ក្រុមមេធាវីក្រសួងមហាផ្ទៃដឹកនាំ ដោយលោកគី តិចកំពុងប្រឹងប្រែងជំរុញឲ្យ
តុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃ ទី ១៦ វិច្ឆិកានេះ។
តុលាការកំពូលនឹងជំនុំជម្រះបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧។
ក៏ប៉ុន្តែអតីតមេបក្សសង្គ្រោះជាតិ (CNRP) ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេស លោក សម រង្ស៊ី បានបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិចោលនោះ រដ្ឋាភិបាលភ្នំពេញនេះ នឹងមិនមានភាពស្របច្បាប់ចាប់ពីឆ្នាំក្រោយ ដោយសារអន្តរជាតិមិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោត។
អតីតមេបក្សប្រឆាំងរូបនេះ បានបន្ថែមថា ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាអាមេរិកនឹងរៀបចំដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជី ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់ការផ្ដល់ទិដ្ឋាការឲ្យចេញ-ចូល ឬក៏អាចរឹបអូសយកទ្រព្យសម្បត្តិទៀតផង។ លោកសម រង្ស៊ីក៏បានជំរុញឲ្យលោកហ៊ុន សែនរំលាយគណបក្សប្រឆាំងឲ្យបានឆាប់ ដោយថា សម្ពាធទាំងអស់នឹងធ្លាក់ទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអះអាងម្ដងហើយម្ដងទៀតថា គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា នឹងត្រូវរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។ លោក សម រង្ស៊ី បានថ្លែងជំរុញបែបនេះនៅថ្ងៃអាទិត្យ ទី ១២ វិច្ឆិកានេះ អំឡុងសិក្ខាសាលា ស្តីពី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹង ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមពាក្យ
បណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹង រំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជា ណាចក្រ កម្ពុជា។
លោកគី តិចអះអាងថាពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្ស សង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួល រំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និង ស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃស្អែកនេះ និងខ្លះទៀតដែលមានក្នុងដៃរបស់លោករួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាព ខុស ច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិធ្លាប់អះអាងថា បណ្តឹងនេះគឺជារឿងនយោបាយ៕

No comments:
Post a Comment