សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 2, 2019

បុរសខ្លាំង ហ៊ុន សែន ព្រមានដកហូតបុណ្យស័ក្តិ និងបង្កក ទ្រព្យសម្បត្តិគ្រប់មន្ត្រី និងកម្លាំង ប្រដាប់អាវុធ ដែលប្រព្រឹត្ត​ អំពើពុករលួយនិងពាក់ព័ន្ធបទល្មើសព្រៃឈើ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ វាមិនសូវគួរឲ្យជឿប៉ន្មានទេ ប៉ុន្តែវាក៏ជាព័ត៌មានមួយដែលបុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញ ព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ ទី០២ ខែសីហា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានបង្ហាញផងដែរថា ក្រៅតែពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានថែម ទៀតផង។
អំពើពុករលួយត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៏ធំសម្រាប់នយោបាយកំណែទម្រង់ និងការ អភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន។ ការអនុវត្តន៍អភិក្រមទី៥នេះ ដែលជាអភិក្រមកម្ចាត់ និងបោសសំអាតអំពើពុករលួយត្រូវបានបុរសខ្លាំងហ៊ុន សែន ប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើង។
ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បុរសខ្លាំង ហ៊ុន សែន ក៏បានប្រកាសដែរថា លោកនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ។
នៅក្នុងអាណត្តិនេះមានមន្ត្រីជាច្រើនរូបហើយត្រូវបានដកហូតតំណែង និងចាប់ខ្លួនជាដើម ព្រោះ តែការប្រព្រឹត្តអំពើពុករលួយ។ នៅពេលថ្មីៗនេះ ប្រធាន អនុប្រធាន និងមន្ត្រីនៅមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់សរុប ៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បន្ទាប់ពីពួកគេបាន ឃុបឃិតគ្នាជម្រិតទារលុយពីអ្នកវិនិយោគប្រមាណ ១០ម៉ឺនដុល្លារ ជាថ្នូរអនុញ្ញាតឱ្យសាងសង់ រោងចក្រ។
មកដល់ពេលនេះមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំង៣រូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញ ដីកាឃុំខ្លួនពួកគេនៅពន្ធនាគារផងដែរ។
ទោះជាយ៉ាងណា នៅកម្ពុជាមិនមែនមានតែជនពុករលួយតែ៣នាក់នេះទេ ជាពិសេសក្រុមមន្ត្រីជា មានងារជាឧកញ៉ាហើយជាឈ្មួញឈើដូចជាឧកញ៉ា គង់ ក្រឹងនៅស្រុកស្នួលខេត្តក្រចេះ ជាដើម មិនទាន់ត្រូវបានសមត្ថកិច្ចណាហ៊ានសាកសួរពីមុខជំនួញឈើរបស់មន្ត្រីយោធារូបនេះឡើយ បើទោះជាឧកញ៉ា សឹង សំអុលជាមេឈ្មួញឈើនៅខេត្តមណ្ឌលគិរីត្រូវបានចាប់ខ្លួនក៏ដោយ។ ដូច្នេះ ទៅថ្ងៃអនាគត តើរដ្ឋាភិបាលនឹងទុកឲ្យមេឈ្មួញគង់ ក្រឹងបន្តកាប់បំផ្លាញព្រៃឈើទៀត ឬយ៉ាងណា?៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger