Pages - Menu

Monday, October 9, 2017

អាមេរិក និង​សហភាព​អឺរ៉ុប​មិនបានយកករណីលោកកឹម សុខា មកដាក់ទណ្ឌកម្មលើហ៊ុន សែន ក្នុងវិស័យកាត់ដេរ

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ( William A. Heidt )និង​ប្រតិភូ​សហភាព​អឺរ៉ុប​លោក ហ្ស៊ច អេដហ្គារ(George Edgar) ថ្លែង​ថា សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន​ដល់​កម្ពុជា

វាជារឿងមួយអស់សង្ឃឹមជាខ្លាំងសម្រាប់គណបក្សសង្គ្រោះជាតិ ខណះឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ អាមេរិក និង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បានជួបជាមួយរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​កម្មករ ដើម្បី​រក្សា​បាន​ទំនុក​ចិត្ត​ពី​ទី​ផ្សារ​ទិញ​ផលិតផល​ពី​រោងចក្រ​នៅ​កម្ពុជា។ តែមិនបានលើកយកករណីចាប់ខ្លួនលោកកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិ មកដាក់លោតុចរចាឡើយ។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ជួប​ពិភាក្សា​គ្នា ជាមួយ​សហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី៦ ខែ​តុលា ពី​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​សិទ្ធិ​កម្មករ​ក្នុង​ផ្នែក​ផលិត​សំលៀកបំពាក់។ ការ​ជួប​ប្រជុំ​នេះ​គឺ​ស្រប​ពេល​មាន​ការ​អំពាវនាវ​ពី​សំណាក់​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​អន្តរជាតិ​ដែល​ចង់​អោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ពី​សហរដ្ឋ​អាមេរិក និង​ពី​សហភាព​អឺរ៉ុប ឆ្លើយ​តប​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​បក្ស​កាន់​អំណាច​ទៅ​លើ​បក្ស​ប្រឆាំង តែទាំងអាមេរិកនិងសហភាពអឺរ៉ុបមិនបានលើកឡើងពី សំណើ​របស់គណបក្សប្រឆាំងនិងអង្គការអន្តរជាតិទាំងនោះ មកដាក់ទណ្ឌកម្មលើរដ្ឋាភិបាល លោកហ៊ុន សែន ឡើយ។ អាមេរិកនិងសហភាពអឺរ៉ុបមិនអើពើនឹងករណីលោក កឹម សុខាបែប នេះ​វារឹតតែធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាន់មើលស្រាលបក្សប្រឆាំងកាន់តែខ្លាំងជាង មុនទៅទៀត។
សេចក្ដី​ថ្លែង​ការណ៍​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី៩ ខែ​តុលា បាន​អោយ​ដឹង​ថា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ ( William A. Heidt ) បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​ការងារ​កម្ពុជា ថា ការ​បន្ត​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​កម្មករ គឺ​ជា​បញ្ហា​ចម្បង​ដែល​អាច​ធានា​បាន​នូវ​ការ​ទទួល​បាន​ទី​ផ្សារ ដូច​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក៏​ដូចជា​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​អាមេរិក ដែល​ជា​អ្នក​ទិញ។
សេចក្ដី​ថ្លែងការណ៍​បន្ត​ថា តំណាង​សហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ( William A. Heidt )និង​ប្រតិភូ​សហភាព​អឺរ៉ុប​លោក ហ្ស៊ច អេដហ្គារ (George Edgar)បាន​លើកឡើង​ថា បញ្ហា​សិទ្ធិ​កម្មករ​ថា ជា​ចំណុច​សំខាន់​សម្រាប់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ និង​រដ្ឋាភិបាល​នានា​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ក្នុង​នោះ​អ្នក​ទាំង​២​ក៏​បាន​បង្ហាញ​ជាថ្មី​ទៀត​ពី​សារសំខាន់​នៃ​ការអនុវត្ត​អោយ​បាន​ត្រឹមត្រូវ​ទៅ​តាម​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ ខាង​ការងារ​ហៅ​កាត់​ថា​អាយឡូ (ILO) ទាក់ទិន​នឹង​សិទ្ធិ​កម្មករ​ក្នុង​ការ​ជ្រើសរើស​សហជីព ធានា​ដំណើរការ​ការ​ចុះ​បញ្ជិកា​សហជីព​ដោយ​យុត្តិធម៌ និង​មាន​តម្លាភាព និង​ដោះស្រាយ​វិវាទ​រួម​ដោយ​មាន​តម្លាភាព ទាន់​ពេល​វេលា។ ពួកគេ​ក៏​បាន​លើក​ទឹកចិត្ត​អោយ​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​អង្គការ ILO និង​ដៃគូ​នានា​ក្នុង​ការ​តាក់តែង​ច្បាប់​ក្នុង​ផ្នែក​ពាក់ព័ន្ធ​នឹង​វិស័យ​ផលិត​សំលៀកបំពាក់ ដើម្បី​ធានា​ថា​បាន​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​កត់​សម្គាល់​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​ជា​មួយ​ដៃគូ​អន្តរជាតិ​គឺ​បានបង្កើន​ទំនុក​ចិត្ត​ពី​បណ្ដា​ក្រុមហ៊ុន​ម៉ាក​ធំៗ​នៅ​សហរដ្ឋអាមេរិក និង​ពី​សហភាព​អឺរ៉ុប​ចំពោះ​ទំនិញ​មាន​ប្រភព​ពី​កម្ពុជា។
ចំណែក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អះអាង​ថា ពុំ​មាន​អ្វី​ផ្លាស់​ប្តូរ ទេ​ចំពោះ​កិច្ចស ហការ​ផ្នែក​ពាណិជ្ជកម្ម​វាង​សហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុប​ជាមួយ​នឹង​កម្ពុជា ពោល​គឺ​ភាគី​ទាំង​នេះ​នៅ​តែ​បន្ត​ទិញ​ទំនិញ​ពី​កម្ពុជា។
នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហោះ​ព័ត៌មាន​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ( William A. Heidt )និង​ប្រតិភូ​សហភាព​អឺរ៉ុប​លោក ហ្ស៊ច អេដហ្គារ(George Edgar) ថ្លែង​ថា សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន​ដល់​កម្ពុជា រួម​និង​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា។ លើស​ពី​នេះ​គឺ​អ្នក​តំណាង​ទាំង​២ប្រកាស​ថា នឹង​មិន​ភ្ជាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​គោរព​លក្ខខ័ណ្ឌ​ការងារ​ទៅ​នឹង​ភាព​តានតឹង​ផ្នែក​ផ្សេងៗ​ទៀត​នោះ​ឡើយ។
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាងថា ឯកអគ្គរដ្ឋ ទូត​សហរដ្ឋអាមេរិក និង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ចាត់​ទុក​បញ្ហា​បច្ចេកទេស និង​បញ្ហា​នយោបាយ​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​គ្នា​គឺ​មិន​ពាក់ព័ន្ធ​គ្នា​ទេ។ ឯកអគ្គរដ្ឋទូត​​ទាំង​ពីរ​ក៏​បាន​សាទរ​ដល់​ការសម្រេច​បាន​ប្រាក់ ឈ្នួល​អប្បបរមា១៧០​ក្នុង​១​ខែ សម្រាប់ឆ្នាំ២០១៨ ដោយ​មាន​ការព្រម ព្រៀង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ លោក​ថា អ្នក​ទាំងពីរ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា បន្ត​ដោះស្រាយ​បញ្ហា​ទំនាក់​ទំនង​វិជ្ជាជីវៈ។
នៅ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ដើម​ខែ​កញ្ញា​មក មន្ត្រី​គណបក្ស​ប្រឆាំង​ជា​ពិសេស​កូនស្រី​របស់​ប្រធាន​គណបក្ស​នេះ គឺ​កញ្ញា កឹម មនោវិទ្យា បាន​ព្យាយាម​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​អោយ​ពិចារណា​ដាក់​សម្ពាធ​តាម​គ្រប់​មធ្យោបាយ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ រួម​ទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផង ដើម្បី​រុញ​ច្រាន​ស្ថានការណ៍​នយោបាយ​អោយ​វិល​មក​រក​ភាព​ប្រក្រតី​វិញ។
