លោកលឺ ឡាយស្រេង កំពុងភៀសខ្លួននៅក្រៅប្រទេស មិនហ៊ានមកតតាំងរឿងក្តី
ជាមួយលោកហ៊ុន សែនទេ។
បង្ហាញ ខ្លួននៅក្នុងតុលាការ តាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ ទី ២៧ វិច្ឆិកាខាងមុខនោះទេ។
នៅក្នុងបទសម្ភាសន៏ផ្ទាល់តាមប្រព័ន្ធឡាញ(Line) ជាមួយសារព័ត៌មានជាតិខ្មែរ នៅព្រឹកមិញនេះ លោក លឺ ឡាយស្រេងបានបញ្ជាក់ថា លោកគ្មានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជានោះទេ ដូច្នេះ បើលោកហ៊ានប្រថុយមកតតាំងក្តីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺដូចមកចូល គុកតែ ម្តង។
លោកបន្តថា “ខ្ញុំមិនប្រថុយមកតាមការកោះហៅរបស់តុលាការទេ។ គេត្រៀមចាប់ខ្ញុំដាក់ គុករួច ហើយ”។
លោកលឺ ឡាយស្រេងក៏បញ្ជាក់ថា លោកនឹងមិនរកមេធាវី ដើម្បីតតាំងក្នុងសំណុំរឿងក្ដីនេះដែរ ដោយលោកអះអាងថា តុលាការកម្ពុជាមិនមែន ជាតុលាការដែលផ្ដល់ភាពយុត្តិធម៌ជូនលោក និងមនុស្សទូទៅទេ ហើយលោកហៅតុលាការថា “ជាតុលាការតេឡេបញ្ជារបស់លោក ហ៊ុន សែន”។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះឲ្យ លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចចូលទៅបំភ្លឺ ពីបទចោទប្រកាន់ បរិហារកេរ្តិ៍ជាសាធារណៈ និងបទប្រមាថ។
ដីកាកោះចុះហត្ថលេខាដោយព្រះរាជអាជ្ញាររង សៀង សុខ កាលពីថ្ងៃទី២៧ តុលា តាមបណ្ដឹង របស់លោក គី តិច ជាមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក គី តិច ទាមទារឲ្យលោក លឺ ឡាយស្រេង សងសំណងជំងឺចិត្តចំនួន ៥០០លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី។ លោកក៏សុំឲ្យតុលាការប្រកាសផ្ដន្ទាទោសលោកលឺ ឡាយស្រេងបន្ថែម ផ្អែកតាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ ដោយសុំឲ្យអយ្យការ និងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្ដន្ទាទោស ឈ្មោះ លឺ ឡាយស្រេង តាមច្បាប់។
សូមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញនេះ នៅក្រោយពេលហ្វេសប៊ុកឈ្មោះ សីហា បានលួចថតសំឡេង លោក លឺ ឡាយស្រេង សន្ទនាជាមួយអ្នកស្រី គី លំអង ដែលជាអតីតមន្ត្រី គណបក្សហ៊្វុនស៊ិនប៉ិចដូចគ្នាកាលពីថ្ងៃទី២១ តុលា។ នៅក្នុងសំឡេងសន្ទនាតាមទូរស័ព្ទជាសម្ងាត់នោះ លោក ហ៊ុន សែន ចោទថា លោក លឺ ឡាយស្រេង ប្រមាថព្រះមហាក្សត្រ និងបរិហារកេរ្តិ៍ រូបលោក ទាក់ទងនឹងការចោទថាលោកបានផ្ដល់លុយជូនមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារដើម្បីត្រៀមខ្លួនធ្វើតំណាងរាស្ត្រជំនួសកៅអី របស់ គណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវរំលាយចោលដោយលោកហ៊ុន សែន៕

No comments:
Post a Comment