សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 7, 2019

លោក គង់ ក្រឹង នៅតែមានវាសនាជាងលោក សឹង សំអុលដោយ មិនទាន់ត្រូវបានចាប់ខ្លួន ក្រោយប៉េអឹមចុះពិនិត្យទីតាំងស្តុកឈើ របស់ឧកញ៉ារូបនេះ នៅខេត្តក្រចេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ឧត្តមសេនីយ៏ ជឿន សុវណ្ណថា មេបញ្ជាការភូមិភាគទី២ និង លោក គង់ ក្រឹង
ជាឈ្មួញឈេីនិងជាមន្ត្រីយោធារបស់លោក​ជឿន សុវណ្ណថា។

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា​ គង់​ ក្រឹង ឋិតនៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ​ ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ នៅ​ថ្ងៃ​ចន្ទ ទី៥ សីហា។ ក៏​ប៉ុន្តែ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​លោក​ គង់ ក្រឹង នៅឡើយ​ទេ ដោយ​កំពុង​ស៊ើបអង្កេត​បន្ត​។
ក៏ប៉ុន្តែកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានចេញដីកាកោះហៅឧកញ៉ារកស៊ីឈេីដ៏ល្បីរូបនេះទៅ
បង្ហាញខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃ ទី ១៥ សីហាខាងមុខនេះ។
អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង ហ៊ី ឲ្យ​ដឹង​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ សៅ​ សុខា បាន​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​ឈើ​ខ្នាត​ធំ​ របស់​លោក​ គង់ ក្រឹង ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ នៅ​ព្រឹក​ថ្ងៃ​ទី៥ សីហា។ ក៏​ប៉ុន្តែ លោក​ថា សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ឧកញ៉ា​រក​ស៊ី​​ឈើ​ដ៏​ល្បី​ល្បាញ​​រូប​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​បន្ថែម។ លោក​បដិសេធ​ ផ្តល់​ព័ត៌មាន​​​លម្អិត​ពី​លទ្ធផល​ចុះ​ត្រួត​ពិនិត្យ​ និង​ចំនួន​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។


លោកបន្តថា៖ «យើង​កំពុង​ដើរ​ត្រួត​ពិនិត្យ​មើល ទី​តាំង​មួយ​ចំនួន​នៅ​ក្នុង នៅ​ខេត្ត​ត្បូង​ឃ្មុំ​ផង និង​ខេត្ត​ក្រចេះ​ផង។ នៅ​ខេត្ត​ត្បូង​ឃ្មុំ​យើង​មើល​ទៅ មេមត់​ផ្សេងៗ ហើយ ក្រចេះ​យើង​កំពុង​មើល​ទៅ​ស្នួល។ យើង​កំពុង​ធ្វើការ ដូច្នេះ​យើង​អត់​អាច​ផ្សាយ​ព័ត៌មាន​បាន​ទេ។ អរគុណ​ណា ! កំពុង​ធ្វើ​ការ»។
ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ក្រុមសកម្ម​ជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​ចោទ​ប្រកាន់​ថា​ ជា​មេ​ខ្លោង​រត់​ពន្ធ​ឈើ​ដ៏​ល្បីល្បាញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ឧកញ៉ា​រូប​នេះ​បាន​ ប្រមូល​ទិញ​ឈើ​ពី​ក្រុម​កម្មករ​ និង​​ប្រជា​ពលរដ្ឋ​គ្រប់​តំបន់​នៅ​ខេត្ត​ភាគ​ឦសាន​ ដែល​ដឹក​ជញ្ជូន​តាម​ម៉ូតូ​ រថយន្ត​ និង​គោយន្ត​ជា​ដើម​មក​ស្តុក​ទុក​ក្នុង​ដេប៉ូ​ និង​ផ្ទះ​របស់​លោក​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ រួច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​ និង​ច្រក​របៀង​ដេ​បី (D3)។
ពួកគេ​រក​ឃើញ​ថា ឧកញ៉ា គង់ ក្រឹង បាន​លួច​បើក​ច្រក​របៀង​តូចៗ ៣កន្លែង​ផ្ទាល់​ខ្លួន​ ក្នុង​ឃុំ​ពីរធ្នូ​ ឋិតនៅ​ខាងក្រោយ​បន្ទាយ​យោធា​វរៈ​ព្រំដែន​លេខ​ ២០៤​ ក្នុង​បំណង​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់​ ហើយ​ក្រុម​ឈ្មួញ​ណា​ ដែល​ចង់​នាំ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ ត្រូវ​បង់លុយ​ឲ្យ​ឧកញ៉ា​រូប​នេះ​ ជា​ថ្នូរ​ដឹក​ឈើ​តាម​ច្រក​របៀង​របស់​ គាត់​ ដោយ​គ្មាន​ការ​រារាំង។
សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ ដែល​ចុះ​អង្កេត​រឿង​នេះ​ ឲ្យដឹង​ថា​ ឧកញ៉ា​ គង់​ ក្រឹង ជា​មេ​ឈ្មួញ​ចាំ​ទទួល​ទិញ​ឈើ​ ពី​ពលរដ្ឋ​គ្រប់តំបន់​ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ពួកគេ​ រួច​លក់​បន្ត​ទៅ​ឲ្យ​ថៅកែ​ជនជាតិ​វៀតណាម​។ លោក​ថា​ ឧកញ៉ា​រូប​នេះ​ក៏​ជា​អ្នក​កាង​ឈើ​ឲ្យ​ឈ្មួញ​ផ្សេងទៀត​ដែរ​ ដោយ​តម្រូវឲ្យ​អ្នក​ដឹក​ឈើ​ត្រូវ​បង់លុយ​ឲ្យ​គាត់​ ​ដើម្បី​សូកប៉ាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជា​ថ្នូរ​ដឹក​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។
លោកបន្តថា៖ «អ្នក​ដែល​ដឹក​ឈើ​ចេញ​ទៅ​លក់​នៅ​វៀតណាម គាត់​ជា​អ្នក​កាង​ពី​ខាង​ក្រោយ ហើយ​​ពុំ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​មក​អើពើ និង​យាយី​ទេ ដោយសារ​តែ​ឈ្មោះ​ឧកញ៉ា គង់ ក្រឹង ម្នាក់​ជា​អ្នក​ចេញ​លុយ​សូក​ទៅ​លើ​អាជ្ញាធរ​ហ្នឹង​ទាំង​អស់ ឱ្យ​តែ​ក្រុម​ឈ្មួញ​ទាំង​អស់​នោះ​បង់​លុយ ឲ្យ​គាត់ គាត់​នឹង​បើក​ច្រក​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម។ តាម​ច្រក​របស់​គាត់ គឺ​គាត់​ជា​អ្នក​ទទួល​រ៉ាប់រង ជា​អ្នក​រត់​ការ​ជាមួយ​អាជ្ញាធរ​ទាំង​អស់»។
សកម្មជន​បរិស្ថាន​រូប​នេះ​អះអាង​ថា លោក​ធ្លាប់​អង្គុយ​រាប់​រថយន្ត​យី​ឌុប​ ដឹក​ឈើ​ទៅ​ប្រទេស​វៀតណាម​នៅ​ចក្រ​អន្តរជាតិ​ត្រពាំងស្រែ​ក្នុង​ស្រុក​ស្នូល​ និង​ច្រក​របៀង​តួចៗ មួយ​ចំនួន​ទៀត​ កាលពី​នៅ​អំឡុង​ឆ្នាំ២០១៦, ២០១៧ និង ២០១៨។ លោក​បញ្ជាក់​ថា គ្រាន់​តែ​រយៈ​ពេល​ ១ម៉ោង​ មាន​រថយន្ត​យី​ឌុប ៦០គ្រឿង​ នាំ​ឈើ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ លោក​ថា​ ក្នុង​មួយ​រថយន្ត​អាច​ផ្ទុក​ឈើ​ចាប់​ពី ៦០ម៉ែត្រ​គូប​ ទៅ ១០០ម៉ែត្រ​គូប ហើយ​ឈើ​ទាំង​នោះ​ ត្រូវ​បាន​​គេ​ប្រមូល​ពី​ខេត្ត​មណ្ឌលគិរី​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង។ លោកបន្តថា៖ «គាត់​បើក​ច្រក​ខ្លួន​ឯង ហើយ​បើ​សិន​ជា​នរណា​ចង់​ដឹក​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ត្រូវ​តែ​ទាក់ទង​គាត់ បង់​លុយ​ឲ្យ​គាត់ ព្រោះ​គាត់​ជា​អ្នក​បើក​ច្រក​ហ្នឹង​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម។ ទាំង​ពលរដ្ឋ​ដឹក​ម៉ូតូ ពលរដ្ឋ​ដឹក​គោយន្ត និង​ឧកញ៉ា​ធំៗ ដឹក​ជញ្ជូន​ឈើ​ប្រើ​រថយន្ត​អា​យី​ឌុប»។
ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ​ ថ្លែង​ថា​ មានតែ​ក្រសួងមហាផ្ទៃ​ទេ ទើប​មាន​សិទ្ធិ​បើក​ច្រក​របៀង​ និង​ច្រក​ព្រំដែន​អន្តរជាតិ។ លោក​ថា ប្រសិនបើ​មាន​បុគ្គល​ណា​​លួច​បើក​ច្រក​របៀង​ ដើម្បី​ធ្វើអាជីវកម្ម​ឈើ​ដោយ​ខ្លួន​ឯង​ ជា​ទង្វើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ​ និង​គណៈកម្មការ​ជាតិ​ត្រូវ​​ស៊ើបអង្កេត​ករណី​នេះ​ជា​​បន្ទាន់​ ដើម្បី​ចាប់​អ្នក​​ប្រព្រឹត្ត​ល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់។ លោកបន្តថា៖ «នេះ​ជា​ប្រភេទ​បទ​ល្មើស​ឆ្លង​ដែន​ដ៏​ធ្ងន់ធ្ងរ​មួយ​ហើយ រដ្ឋ​អធិបតេយ្យ គឺ​គ្មាន​ប្រទេស​ណា អាច​ឆ្លង​ដែន​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ហើយ​ប្រទេស​កម្ពុជា​ក៏​គ្មាន​សិទ្ធិ​ទៅ​ប្រទេស​ណា​មួយ​ដែរ​ខុស​ច្បាប់​ដែរ។ ក្រែង​លោ​ការ​លួច​បើក​ច្រក​ព្រំដែន មាន​ការ​ឃុបឃិត​គ្នា ដោយ​មាន​នរណា​ជា​ខ្នង​បង្អែក »។
សកម្មជន​បរិស្ថាន​រក​ឃើញ​ថា​ លោក​ គង់ ក្រឹង គឺជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ ៥ មាន​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​ និង​មាន​សណ្ឋាគារ​មួយ​កន្លែងនៅ​ស្រុក​ស្នួល។ ពួក​គេ​អះអាង​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ ឧកញ៉ា​រូប​នេះ​ បាន​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែៗ ដើម្បី​សូកប៉ាន់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ជា​ថ្នូរ​អនុញ្ញាត​សកម្មភាព​រត់ពន្ធ​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។
សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​លោក គង់ ក្រឹង ប្រសិន​បើ​រក​ឃើញ​ថា ឧកញ៉ា​រូប​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​មែន។ ពួក​គេ​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ដាក់​ចេញ​នូវ​ចំណាត់​ការ​ដូច​គ្នា​នេះ​លើ​ក្រុម​ឧកញ៉ា និង​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​ដទៃ​ទៀត​ដែរ ដើម្បី​ថែរក្សា​ធនធាន​ព្រៃឈើ​ដែល​នៅ​សេសសល់​ឱ្យ​បាន​គង់​វង្ស។
សារព័ត៌មានជាតិខ្មែរមិន​អាច​ទាក់ទង​ ឧកញ៉ា​ គង់​ ក្រឹ​ង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​​ទេ​ នៅ​ថ្ងៃ​ទី៧​ សីហានេះ ដោយទូរស័ព្ទចូលច្រេីនដងតែគ្មានអ្នកលេីក៕

 ឃ្លាំងស្តុកឈេីដ៏ធំរបស់ឧកញ៉ា គង់ ក្រឹង ស្ថិតនៅជាប់ច្រករបៀងត្រពាំងស្រែ ដែលលោក
បេីកច្រកនេះដោយខ្លួនឯងសម្រាប់ដឹកឈេីចេញទៅវៀតណាម។

ក្បួនម៉ូតូដឹកឈេីយកទៅស្តុកទុកនៅក្នុងឃ្លាំងរបស់ លោក គង់ ក្រឹងខាងលេី។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger