរួមគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ គឺលោកបានរត់ចេញពីគណបក្សសម រង្ស៊ី មកចុះចូលជាមួយគណបក្សសិទ្ធិ មនុស្សរបស់លោកកឹម សុខា៕

No comments:
Post a Comment