Pages - Menu

Saturday, October 7, 2017

អង្គការអន្តរជាតិចំនួនពីររួមដៃគ្នាថ្កោលទោសរដ្ឋាភិបាលហ៊ុន សែន ពីការប៉ុនប៉ងរំលាយ បក្សប្រឆាំង


អង្គការ Global Witness និង អង្គការ Human Rights Watch បានថ្កោល ទោស
រដ្ឋាភិបាលកម្ពុជា ផ្ទួនៗគ្នា។ 
 
អង្គការអន្តរជាតិចំនួនពីរគឺអង្គការ Global Witness និង អង្គការ Human Rights Watch បានថ្កោល ទោសរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាការប៉ុន​ប៉ង​​រំលាយ គណបក្សសង្រ្គោះជាតិ គឺជា ការសម្លាប់ប្រជាធិបតេយ្យ និង ផ្លាស់ប្ដូរកម្ពុជាទៅកាន់របបផ្ដាច់ការ

កាលពីថ្ងៃសុក្រម្សិលមិញ ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បី​សុំ រំលាយ​គណបក្ស​ប្រសង្គ្រោះជាតិ យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួន ទៀត ដែលក្រសួងចោទថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជា មួយបរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍​ពណ៌​ប្រ​​ឆាំង​រដ្ឋាភិបាល ដោយថា បានជ្រកក្រោម ពាក្យស្លោកនយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដើម្បីបំផុសបំផុល ឲ្យ​ប្រជាពលរដ្ឋ ស្អប់ រដ្ឋាភិបាលបច្ចុប្បន្ន។

បន្ទាប់ពីដាក់ពាក្យបណ្ដឹងនោះ អង្គការអន្តរជាតិចំនួនពីរ គឺអង្គការ Global Witness និងអង្គការ Human Rights watch បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ភ្លាមៗថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលដឹក នាំដោយលោក ហ៊ុន សែន ។

នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights watch ​លោក Phil Robertson បានចេញ សេចក្តីថ្លែង​ការណ៍​លើកឡើងថាការបកស្រាយរបស់រដ្ឋាភិបាលជុំវិញករណីប្រធានគណបក្ស ប្រឆាំងលោក កឹ​ម សុខា កំពុង​ដឹកនាំ​បដិវត្តន៍​ពណ៌​គឺ​ជាផ្នែក​មួយផ្សេងទៀតនៃការជំរុញខាង នយោបាយ ប្រជាភិថុតិដើម្បីបង្ហាញពីភាព​ត្រឹមត្រូវ​ចំពោះ​ការ​បង្ក្រាប​លើអ្នក​ដែល​ហ៊ានរិះគន់ រដ្ឋាភិបាល។

លោក Phil Robertson បន្តថា​ការ​ប៉ុនប៉ងរំលាយ​គណបក្សសង្គ្រោះជាតិ​គឺអាចទៅរួច​ព្រោះ តុលាការ​ជាន់​ខ្ពស់​ត្រូវបានគ្រប់គ្រងដោយបក្សកាន់អំណាច ហើយចៅ​ក្រម​នឹង​អនុវត្ត​យ៉ាង​ច្បាស់លាស់​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់បង្ហាញដល់ពិភពលោក​តាមរយៈ ការ​ផ្លាស់ប្តូរ​ខ្លួន​ឯង​ទៅជា​អ្នក​ផ្តាច់​ការ​មួយ

មន្ត្រី​ស្រាវជ្រាវ​នៃអង្គការ​ Global Witness អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) ឲ្យ​ដឹង​ថាការ​ប៉ុនប៉ង​​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ជាការផ្តួចផ្ដើមពីក្រុម​អ្នក​មាន​អំណាច និង​មានទ្រព្យ ដែល​ជា​ជន​ពុក​រលួយ មួយ​ក្ដាប់​តូច ដើម្បី​បន្ត​ក្រាញ​អំណាច និង​រក្សាទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឲ្យ​រង​ទុក្ខ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។

អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) បន្តថាសហគមន៍​អន្តរជាតិ មិន​អាច​ព្រងើយកន្តើយ និង ឈរ​ឱប​ដៃ​មើល ប្រទេស​កម្ពុជា ដែល​រអិល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ នៃ​របប​ផ្ដាច់ការ​បែបនេះ​បាន​នោះ​ទេ។ ដូច្នេះ ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ត្រូវ​បង្ហាញ​ឥទ្ធិពល ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ។

អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) បន្ថែមថា «ការថ្កោលទោសអន្តរជាតិពីការវាយប្រហាររបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយសេរី និង សង្គមស៊ីវិល ហាក់មិនមាន ប្រសិទ្ធភាព។ អំណាចទឹកលុយ​មាន​ឥទ្ធិពល​ជាង​ពាក្យ​សម្ដី។ ដូច្នេះមានតែ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ ទើប​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់។»

តំណាងអង្គការអន្តរជាតិទាំងពីរបានជំរុញ​សហគមនអន្តរជាតិ ​និងម្ចាស់ជំនួយមានសហរដ្ឋ អាមេរិក ​ សភាព​អឺរ៉ុប និង​ជប៉ុនពិចារណាកាត់ជំនួយផ្សេងៗ ទាំងជំនួយបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត និង​ដាក់ទណ្ឌកម្ម​ជា​បន្ទាន់ ទៅ​លើ​រដ្ឋាភិបាល​ ដើម្បី​បង្ខំ​ឲ្យបញ្ឈប់​ការ​នាំ​ប្រទេស​កម្ពុជាទៅ​រក​ភាព​ផ្ដាច់ការ​ដូច្នេះ។​

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមាន​សហគមន៍អន្តរជាតិ​ឲ្យបញ្ឈប់ ការ ជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា រដ្ឋាភិបាលធ្វើកិច្ចការរបស់ខ្លួននាពេល បច្ចុប្បន្ននេះ គឺជាការអនុវត្តន៍ច្បាប់ ដើម្បីការពារសន្តិភាព និងស្ថេរភាពសង្គមតែប៉ុណ្ណោះ។

នៅពេលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិសំខាន់ៗ បានកំពុងគេចខ្លួនទៅនៅក្រៅប្រទេសជិត អស់ហើយ ក្រោយពីលោក កឹម សុខាត្រូវបានចាប់ខ្លួនមក៕

No comments:

Post a Comment