Pages - Menu

Tuesday, November 7, 2017

តុលាការសៀមរាប​ដោះលែងលោក សំរិទ្ធ សុខុនព្រះរាជអាជ្ញារង ដែលស្រវឹងបើកឡាន បុកពលរដ្ឋស្លាប់ម្នាក់

លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក៏ជាអ្នកទទួលខុសត្រូវ ក្នុងការអនុវត្តច្បាប់
ឲ្យបានស្មើភាពគ្នាដើម្បីជៀសវាងអំពើនីទណ្ឌភាពក្នុងដែនអាជ្ញាធររបស់ខ្លួន
ព្រះរាជអាជ្ញារង នៅតុលាការខេត្តសៀមរាប ដែលបានបើករថយន្ដបុកពលរដ្ឋឲ្យស្លាប់ ខណៈ
ស្ថិត ក្នុងភាពស្រវឹងផងនោះ ត្រូវបានដោះលែងវិញហើយ ដោយរួចខ្លួនពីទោសទណ្ឌទាំងអស់។
ប្រធាននគរបាលចរាចរណ៍ក្រុងសៀមរាប លោក ជឹម សុវណ្ណ ឲ្យដឹងនៅថ្ងៃអង្គារនេះថា ព្រះរាជ អាជ្ញារង នៃតុលាការ ខេត្តសៀមរាប លោក សំរិទ្ធ សុខុន ពិតជាបានបើករថយន្ដម៉ាកឡិចស៊ីស ទាំងស្ថិតក្នុងភាពស្រវឹង ទៅបុកម៉ូតូមួយគ្រឿង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកាកន្លងទៅ និងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។
ក៏ប៉ុន្តែបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុក លោក សំរិទ្ធ សុខុន បានព្យាយាម បើករត់គេចខ្លួនពីកន្លែងកើតហេតុនោះ ប៉ុន្ដែត្រូវក្រុមប្រជាពលរដ្ឋ​ ឃាត់រថយន្ដមិនឲ្យបន្ដដំណើរ ទៅមុខ រហូតដល់កម្លាំងនគរបាល ចុះមកអន្ដរាគមន៍។
យ៉ាងណាក៏ដោយ លោក ជឹម សុវណ្ណ មិនអាចបញ្ជាក់បន្ថែមបានទេ ដោយថា សំណុំរឿងនេះ លោកបានបញ្ជូនទៅតុលាការហើយ។​
ចំណែក ស្នងការនគរបាលក្រុងសៀមរាប លោក ទិត្យ ណារ៉ុង និយាយថា លោកមិនទាន់ដឹង
ព័ត៌មាននេះនៅឡើយទេ។
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក នៅថ្ងៃនេះថា លោក សំរិទ្ធ សុខុន ត្រូវអាជ្ញាធរដោះ លែងវិញ​ ក្រោយដឹងថា លោកមានតំណែងជា ព្រះរាជអាជ្ញារង នៅតុលាការខេត្តសៀមរាប និង បានបង់ប្រាក់សំណងជូនទៅជនរងគ្រោះតិចទួច។
មន្ដ្រីស៊ើបអង្កេត នៃអង្គការអាដហុកប្រចាំនៅខេត្តសៀមរាប លោក សួស ណារិន ស្នើថា អាជ្ញាធរ គួរអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងចៀសវាងកុំឲ្យមានស្ដង់ដារពីរ រវាងអ្នកមានអំណាច និង ប្រជាពលរដ្ឋធម្មតា ដោយថា តាមច្បាប់ចរាចរណ៍ថ្មី ជនដែលបង្កឲ្យអ្នកដទៃស្លាប់បាត់បង់ជីវិត ដោយចេតនា ឬអចេតនាក្ដី លោកថា គឺត្រូវតែទទួលទោសព្រហ្មទណ្ឌ និងពុំអាចជួសជុល ត្រឹម ប្រាក់សំណងបានទេ។
បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែងថា ជនណា ដែលបើកបរក្នុងស្ថានភាព ស្រវឹង និងបណ្ដាលឲ្យមនុស្សស្លាប់ ឬមានចេតនាចង់បើករត់ គេចវេសពីការទទួលខុសត្រូវ អាច នឹងមានទោសជាប់ពន្ធនាគារពី ២ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី១០ ទៅ២៥លានរៀល ព្រមទាំង ទោសបន្ថែមផ្សេងៗទៀត។
នៅថ្ងៃនេះ អ្នកសារព័ត៌មានជាតិខ្មែរប្រចាំខេត្តសៀមរាបមិនអាចទាក់លោកសំរិទ្ធ សុខុនជាព្រះរាជ
អាជ្ញារងខេត្តសៀមរាប ដើម្បីសាកសួរពីករណីបុកមនុស្សស្លាប់នេះបានទេ ដោយទូរសព្ទចូល គ្មាន អ្នកទទួល៕

No comments:

Post a Comment