ទាក់ទងនឹងការធានារបស់លោកនាយករដ្ឋមន្ត្រីនេះ លោកសម រង្ស៊ីបានអំពាវនាវទៅដល់សមា ជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំង កុំឲ្យចាញ់បោកការសន្យារបស់មេដឹកនាំបក្សកាន់អំណាចរូបនេះ ដែលធានារក្សាតំណែង បើចុះចូលមុនបក្សប្រឆាំងរលាយនោះ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បានអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់លោក កុំឲ្យតំណាង រាស្រ្ត និង ក្រុមប្រឹក្សាឃុំ-សង្កាត់របស់ បក្សCNRP ចុះចូលជាមួយនឹងគណបក្សកាន់អំណាច ដែល លោកថា នោះគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ។
លោក សម រង្ស៊ី លើកឡើងថា៖ «ម្សិលមិញ ហ៊ុន សែន ប្រកាសឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចុះចូលគាត់ ប៉ុន្តែយើងអំពាវនាវថា មិនត្រូវចុះចូលទេ វាគ្មានន័យ វាបាត់តម្លៃ ហើយបើ យើង ពន្យល់គ្នាយើងឲ្យច្បាស់ ហ៊ុន សែន ថា គេរំលាយគណបក្ស ភរសុទ្ធហ្មងបងប្អូន។ ខ្ញុំសូមបញ្ជាក់ អត់មានរំលាយទេ ទៅអត់រួចទេ ចឹងអ្វីដែលគេអូសទាញយើងគឺភរសុទ្ធ»។
ជាមួយគ្នានោះដែរ លោក សម រង្ស៊ី ក៏បញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិ នឹងមិនត្រូវរំលាយ នោះទេ ហើយបើសមាជិកណាទៅចុះចូលជាមួយគណបក្សកាន់អំណាច នោះអាចនឹងខូច ប្រយោជន៍ផ្ទាល់ខ្លួន ដោយលោកថា ជាការលក់ឧត្តមគតិ បាត់បង់កិត្តិយស និងបាត់តួនាទី ទាំង នៅគណបក្សសង្គ្រោះជាតិ និងមិនបានដំណែងតាមការសន្យារបស់លោក ហ៊ុន សែន នោះដែរ។
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យតំណាងរាស្ត្រ និងក្រុម ប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សសង្គ្រោះជាតិចុះចូលជាមួយរដ្ឋាភិបាលមុនបក្សប្រឆាំងត្រូវបានរំលាយដោយតុលាការកំពូល ដែលលោកថា នឹងរក្សាមុខតំណែងរៀងខ្លួន ដើម្បីបម្រើពលរដ្ឋ។
តុលាការកំពូលគ្រោងបើកសវនាការលើករណីបណ្តឹងរបស់មេធាវីក្រសួងមហាផ្ទៃសុំរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខនេះ៕

No comments:
Post a Comment