សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, August 17, 2019

ផ្កាយ៤សៅ សុខាមិនទាន់ហ៊ានបញ្ជូន ឧកញ៉ា គង់ គ្រឹង និងកូនប្រសា ទៅកាន់តុលាការ ដូចការអះអាងកាលពី ម្សិលមិញទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ លោក ផ្កាយមាស៤សៅ សុខា ប្រធាន គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនបានបញ្ជូនឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ ទៅកាន់តុលាការនៅឡើយទេ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនឹងបទ ល្មើសព្រៃឈើ នៅខេត្តក្រចេះ។
ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ បន្ទាប់ពីឃាត់ខ្លួននេះ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរផ្ទះ នៅស្រុកស្នួល ខេត្តក្រចេះ។

ការឃាត់ខ្លួនឧកញ៉ា គង់ គ្រឹង និងកូនប្រសារ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ។ នេះបើតាម ការអះអាងរបស់ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

លោកអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊េីបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គល ដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹង បទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ឧកញ៉ា គង់ គ្រឹង មានទី លំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ ហើយត្រូវបានឃាត់ខ្លួនតែម្តង។

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាប បទល្មើសព្រៃឈើនៅកម្ពុជា។ ហើយ រហូតមកដល់ពេលនេះ គណៈកម្មការនេះទើបចាប់ ខ្លួនឧកញ៉ាព្រៃឈើបាន២នាក់ប៉ុណ្ណោះ គឺឧកញ៉ា សឹង សំអុល នរឧកញ៉ា គង់ ក្រឹង៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger