គណៈកម្មការជាតិទប់ស្កាត់
និងបង្ក្រាបបទល្មើសព្រៃឈើ បានឃាត់ចាប់រថយន្តយីឌុបដឹកឈើ
៩គ្រឿងកាលពីយប់ថ្ងៃទី១៨ សីហា នៅច្រកអន្តរជាតិត្រពាំងស្រែ
ក្នុងស្រុកស្នូលខេត្តក្រចេះ សង្ស័យនាំឈើចេញទៅលក់នៅក្រៅប្រទេសខុសច្បាប់។
សកម្មជនបរិស្ថាន ជំរុញឲ្យគណៈ កម្មការជំនាញស៊ើបអង្កេតពីភាពមិនប្រក្រតី នៃលិខិតអនុញ្ញាត
(PC) នាំឈើចេញ របស់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង
ដែលពួកគេចាត់ទុកថា បំពានបទបញ្ជា លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
ដែលជាបុរសខ្លាំងនៃកម្ពុជា។
អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់
និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បដិសេធមិនអធិប្បាយលម្អិត
ទាក់ទិនការឃាត់រថយន្តយីឌុប ៩គ្រឿងនោះទេ នៅរសៀលថ្ងៃទី១៩ សីហា
ដោយអះអាងថា សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី។ លោកថា
នឹងផ្ដល់ព័ត៌មានបន្ថែម នៅពេលគណៈកម្មការជំនាញធ្វើកិច្ចការងារនេះរួចរាល់។
លោកបញ្ជាក់ថា គណៈកម្មការជាតិនឹងអនុវត្តច្បាប់
ប្រសិនបើមន្ត្រីជំនាញរកឃើញថា ការនាំឈើចេញទាំងនោះខុសច្បាប់។ លោកបន្តថា៖
«ចាំមើលខ្ញុំបានព័ត៌មានសិន ព្រោះគេកំពុងតែធ្វើការ ចាំខ្ញុំទទួលព័ត៌មានសិន
ចាំខ្ញុំជម្រាបជូនព្រោះយើងកំពុងឆែកឯកសារ។ យើងនឹងឃាត់ឈើហ្នឹង និងពាក់ព័ន្ធវត្ថុតាង
យើងឃាត់ទុកទាំងឡានទាំងអស់ បើពាក់ព័ន្ធនរណាទៀត
យើងនឹងស្រាវជ្រាវបន្តទៀត»។
សេចក្ដីរាយការណ៍ពីក្រុមអ្នកឃ្លាំមើលបរិស្ថាន
ឲ្យដឹងថា រថយន្តយីឌុបដឹកឈើ ៩គ្រឿងដឹកឈើរាប់រយម៉ែត្រទាំងនោះ ជារបស់ ឧកញ៉ា
លឹម សុផាត ម្ចាស់ក្រុមហ៊ុន សៀម៉ុន ខេមបូឌា អហ្រ្គីខល់ឈ័រ មានទីតាំងឋិតនៅ
ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឈើទាំងនោះ ជាឈើបន្ទះក្តារលេខ១
និងលេខ២ នាំចេញទៅលក់នៅប្រទេសវៀតណាម មានលិខិតអនុញ្ញាត ពីមន្ត្រីរដ្ឋបាលព្រៃឈើ
ខេត្តស្ទឹងត្រែង។
អភិបាលស្រុកស្នូល លោក គង់ គឹមនី
មានប្រសាសន៍ថា គណៈកម្មការជាតិមិនទាន់ដោះលែងរថយន្តទាំងនោះទេ និងកំពុងពិនិត្យពីភាពស្របច្បាប់
នៅរសៀលថ្ងៃទី១៩ ខែសីហានេះ។ លោកថា រថយន្តទាំងនោះសមត្ថកិច្ចចម្រុះ បានយកមកទុកនៅស្នាក់ការអាវុធហត្ថស្រុកស្នូល៖
«ក្រុមការងារគណៈកម្មការបង្ក្រាបបទល្មើស សហការជាមួយអាជ្ញាធរ ក្នុងនោះមានកម្លាំងចូលរួមពីអាវុធហត្ថ
ផ្ទៃប្រទេស ប៉ូលិស និងខាងជំនាញសាធារណការ ដែលឃាត់រថយន្តទុក នៅស្រុកស្នូល និងបន្តនីតិវិធីបន្តទៀត»។
សកម្មជនបរិស្ថានលោក ហេង ស្រស់ ទាមទារឲ្យគណៈកម្មការជាតិបកស្រាយឲ្យច្បាស់
លាស់ជុំវិញបញ្ហានេះ ខណៈខ្លួនកំពុងបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំទូទាំងប្រទេស។
លោកបញ្ជាក់ថា បើទោះជាឈើទាំងនោះ មានលិខិតអនុញ្ញាតក្តី ក៏ពួកគេសង្ស័យថា
ជាឈើខុសច្បាប់ លួចកាប់ចេញពីព្រៃការពារធម្មជាតិដែរ។ ហេតុនេះទាមទារឲ្យគណៈកម្មការជាតិត្រូវបង្ហាញភាពស្មោះត្រង់ស៊ើបអង្កេតករណីនេះ
