Pages - Menu

Sunday, November 12, 2017

លោកសម រង្ស៊ីជំរុញឲ្យលោកហ៊ុន សែនរំលាយគណបក្សCNRP ឲ្យបានឆាប់ដើម្បីឲ្យមានសម្ពាធ បរទេសកាន់តែខ្លាំងដែរ



អតីត​មេបក្ស​សង្គ្រោះជាតិ (CNRP) ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោលនោះ រដ្ឋាភិបាលភ្នំពេញ​​មួយ​នេះ នឹងមិន​មាន​ភាព​ស្របច្បាប់ចាប់ពីឆ្នាំក្រោយ ដោយសារ​អន្តរជាតិ​មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត។
អតីត​មេបក្ស​ប្រឆាំង​រូប​នេះ បាន​បន្ថែម​ថា ជាមួយ​គ្នា​នោះ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នឹង​រៀប​ចំ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​ដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជី ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់​ការ​ផ្ដល់​ទិដ្ឋាការឲ្យ​ចេញ-ចូល ឬក៏អាច​រឹប​​អូស​យក​ទ្រព្យ​សម្បត្តិ​ទៀតផង។
លោកសម រង្ស៊ីក៏បាន​ជំរុញ​ឲ្យលោកហ៊ុន សែន​រំលាយ​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ឆាប់ ដោយ​ថា សម្ពាធ​ទាំង​អស់​នឹង​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អះ​អាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា នឹង​ត្រូវ​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។
លោក សម រង្ស៊ី បានថ្លែងជំរុញបែបនេះ​នៅ​ថ្ងៃ​អាទិត្យ​ ទី ១២ វិច្ឆិកានេះ​  អំឡុង​សិក្ខាសាលា ស្តីពី សិទ្ធិមនុស្ស និងលទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋ
អាមេរិក។
លោក សម រង្ស៊ី បាន លើកឡើងថា៖ «បើធ្វើល្មមៗអត់អីទេ គេម្នាក់ៗអត់ធ្មត់ ចាំមើលក្រែងគ្រាន់ បើជាងមុន ហើយ ហ៊ុន សែន ពូកែណាស់ ពូកែបោកគេថា ខ្ញុំនឹងធ្វើឲ្យគ្រាន់បើជាងមុន កាន់តែល្អ ជាងមុន។ តែ​នេះ​មិន​មែន​គ្រាន់​បើ​ជាង​មុនទេ កាន់តែយ៉ាប់ទៅៗ ហើយម្ដងនេះ វាហួសហេតុហ្មង ឆ្លងទៅហួសបន្ទាត់ក្រហម គេ​ឈប់​និយាយ​រក។ អញ្ចឹង​ខ្ញុំចង់ឲ្យរំលាយថ្ងៃ១៦ហ្នឹង រំលាយឲ្យឆាប់ ហ៊ុន សែន កាន់តែឆាប់ចប់ខ្លួនឯង។ ពេល​រំលាយ យើង​នឹង​មាន​​រដ្ឋាភិ​បាល​ថ្មីមួយចេញពីការ បោះឆ្នោតត្រឹមត្រូវ ដែលដឹកនាំដោយសង្គ្រោះជាតិ»
ទោះបីជាយ៉ាងណាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនអាស៊ាន ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ជាថ្មីទៅសហគមន៍អន្ដរជាតិ​ថា កុំជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងថា អ្នកណាទទួលស្គាល់លទ្ធផលបោះឆ្នោតនាឆ្នាំក្រោយ ឬ​អត់នោះ គឺកម្ពុជា មិនខ្វល់ទេ។
លោក ហ៊ុន សែន ថ្លែងបន្ដថា ទោះបីជាប្រទេសណាចង់ ឬ​មិនចង់ទទួលស្គាល់រដ្ឋាភិបាល កើត ក្រោយ​ការបោះ​ឆ្នោត នៅឆ្នាំក្រោយក៏ដោយ លោកថា វាមិនសំខាន់នោះទេ ដោយថា កម្ពុជា​មាន ច្បាប់ និងស្ថាប័នកំពូលរបស់ខ្លួន ដែល​លោក​ថា អាចវាយតម្លៃពីភាពស្របច្បាប់នៃការបោះ ឆ្នោតនោះ។
គណបក្ស​សង្គ្រោះជាតិ កំពុង​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល​នៅ​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​ចោទ​ថា ចូលរួម​ជា​ប្រព័ន្ធ​ជាមួយ​ប្រធាន​បក្ស លោក កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» ដោយឃុបឃិតជាមួយ បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន
សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងលោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់លោកសម រង្ស៊ីនៅថ្ងៃនេះ​បានទេ៕

No comments:

Post a Comment