លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈលោកចូលរួមក្នុងកិច្ចសន្ទនា ក្រៅផ្លូវការរវាងថ្នាក់ដឹកនាំអាស៊ាន-APEC នៅក្នុងទីក្រុង ដាណាំង ប្រទេសវៀតណាម កាលពីថ្ងៃ ទី ១០ ខែ វិច្ឆិកាម្សិលមិញ។
ក្នុងកិច្ចសន្ទនាក្រៅផ្លូវការនោះលោក ហ៊ុន សែន បានលើកឡើងថាអាស៊ាន និង APEC គឺជាដៃគូ យ៉ាង សំខាន់ និងមានគោលដៅរួមដូចគ្នាដើម្បីជំរុញកំណើន និងការអភិវឌ្ឍន៏ប្រកបដោយចីរភាព ព្រមទាំងការធ្វើ សមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។
លោក ហ៊ុន សែន បានលើកឡើងថាការចូលរួមរបស់អាស៊ានជាមួយនឹង APEC នៅមានកម្រិតមិនទាន់ពេញលេញនៅឡើយ ដោយសារប្រទេសអាស៊ាន ចំនួនបីមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅមិនមែនជាសមាជិករបស់ APEC នៅឡើយ។លោកបានស្នើដល់ថ្នាក់ដឹកនាំនៃប្រទេស APEC ទាំងអស់ពិចារណាដាក់បញ្ចូលប្រទេសទាំងបីនេះ ជាសមាជិក APEC ដើម្បីឲ្យអាស៊ាន មាន ឱកាសចូលរួមចំណែកយ៉ាងសកម្មនិងពេញលេញ ក្នុងការសម្រេចបាននូវគោលដៅរួម និងភាពរុង រឿងក្នុងតំបន់។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក( APEC )ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម មានប្រទេសចំនួន២១ជាសមាជិកក្នុងនោះរួមមានទាំង អាមេរិក ចិន រុស្ស កាដាណា អូស្ត្រាលី និង សមាជិកអាស៊ានចំនួន៧ លើកលែងតែ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។
ទោះជាយ៉ាងណាសំណើររបស់មេដឹកនាំកម្ពុជាលើកឡើងនេះ នៅមិនទាន់មានការឆ្លើយតប ពីប្រទេសជាសមាជិក របស់ APEC នៅឡើយទេ៕


0 comments:
Post a Comment