ឲ្យច្បាស់លាស់ និងត្រឹមត្រូវ៖ «ទោះបីជា រថយន្ត ៩គ្រឿងហ្នឹងអនុញ្ញាតចេញពីរដ្ឋបាលព្រៃឈើក៏ដោយ ប៉ុន្តែយើងនៅតែសង្កត់ធ្ងន់ថា
រហូតមកដល់ពេលនេះ ក្រុមទាំងនោះកំពុងលួចកាប់ បំផ្លាញព្រៃឈើចេញពីតំបន់ព្រៃការពារចូលក្នុងរោងចក្រ
ដើម្បីកែ
ច្នៃដឹកទៅលក់នៅក្រៅប្រទេស»។
សកម្មជនបរិស្ថានរូបនេះ បន្ថែមថា
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមមិនឲ្យ
ចរាចរឈើទៅលក់នៅប្រទេសវៀតណាមជាដាច់ខាត ក៏ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង
ឈ្មោះ ច័ន្ទ ប៉ុណ្ណិកា នៅតែផ្គើន។ លោកទាមទារឲ្យគណៈកម្មការជាតិត្រូវស៊ើបអង្កេតពីភាពមិនប្រក្រតី
នៃលិខិតអនុញ្ញាតឲ្យនាំឈើចេញ របស់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ឲ្យមកទទួលខុសត្រូវតាមច្បាប់
បូករូមទាំងម្ចាស់ឈើផង។ លោកបន្តថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យដឹកឈើទៅក្រៅប្រទេសទេ ហេតុអីបានក្រដាស
PC មានឈ្មោះ លោក ច័ន្ទប៉ុណ្ណិកា ហ្នឹង? ហេតុអ្វីបានជាគាត់នៅតែរឹងទទឹងឲ្យមានការបទល្មើសព្រៃឈើចេញពីកម្ពុជា
ទៅវៀតណាម? នេះហើយអ្វីដែលយើងចង់ឲ្យគណៈកម្មការជាតិ និងតុលាការស៊ើបអង្កេត
ដើម្បីយកជនទាំងនោះ (មន្ត្រីរដ្ឋបាលព្រៃឈើ) មកផ្ដន្ទាទោស
ព្រោះជនទាំងនោះកំពុងប៉ុនប៉ងរត់ពន្ធឈើចេញពីកម្ពុជា ឆ្លងដែនទៅវៀតណាម»។
កាសែតជាតិខ្មែរនៅមិនទាន់អាចទាក់ទងអនុប្រធានរដ្ឋបាលព្រៃឈើ
ខេត្តស្ទឹងត្រែង លោក ច័ន្ទ ប៉ុណ្ណិកា និងឧកញ៉ា លឹម សុផាត ដើម្បីសុំការអធិប្បាយករណីនេះបានទេ
នៅថ្ងៃទី២០ សីហា។
ចំណែកនាយផ្នែករដ្ឋបាលព្រៃឈើ
ខេត្តក្រចេះ លោក អឹង ស៊ីណា បដិសេធមិនអធិប្បាយរឿងនេះនៅថ្ងៃដដែលនេះ។
សកម្មជនបរិស្ថានអះអាងថា
ទីតាំងដែលក្រុមហ៊ុន សៀម៉ុន ខេមបូឌា អហ្រ្គីខល់ឈ័រ វិនិយោគ ឋិតក្នុងឃុំសេកុង
ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់តំបន់ឧទ្យានជាតិវីរៈជ័យ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
ពួកគេសង្ស័យថា មន្ត្រីរដ្ឋបាលព្រៃឈើ ទំនងជាឃុបឃិតសម្រួលឯកសារផ្លូវច្បាប់
ក្នុងការរត់ពន្ធឈើឆ្លងដែន ជាមួយក្រុមហ៊ុននេះ បំណងនាំឈើទៅលក់នៅក្រៅប្រទេស
ក្រោមលេសប្រមូលឈើក្នុងបរិវេណក្រុមហ៊ុន។
អ្នកឃ្លាំមើលបរិស្ថាន
និងអង្គការសង្គមស៊ីវិល អំពាវនាវឲ្យរដ្ឋាភិបាលបិទរោងចក្រអារឈើ
សិប្បកម្មកែច្នៃឈើ និងបិទមិនឲ្យ មានលិខិតអនុញ្ញាតនាំឈើចេញ ឬហៅថា PC។ ពួកគេអះអាងថា ប្រព័ន្ធត្រួតពិនិត្យ និងយន្តការតាមដានរោងចក្រឈើមានកម្រិតខ្សោយ
ផ្ដល់ឱកាសឲ្យក្រុម ហ៊ុនរកស៊ីឈើដោយសេរី ឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន។
នៅរសៀលនេះ
ការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងនាយឧត្តមសេនីយ៏ សៅ
សុខាដើម្បីសាកសួរពីករណីបទ ល្មើសព្រៃឈើថ្មីនេះបានទេ៕


0 comments:
Post a Comment