កញ្ញាបញ្ជាក់ថា ៖ «អ្វី​ដែល​ខ្ញុំ​បាន​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ក៏​ដូចជា​ខាង​សហភាព​អឺរ៉ុប ខាង​រដ្ឋាភិបាល គឺ​ធ្វើ​យ៉ាងណា​បន្ត​ឃ្លាំ​មើល​ដំណើរ​ការ​នេះ​តទៅ​មុខ​ទៀត ដើម្បី​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ហើយ​សុំ​ផ្លាស់​ប្ដូរ​ឥរិយាបថ​អោយ​ទាន់​ពេល​វេលា ពី​ព្រោះ​ថា​ការ​បោះ​ឆ្នោត​​គឺ​តែ​១០ ឬ​១១​ខែ​ចាប់​ពី​ពេល​នេះ​ទៅ។ ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​​ជាពិសេស​លោកស្រី ដែល​ជា​មនុស្ស​ទី​២​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​ដែល​ជា​អ្នក​ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តរជាតិ លោកស្រី​បាន​ធ្វើ​សន្ទរកថា​យ៉ាង​វែង​ថា សហគមន៍​អឺរ៉ុប​ដែល​បាន​ជួយ​ទៅ​ប្រទេស​កម្ពុជា គឺ​ក្នុង​គោលបំណង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ហើយ​ប្រសិនបើ​ស្ថានការណ៍​នេះ​បន្ត​ទៀត វា​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស សហភាព​អឺរ៉ុប​នឹង​ត្រូវ​ពិចារណា​ឡើងវិញ ទៅ​លើ​ទំនាក់ទំនង និង​ការ​ជួយ​សហប្រតិបត្តិការ​ទាំងឡាយ​ក្នុង​នោះ​យើង​ដឹង​ហើយ​មាន​ការ​អនុគ្រោះ​ពន្ធ​ជាដើម​មក​លើ​ប្រទេស​កម្ពុជា»
ចំណែក​អង្គការ​ធំៗ​ពីរ​គឺ​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កំពុង​រួមគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង ស្នើ​ឲ្យ​ពិភពលោក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កាត់ផ្ដាច់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ផ្សេងៗ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់​ការប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង។
​ក៏ប៉ុន្តែអ្នក​តំណាង​ទាំង​២នៃសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រកាស​ថា នឹង​មិន​ភ្ជាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​គោរព​លក្ខខ័ណ្ឌ​ការងារ​ទៅ​នឹង​ភាព​តានតឹង​ផ្នែក​ផ្សេងៗ​ទៀតនៅ ពេលនេះ​នោះ​ឡើយ។
ទាក់ទិន​នឹង​ការ​ជួប​ប្រជុំ​រវាង​តំណាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​២ តុលា លោក អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អរគុណ​ដល់​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប ដែល​រួមចំណែក​ក្នុង​ការ​លើក​កម្ពស់​លក្ខខ័ណ្ឌ ការងារ​នៅ​កម្ពុជា។ លោក​ធានា​ថា កម្ពុជា​នឹង​បន្ត​គោល​នយោបាយ​ផ្សារ​ភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខ័ណ្ឌ​ការងារ​ដោយ​សហការ​ជាមួយ​អង្គការ​ដៃគូ។
ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ លោក ង៉ែត ជូ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា កម្ពុជា​នាំចេញ​ផលិតផល​កាត់ដេរ​ទៅ​អាមេរិក និង​អឺរ៉ុប​ប្រមាណ​ជិត​៧​ពាន់ លាន​ដុល្លារ​អាមេរិក (,៨ពាន់លាន) ស្មើ​នឹង​ប្រមាណ ១ភាគ៣​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប ឬ​GDPរបស់​ខ្លួន។ លោក​ថា កម្ពុជា​មិន​មាន​ទីផ្សារ​ណា​ផ្សេង​ទៀត ជា​ដុំ​កំភួន​នោះ​ទេ ស្រប​ពេល​ដែល​ប្រទេស​ចិន និង​វៀតណាម​ក៏​ជា​ប្រទេស​ប្រកួតប្រជែង​ដ៏​ធំ​ក្នុង​ការ​នាំ​ផលិតផល​កាត់ដេរ​ទៅ​អាមេរិក និង​អឺរ៉ុប​ដែរ។
ក៏ប៉ុន្តែ នៅពេលនេះ គណបក្សសង្គ្រោះជាតិហាក់បីដូចជាបាត់បង់អ្វីៗទាំងអស់ បន្ទាប់ពីសហរដ្ឋ អាមរិក និងសហភាពអឺរ៉ុបមិនយកសំណើ របស់ខ្លួនមកដាក់ទណ្ឌកម្មលើលោកហ៊ុន សែនឲ្យដោះ លែង លោកកឹម សុខា ជាថ្នូរនឹងការបន្តផ្តល់ទីផ្សារសម្លៀកបំពាក់នៅសហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុបឡើយ៕

No comments:

Post a Comment