សហភាពអន្តរសភា ហៅកាត់ថា IPU តំណាងឲ្យរដ្ឋសភាមកពី ១៧៣ប្រទេសនៅទូទាំងពិភព លោក បានអនុម័តសេចក្ដីសម្រេចថ្កោលទោសរដ្ឋាភិបាលកម្ពុជាយ៉ាងចាស់ដៃ ដែលបានធ្វើយុទ្ធនាការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត មកលើក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងប៉ុនប៉ងរំលាយគណបក្សប្រឆាំងធំជាងគេមួយនេះនៅកម្ពុជា រហូតធ្វើឲ្យតំណាងរាស្ត្របក្សប្រឆាំង មួយចំនួនធំ មិនហ៊ាននៅក្នុងប្រទេសទៀតផង។
យុទ្ធនាការបង្ក្រាបរបស់លោកហ៊ុន សែនមកលើគណបក្សប្រឆាំងនេះ ក៏ជំរុញឲ្យសហភាពអន្តរសភា IPU បានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើង នៃស្ថានភាពរំលោភសិទ្ធិមនុស្សមកលើក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៅប្រទេសកម្ពុជា និងកង្វះនូវការឆ្លើយតបច្បាស់ លាស់ និងគួរឲ្យជឿទុកចិត្តបានពីសំណាក់អាជ្ញាធរកម្ពុជា និងគណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងសន្និបាតលើកទី១៣៧នេះ ចំពោះករណីដែលរដ្ឋាភិបាលប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨នេះ។
ឆ្លើយតបនឹងសំណួររបស់ប្រធានសហភាពអន្តរសភា IPU លោក សាបឺ ហ៊ូសេន ចូវដូរី (Saber Hossain Chowdhury) ជុំវិញករណីថា តើការធ្វើវិសោធនកម្មចុងក្រោយលើច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតចំនួន៤ រួមទាំងច្បាប់ស្ដីពីគណបក្សនយោបាយ នឹងជាការសំដៅរំលាយគណបក្សសង្គ្រោះជាតិដែរ ឬយ៉ាងណានោះ លោក យ៉ង់ សែម សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាតំណាងគណៈប្រតិភូកម្ពុជាដែលបានចូលរួមសន្និបាតនេះ បានផ្តល់ចម្លើយអល់អែកហាក់មិនច្បាស់លាស់ថា ដោយសារតែពេលនេះលោកកំពុងចូលរួមក្នុងសន្និបាតនេះ លោកពុំបានទទួលដំណឹងណាមួយអំពីលទ្ធផលនៃការធ្វើវិសោធនកម្មច្បាប់ទាំងនេះឡើយ។ លោក យ៉ង់ សែម ព្យាយាម មិនឆ្លើយចំៗទៅនឹងសំណួរថា តើលោកនឹងបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មលើច្បាប់ទាំងនេះដែរឬទេ ដោយដោះសារថា លោកមិនបានឃើញអត្ថបទវិសោធនកម្មច្បាប់ទាំងនេះឡើយ។
ប្រធានអង្គសន្និបាតសួរថា «សំណួរ៖ បាទ! យើងចង់និយាយឲ្យច្បាស់លាស់ទៅកម្ពុជា ថាយើងគាំទ្រស្ថាប័នសភាប្រទេសនេះ ប៉ុន្តែប្រសិនបើលោកនឹងធ្វើច្បាប់ទាំងនេះ ដើម្បីជាការរំលាយគណបក្សប្រឆាំងតែមួយគត់នៅកម្ពុជា ហើយមិនមែនតែរឿងហ្នឹងទេ គណបក្សសង្គ្រោះជាតិមានអាសនៈរហូតដល់ទៅ ៥៥ អាសនៈឯណោះ ហើយសេចក្ដីព្រាងច្បាប់វិសោធនកម្មទាំងនេះ គ្រោងនឹងយកអាសនៈអស់ទាំងនេះទៅចែកចាយឲ្យគណបក្សនយោបាយតូចតាចដែលបានចាញ់ឆ្នោត។ ដូចដែលយើងដឹងហើយ រដ្ឋាភិបាលកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តើលោកគិតថា ទង្វើបែបនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដែរឬទេ?
ចម្លើយ៖ ដូចដែលខ្ញុំបានលើកឡើងពីខាងដើមនេះហើយលោកប្រធាន ខ្ញុំពុំបានឃើញសេចក្ដីព្រាងវិសោធនកម្មទាំងនោះនៅឡើយទេ ហើយថា យើងនឹងសម្របសម្រួលទស្សនកិច្ចរបស់គណៈកម្មាធិការសិទ្ធិមនុស្សអ្នកតំណាងរាស្ត្ររបស់សហភាពអន្តរសភា ដោយសារតែលោកបានស្នើឲ្យមានការធ្វើទស្សនកិច្ចស្វែងរកការពិតនៅកម្ពុជា។ ដូច្នេះ យើងនឹងសម្របសម្រួលទស្សនកិច្ចនេះ។ យើងដឹងហើយថា ដូចដែលសហការីរបស់ខ្ញុំលើកឡើងហើយ យើងពុំបានដេញតាមចាប់តំណាងរាស្ត្រគណបក្សប្រឆាំងទាំងនេះទេ។ ពួកគេរត់គេចខ្លួនដោយខ្លួនឯងទេ ហើយពួកគេអាចត្រលប់មកកម្ពុជាវិញនៅពេលណាក៏បាន តាមដែលពួកគេចង់។ នេះគឺជាការធានារបស់យើង»។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សតំណាងរាស្ត្រ របស់សហភាពអន្តរសភា IPU ដែលបានអនុម័តកាលពីថ្ងៃទី១៨ ខែតុលា នៅមុនពេលបិទបញ្ចប់សន្និបាតសហភាពអន្តរសភា IPU លើកទី១៣៧ ធ្វើឡើងនៅទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃសហព័ន្ធរុស្ស៊ី ថា ចម្លើយផ្ដល់ដោយគណៈប្រតិភូកម្ពុជា ពីខាងលើនេះ ជាការមិនច្បាស់លាស់ និងមិនអាចជឿបាន។ សហភាពអន្តរសភា IPU បានជំរុញឲ្យអាជ្ញាធរខ្មែរបញ្ឈប់ជាបន្ទាន់រាល់ការរំលោភបំពានសិទ្ធិ មនុស្សជាមូលដ្ឋាននានា មកលើក្រុមសមាជិកតំណាងរាស្ត្រគណបក្សប្រឆាំង ហើយជំរុញឲ្យអាជ្ញាធរខ្មែរត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការធ្វើទុក្ខបុកម្នេញនានា ព្រមទាំងផ្ដល់នូវការធានាសមស្របគ្រប់បែបយ៉ាងដើម្បីធានាថា ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលបានរត់គេចខ្លួនទៅក្រៅប្រទេស អាចវិលត្រលប់មកកម្ពុជាវិញបានដោយសុវត្ថិភាព ពុំមានការពន្យាពេលណាមួយឡើយ ដើម្បីឲ្យពួកគេអាចបន្តសកម្មភាពនយោបាយរបស់ខ្លួនក្នុងគណបក្សសង្គ្រោះជាតិ និងអាចធ្វើយុទ្ធនាការឃោសនា ដោយសេរីក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលខិតជិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយពុំមានការភ័យខ្លាចចំពោះការចាប់ខ្លួនបន្ថែមណាមួយឡើយ ឬការរំលាយគណបក្សប្រឆាំងតែមួយគត់ក្នុងរដ្ឋសភា។
សហភាពអន្តរសភា ដាស់តឿន និងអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលរាល់បទចោទប្រកាន់នានាជាបន្ទាន់មកលើរូបលោក កឹម សុខា ដើម្បីអនុញ្ញាតឲ្យលោកអាចបំពេញមុខងារជាអ្នកតំណាងរាស្ត្រ និងជាប្រធានគណបក្សប្រឆាំង ដោយមិនត្រូវមានការពន្យាពេល និងរឹតត្បិតណាមួយឡើយ។
សហភាពអន្តរសភា IPU ដដែលនេះ ផ្ដល់សេចក្ដីសន្និដ្ឋានថា វីដេអូឃ្លីបអំពីសុន្ទរកថារបស់លោក កឹម សុខា កាលពីឆ្នាំ២០១៣ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន យកមកប្រើប្រាស់ជាភស្តុតាងដាក់បន្ទុកលោក កឹម សុខា ពុំមានខ្លឹមសារណាមួយទាល់តែសោះ ដែលអាចចាត់ទុកថា លោក កឹម សុខា បានប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនោះទេ។ សហភាពអន្តរសភា IPU គូសបញ្ជាក់ថា គ្មានចំណុចណាមួយក្នុងវីដេអូឃ្លីបដាក់បន្ទុកនេះ ដែលថាលោក កឹម សុខា បានញុះញង់ឲ្យមានការស្អប់ខ្ពើម ឬប្រើប្រាស់អំពើហិង្សា ឬពាក្យពេចន៍ប្រមាថ បង្ខូចកេរ្តិ៍ឈ្មោះឡើយ។ សហភាពអន្តរសភា IPU ក៏បានលើកឡើងដែលថា លោក កឹម សុខា បានគូសបញ្ជាក់យ៉ាងច្បាស់ណាស់ថា លោកមានគោលបំណងក្នុងការនាំមកនូវការផ្លាស់ប្តូរផ្នែកនយោបាយតាមរយៈការឈ្នះការបោះ ឆ្នោត។
សហភាពអន្តរសភា IPU ពិចារណាឃើញថា ហេតុដូច្នេះហើយ សេរីភាពនៃការបញ្ចេញមតិ របស់លោក កឹម សុខា ត្រូវបានគេរំលោភយ៉ាងជាក់ច្បាស់ នៅក្នុងករណីនេះ។ សហភាពអន្តរសភា IPU ថា ខ្លួនពិតជាមានការរន្ធត់ក្រៃលែងដែលថា វីដេអូឃ្លីបនេះ ត្រូវបានប្រើប្រាស់ជាភស្តុតាងនៃអំពើក្បត់ជាតិរបស់លោក កឹម សុខា ហើយដែលករណីនេះ លោក កឹម សុខា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ៣០ឆ្នាំ។ សហភាពអន្តរសភា IPU ក៏បានព្រមានផងដែរចំពោះការរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោក កឹម សុខា យ៉ាងជាក់ច្បាស់ ព្រោះថាលោកពុំបានប្រព្រឹត្តិអំពើបទល្មើសជាក់ស្ដែងឡើយ។
សេចក្ដីសម្រេចរបស់សហភាពអន្តរសភា IPU ស្នើឲ្យអគ្គលេខាធិការរបស់ខ្លួនចាត់វិធានការសមស្របគ្រប់បែបយ៉ាង ដើម្បីរៀបចំឲ្យមាននូវដំណើរទស្សនកិច្ចស្វែងរកការពិត ដឹកនាំដោយគណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សអ្នកតំណាងរាស្ត្ររបស់ IPU មកកាន់ប្រទេសកម្ពុជា ដើម្បីអាចឲ្យគណៈប្រតិភូនេះ ចូលជួបសួរសុខទុក្ខជាមួយលោក កឹម សុខា ក្នុងពន្ធនាគារបានដោយផ្ទាល់។ សភាសហភាពអន្តរសភា IPU អំពាវនាវឲ្យរដ្ឋសភាជាតិកម្ពុជា សម្របសម្រួលទស្សនកិច្ចនេះ ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ខណៈជំរុញឲ្យអាជ្ញាធរដោះ លែងលោក កឹម សុខា និងទម្លាក់ចោលបទចោទប្រកាន់នានាប្រឆាំងនឹងលោក។
សេចក្ដីសម្រេចរបស់សហភាពអន្តរសភា ក៏មិនបានបំភ្លេចរំលឹកអំពីការអនុលោមតាមគោល ការណ៍ និងគុណតម្លៃ ដែលការពារដោយសហភាពអន្តរសភា ដូចដែលមានចែងក្នុងសេចក្ដី ថ្លែងការណ៍ជាសាកលស្ដីពីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានអនុម័តដោយសហភាពអន្តរសភា កាលពីខែកញ្ញា ឆ្នាំ១៩៩៧ ដែលថា រដ្ឋដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ត្រូវធានាថា រាល់ដំណើរការនៃការប្រគល់ ទទួល និងផ្ទេរអំណាច ត្រូវអនុញ្ញាតឲ្យមានការប្រកួតប្រជែងផ្នែកនយោបាយដោយសេរី ហើយគឺជាលទ្ធផលនៃការចូលរួមដោយចំហ សេរី និងមិនមានការរើសអើងចំពោះប្រជាពលរដ្ឋ ដែលត្រូវបានអនុវត្តស្របតាមគោលការណ៍នីតិរដ្ឋ។
សហភាពអន្តរសភា សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងមានការអត់ធ្មត់ និងទទួលយកតួនាទីរបស់គណបក្សសង្គ្រោះជាតិក្នុងប្រទេសកម្ពុជា។ សហភាពអន្តរសភាចាត់ទុកថា ជាការសំខាន់ដែលគណបក្សសង្គ្រោះជាតិអាចឈរឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះបានដោយសន្តិវិធី។
បើទោះបីសហភាពអន្តរសភា IPU ចេញសេចក្តីអនុម័តដាក់សម្ពាធដ៏ធ្ងាន់ធ្ងរទៅលើរដ្ឋាភិបាលនិង គណបក្សប្រជាជនកម្ពុជាយ៉ាងនេះក៏ដោយ ក៏លោកហ៊ុន សែននិងក្រុមមន្ត្រីមាត់ដាចរបស់ ក៏មិន ទាន់ហ៊ានហើបមាត់ នៅឡើយទេ ហើយភាពស្ងៀមស្ងាត់នេះ ទំនងជាមានបញ្ជាពីលោកហ៊ុន សែនមិនឲ្យតបតហើយមើលទៅ។ ចំណែកហ្វេសប៊ុករបស់លោក ហ៊ុន សែនវិញ គេឃើញលោក បង្ហោះរូបភាពពីសកម្មភាពហត្ថប្រាណរបស់លោកដើម្បីបន្លប់ស្ថានការណ៏ដ៏ក្តៅគគុកទៅវិញ៕
សមាជិកសហភាពសភាអន្តរជាតិ (IPU) បោះឆ្នោតអនុម័តសេចក្តីសម្រេចថ្កោលទោស
ប្រឆាំងលោកហ៊ុន សែនធ្វើទុក្ខបុកម្នេញ។
0 comments:
Post a Comment