Pages - Menu
▼
Thursday, November 9, 2017
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៤៣នាក់ចេញសេចក្ដីថ្លែង ការណ៍ អំពាវនាវឲ្យមន្ត្រី ខ្លួនកុំជឿការឃោសនាលោកហ៊ុន សែន
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៤៣នាក់ ចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យមន្ត្រី
និងសមាជិកគណបក្សសង្គ្រោះជាតិ កុំក្បត់ឧត្ដមគតិ និងកុំតាមឃោសនាអកុសលរបស់
គណបក្សនយោបាយផ្សេងដែលកំពុងប៉ុនប៉ងអូសទាញពួកគាត់ឲ្យចុះចូលទៅបក្សផ្សេងនោះ។
សេចក្ដីថ្លែងការណ៍ដែលចុះហត្ថលេខាដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៤៣រូប ក្នុងចំណោម ៥៥រូប នៅថ្ងៃទី៨ ខែវិច្ឆិកា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាខ្ជាប់ជានិច្ចនូវឧត្ដមគតិគណបក្សសង្គ្រោះជាតិ ហើយមិនក្បត់ឆន្ទៈប្រជារាស្ត្រដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំងនេះនោះទេ។ សេចក្ដីថ្លែងការណ៍ដែលគាំទ្រដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ដ៏ច្រើនលើសលប់នេះ បានអំពាវនាវឲ្យអ្នកគាំទ្រ និងសមាជិក សមាជិកា ព្រមទាំងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បន្តរក្សាជំហររបស់ខ្លួន គឺម្នាក់ៗត្រូវស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិ ហើយកុំតាមការអំពាវនាវ អូសទាញ ដែលគណបក្សប្រឆាំងធំជាងគេមួយនេះហៅថា ជាការឃោសនាអកុសលរបស់គណបក្សផ្សេង ដែលចង់អូសទាញសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក និង ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ចេញសារអំពាវម្ដងហើយម្ដងទៀត និងពេលខ្លះលាយឡំនឹងការគំរាមផង ដើម្បីអន្ទងឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្ស
កាន់អំណាចនៅថ្ងៃទី៨ ខែវិច្ឆិកា អះអាងថា នេះជាការផ្ដល់ឱកាសប៉ុណ្ណោះ មិនមែនជាការអូសទាញនោះទេ។
លោកហ៊ុន សែនថា៖ «មានអ្នកខ្លះគេចោទសួរថា ចុះបើគង់តែរម្លាយដដែល ម៉េចបានជាហៅគេ? អ្ហា៎ក! ដោយសារតែត្រូវរម្លាយហ្នឹងហើយបានគេហៅ! កុំឆ្កួតពេក! អាអ្នកទៅភូតហ្នឹងទៅភូតវាមិនសម! គេឲ្យខ្លួនមានឱកាសហើយ គេដាក់ជណ្ដើរឲ្យខ្លួនឡើងហើយ ខ្លួនមិនឡើងទេ ចុះនរកក៏ចុះទៅ! មិនមកទេ មុខដូចម៉ែអញ?»។
ទោះជាមានការគំរាមផង សម្លុតផង និងអូសទាញយ៉ាងរន្ថើនផង ពីលោក ហ៊ុន សែន ក៏តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះថា ពួកគាត់
ជាតំណាងរបស់គណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតស្របតាមឆន្ទៈប្រជារាស្ត្រ និងមានជំនឿយ៉ាងមុតមាំថា ដរាបណាពួកគាត់នៅតែរក្សាជំហររឹងមាំ ស្ថានការណ៍នយោបាយនឹងធូរស្រាលឡើងវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សង្ឃឹមលើការឈឺឆ្អាលក្នុងវិបត្តិនយោបាយនៅកម្ពុជា ពីសំណាក់អន្តរជាតិ ដោយបញ្ជាក់ថា បន្ទាប់ពីមានអន្តរាគមន៍ដ៏ខ្លាំងក្លាពីសហគមន៍អន្តរជាតិ នឹង
ធ្វើឲ្យការទាមទារឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត និងការទាមទារឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន។
សូមបញ្ជាក់ថាក្នុងចំណោមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៥៥រូប គឺលោកប៉ុល ហំម តំណាង រាស្ត្រ មណ្ឌលខេត្តតាកែវ លោក ម៉ៅ មុន្នីវណ្ណតំណាងរាស្ត្រមណ្ឌលកំពង់ចាម និង លោកអ៊ូ ចន្ទរ័ត្ន មណ្ឌលស្វាយរៀង និងតំណាងរាស្ត្រខ្លះទៀតមកពីគណបក្សសិទ្ធិមនុស្សមិន បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៏កាលពីម្សិលមិញនោះទេ៕

No comments:
Post a Comment