ប្រមុខរដ្ឋាភិបាលកម្ពុជាបង្ហាញ ជំហរជាវិជ្ជមានថាកម្ពុជានឹងបន្ត សហការរុករកអដ្ឋិធាតុទាហាន អាមេរិកឡើងវិញ បើមានការចរចាណាមួយអាចទុកចិត្តបានក្នុងការធានា ទៅវិញទៅមកក្នុងការ លើក លែងការផ្អាកកិច្ចសហប្រតិបត្តិការនេះ។
លោក ហ៊ុន សែន លើកឡើងបែបនេះក្នុងលិខិតមួយចុះថ្ងៃទី១២ ខែតុលា ឆ្លើយតបទៅនឹងការ
ព្រួយ បារម្ភរបស់លោកស្រី អាន មៀលហ្រ្គីហ្វីត ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ សម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍។
ក្នុងលិខិតឆ្លើយតបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាការសម្រេចផ្អាកកិច្ច សហ ប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនេះ គឺមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ ហើយ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមឡើងវិញ នៅពេល ដែលទទួលបានការធានាទៅវិញទៅមក និងអាចទុកចិត្តបានស្ដីពីការលើកលែងការផ្អាកនេះ ដើម្បីជាគុណ ប្រយោជន៍ ដល់ប្រជាជននៃ ប្រទេសទាំងពីរ។
លោក ហ៊ុន សែន លើកឡើងថាកម្ពុជាមានគោលការណ៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងកម្មវិធី មាតុភូមិនិវត្តន៍ ប៉ុន្តែកម្ពុជាបែរជាត្រូវទទួលរងការដាក់ទណ្ឌកម្មដោយអយុត្តិធម៌ នៅពេលដែល កម្ពុជាគ្រាន់តែទាមទារឲ្យអាមេរិកពិចារណាបន្ថែមលើទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ ជំពោះ ពលរដ្ឋអាមេរិកដើមកំណើតខ្មែរ ដែលអាមេរិកត្រូវចាប់បញ្ជូនមកកម្ពុជាវិញ។
កាលពីថ្ងៃទី២៥ ខែកញ្ញា លោកស្រី អាន មៀល ហ្រ្គីហ្វីតផ្ញើលិខិតមួយទៅកាន់លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថាកន្លងមករដ្ឋាភិបាលលោក ហ៊ុន សែន បានទទួលនូវ សំណុំឯកសាររបស់អ្នកបាត់ខ្លួន ហើយបានឯកភាព ថារួមសហប្រតិបត្តិការរុករក ព្រោះនេះគឺ ជាបញ្ហាមនុស្សធម៌ និងមិនជាប់ពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាផ្នែកនយោបាយនោះទេ។
កាលពីពេលថ្មីៗកន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចផ្អាកកិច្ចសហប្រតិបត្តិការក្នុងការ ស្រាវជ្រាវ និងរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានស្លាប់នៅកម្ពុជានេះ ជាការឆ្លើយតបជាថ្នូរនឹងរដ្ឋាភិបាលអាមេរិក ដែលបានដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរ ដល់មន្ត្រីការទូតក្រសួង ការបរទេសកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ។
ក្រសួងការបរទេសអាមេរិក បានសម្រេចដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការនេះ ដោយសារកម្ពុជា បដិសេធមិនព្រមទទួលយកការបញ្ជូនជនជាតិខ្មែរ ដែលប្រព្រឹត្តបទល្មើស ហើយត្រូវបញ្ជូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ។ ករណីនេះ រដ្ឋាភិបាលកម្ពុជាក៏យល់ព្រមចរចាជា មួយ សហរដ្ឋអាមេរិកឡើងវិញផងដែរ៕
0 comments:
Post a Comment