Pages - Menu
▼
Thursday, November 2, 2017
ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ផ្តើមនៅថ្ងៃនេះ
ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកា
នេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈអាជ្ញាធររាជធានីភ្នំពេញ រៀបចំការពារសន្តិសុខ សម្រាប់អ្នកចូលរួមយ៉ាងប្រុងប្រយ័ត្ន។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ចំនួនទូក «ង» ចូលរួមប្រណាំង កើនឡើងដល់២៧០ ខណៈនៅក្នុងឆ្នាំ២០១៦ មានតែ ២៥៧ទូក។
បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិឲ្យដឹងថា នៅក្នុងចំណោមទូក «ង» ចំនួន២៧០ ទូកអុំផ្នែកបុរសមានចំនួន១៦១ ទូកចែវបុរស២៦ ទូកខ្នាតអន្តរជាតិបុរសមានចំនួន ៧៧ ទូកអុំនារី១ ទូកចែវនារី២ ទូកខ្នាតអន្តរជាតិនារី៣ និងអ្នកអុំទូកសរុប មានចំនួនជិត១៨ ០០០នាក់។ ហើយ ប្រទីបចំនួន១៣ និងត្រូវបង្ហាញនៅពេលយប់ អមជាមួយការបាញ់កាំជ្រួច។
រដ្ឋាភិបាល បានរៀបចំឲ្យមានពិធីបុណ្យអុំទូកនេះ ឡើងវិញនៅឆ្នាំ២០១៤ បន្ទាប់ពីខកខាន ៣ឆ្នាំជាប់ៗគ្នា ក្រោយមានព្រឹត្តិការណ៍ស្លាប់ជាន់គ្នាកាលពីឆ្នាំ២០១០នៅលើស្ពានកោះពេជ្រ។ ដោយឡែក ក្នុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្អាកបុណ្យនេះម្ដងទៀត ដោយលើកហេតុផលថា ទឹកទន្លេមានកម្ពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា អាជ្ញាធរ មានការភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ ដែលខណះនោះគណបក្ស សង្គ្រោះជាតិមានកម្លាំងខ្លាំងជាងសព្វថ្ងៃនេះ។
ក៏ប៉ុន្តែ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ ២០១៧នេះ។
ពលរដ្ឋខ្មែរ តែងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមតំបន់ ឬ ភូមិឋាន ដែលខ្លួនរស់នៅ ខណៈពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបរម បុរាណ ហើយក៏មានចែងផងដែរ នៅក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលា ចារឹក នៃប្រាសាទអង្គរ។
ទោះជាយ៉ាងណា នៅថ្ងៃ ព្រហស្បត្តិ៍នេះដែរ កម្មករ-កម្មការនីរោងចក្រនិងប្រជាពលរដ្ឋនៅទីក្រុង ភ្នំពេញបន្តចេញដំណើរទៅកាន់ស្រុកកំណើររបស់ពួកគេនៅតាមបណ្តាខេត្តនានា ដែលជាហេតុធ្វើ ឲ្យរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់៕

No comments:
Post a Comment