ក្រុមបាតុកររាប់រយនាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង
ដើម្បីទាមទារឲ្យលោកហ៊ុន សែនគោរពកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស។
ខណះមួយថ្ងៃមុនការមកដល់នៃខួប២៦ឆ្នាំ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ពលរដ្ឋខ្មែរនៅឯប្រទេសកាណាដានិងបារាំង បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារទៅរដ្ឋាភិបាលកម្ពុជាលោក នាយករដ្ឋ មន្ត្រី
ហ៊ុន សែន ឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងបារីស និងដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក
កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។
យោងតាមទំព័រហ្វេសប៊ុករបស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះវីដេអូ ដែលបង្ហាញការប្រមូលផ្ដុំរបស់ពលរដ្ឋខ្មែរនៅទីក្រុងប៉ារីស យ៉ាងច្រើនកុះករ។
លោក សម រង្ស៊ី បានរៀបរាប់ភ្ជាប់ជាមួយវីដេអូនោះថា ពលរដ្ឋខ្មែរបានប្រមូលផ្ដុំធ្វើបាតុកម្មនៅទីក្រុងប៉ារីស ដើម្បីទាមទារឲ្យមានការគោរព និងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្នុងវីដេអូនោះ ក្រុមបាតុករ និងលោក សម រង្ស៊ី ផងដែរ បានដើរហែរក្បួន និងឈរស្រែកតវ៉ា «ដោះលែងលោក កឹម សុខា» និងលើកជាបដា «ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ទន្ទឹមនឹងនោះដែរ ពលរដ្ឋខ្មែរនៅឯប្រទេសកាណាដាប្រមាណ ៣០០នាក់ ក៏បានប្រមូលផ្ដុំគ្នានៅមុខមន្ទីរសភាកាណាដា ជាមួយគោលបំណងដូចគ្នានឹងបាតុកម្មនៅទីក្រុងប៉ារីសផងដែរ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែនបានចូលទៅ ដល់ក្នុង ផ្ទះ រួចចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង កាលពីយប់ឈានចូលថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ដោយផ្អែកលើវីដេអូនៃការថ្លែងរបស់លោក កឹម សុខា នៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣។
ក្រោយពីមេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ខ្លួន ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានមើលឃើញថា កាន់តែធ្លាក់ចុះ ហើយក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានអំពាវនាវទៅដល់បណ្ដាប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពសម្រាប់កម្ពុជា ឲ្យបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន បច្ចុប្បន្ន ឲ្យងាកទៅអនុវត្តតាមយន្តការប្រជាធិតេយ្យ និងគោរពសិទ្ធិមនុស្ស ស្របតាមកិច្ចព្រមព្រៀងសន្តិសភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីពេលថ្មីៗនេះថា ការប៉ុនបងជំរុញឲ្យមានការកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ លោកថា មិនអាចទៅរួចនោះទេ។ ដោយលោកលើកហេតុផលថា ម្ចាស់ហត្ថលេខីមួយចំនួនបានស្លាប់បាត់អស់ហើយ ចំណែក ប្រទេសសហភាពសូវៀតក៏បានបែកបាក់គ្នាជាច្រើនរដ្ឋ ទៅជាប្រទេសរុស្សីវិញ។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលជាការព្រមព្រៀងគ្នារវាងភាគីជម្លោះប្រដាប់អាវុធកម្ពុជាដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនោះ ត្រូវបានរដ្ឋាភិបាលដាក់ជាថ្ងៃឈប់សម្រាកនៅរៀងរាល់ថ្ងៃទី២៣ ខែតុលា រៀងរាល់ឆ្នាំ។
ប៉ុន្តែ សុពលភាពនៃសន្ធិសញ្ញាមួយនេះ ត្រូវបានលោក ហ៊ុន សែន អះអាងថា បានស្លាប់បាត់ទៅហើយ បន្ទាប់ពីប្រទេសហត្ថលេខីមួយចំនួន ដូចជាសហភាពសូវៀតជាដើម ត្រូវបានបែកខ្ញែកជាប្រទេសផ្សេងៗ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ និងមេដឹកនាំអង្គការសង្គមស៊ីវិលដទៃទៀត មិនយល់ស្របនឹងសម្ដីលោក ហ៊ុន សែនឡើយ ដោយថា “សន្ធិសញ្ញានេះ នៅរស់រានមានជីវិត និងមានសុពលនៅឡើយ”៕
0 comments:
Post a Comment