សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, August 15, 2019

អភិបាលខេត្តមណ្ឌលគិរីសម្រេចដកដីជិត១០០០ ហិកតាពី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឈ្មោះ សេង សុវណ្ណារ៉ា អតីត និស្សិតក្មេងវត្ត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អភិបាលខេត្តមណ្ឌលគិរីបានសម្រេចដកដីជិត១០០០ ហិកតាពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ម្នាក់ ឈ្មោះ សេង សុវណ្ណារ៉ាមកទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីរកឃើញថា ដីនោះស្ថិតនៅក្នុងដែន អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានចេញលិខិត ឱ្យអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឈ្មោះ សេង សុវណ្ណារ៉ា កាន់កាប់ដីធ្លីទំហំជិត ១ពាន់ ហិក តាស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ស្រប ទៅតាមច្បាប់។
ប៉ុន្តែនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានចេញ លិខិតបដិសេធទទួលស្គាល់លិខិតដែលអាជ្ញាធរខេត្តបានចេញនោះវិញ។


ការបដិសេធទទួលស្គាល់នោះ ក្រោយពីរដ្ឋបាលខេត្តមណ្ឌលគិរី ចុះពិនិត្យជាក់ស្ដែងឃើញថា ដីទំហំជិត១ពាន់ ហិកតា ដែលអាជ្ញាធរខេត្តបានចេញលិខិតឱ្យអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឈ្មោះ សេង សុវណ្ណារ៉ា កាន់កាប់កន្លងមកនោះ ដោយរកឃើញថា ដីនោះស្ថិតនៅក្នុងដែនអភិរក្ស គ្រប់គ្រងដោយក្រសួងបរិស្ថាន។
លិខិតបញ្ជាក់ថា «កន្លងមក អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងខេត្តបានបញ្ជាក់លើលិខិត កាន់ កាប់និងប្រើប្រាស់ដី លេខ ២០៤៣/១៨ អនញ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡា ៩ ៩០២ ៤២០ ម៉ែត្រការ៉េ ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែកឱ្យឈ្មោះ សេង សុវណ្ណារ៉ា កាន់កាប់ស្របតាមនីតិវិធីច្បាប់ ។ ប៉ុន្តែក្រោយពីរដ្ឋបាលខេត្តចុះពិនិត្យស្ថានភាពជាក់ស្ដែងឃើញថា ការកាប់កាន់ផ្ទៃដីខាងលើនេះ មានភាពមិនប្រក្រតីប៉ះពាល់ដល់ដែនដីដែនអភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន»។
កាសែតជាតិខ្មែរ មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានទេដោយទូរសព្ទចូលគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីលោក សុខ សារ៉ា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿង នេះ ។
លោកថា៖«មើលឃើញហើយនៅសួរទៀត ឃើញទំហំប៉ុន្មាន គេបដិសេធហើយ គេនិរាករណ៍ ហើយ និរាករណ៍ហើយ បានហើយអ៊ីចឹង»។
ចំណែកអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ដែលពាក់ព័ន្ធការកាន់កាប់ដីនេះលោក សេង សុវណ្ណារ៉ា ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយលេខទូរសព្ទដែលធ្លាប់ទាក់ទងពីមុននោះ អ្នកទទួលឆ្លើយថា មិនមែនជារបស់លោក សេង សុណ្ណារ៉ាទេ។​
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់ទុកការចេញ លិខិតអនុញ្ញាតឱ្យកាន់កាប់ដីធ្លីក្នុងតំបន់ដែនអភិរក្ស ដោយមិនបានសិក្សាជា មុននោះលោកថា អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកជំរុញទៅរដ្ឋាភិបាលឱ្យធ្វើការពិនិត្យនិងចាត់វិធានការ ទៅលើមន្ត្រីដែលបានចេញលិខិត អនុញ្ញាតកាន់កាប់ដីរបស់រដ្ឋ ដើម្បីកុំឱ្យករណីនេះកើតឡើងនៅពេលក្រោយទៀត។
លោកថា៖«បើសិនជា អត់មានការឃុបឃិតគ្នាជាប្រព័ន្ធទេ​ គឺមិនបានចេញលិខិតហ្នឹងបានទេ​ អ៊ី ចឹងបានខ្ញុំសំណូមពរថ្នាក់ដឹកនាំ ជាពិសេសខាងក្រសួងដែនដី មេត្តាពិនិត្យ ករណីនេះឡើងវិញ ដើម្បីគ្រប់គ្រងដីរបស់រដ្ឋឱ្យមានស្ថិរភាព ជៀសវាងការរំលោភបំពាន ពីសំណាក់អ្នកមានអំណាច នៅតាមមូលដ្ឋាន នៅតាមថ្នាក់ក្រោមជាតិ និងនៅតាមថ្នាក់ជាតិ ដែលគាត់ចុះមករំលោភបំពាន
ដីធ្លី នៅខេត្តមណ្ឌលគិរីនេះ»។
កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមក ជនជាតិដើមភាគតិចពូនងនៅស្រុកអូររាំងខេត្តមណ្ឌលគិរី ក៏ធ្លាប់បានចោទអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ឈ្មោះ សេង សុវណ្ណារ៉ា បានគំរាមកំហែងចាប់ ពួកគេដាក់ពន្ធនាគារ បើមិនប្រគល់ដីចំនួន៤៧២ ហិកតា អោយលោកទេ។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ឈ្មោះ សេង សុវណ្ណារ៉ា គឺជាសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តមណ្ឌលគិរី។​
ប៉ុន្តែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានសម្រេចប្ដូរ លោក សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តមណ្ឌលគិរី ដោយដាក់លោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរីជំនួសវិញ។
សូមបញ្ជាក់ថា ឈ្មោះ សេង សុវណ្ណារ៉ា ជាអតីតនិស្សិតក្មេងវត្ត ដៃឆើតម្នាក់ក្នុងការប្រព្រឹត្តហិង្សា ក្នុងសង្គម ហើយក៏ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌដូនពេញផងដែរ។ ឈ្មោះ សេង សុវណ្ណារ៉ា ក៏ធ្លាប់ធ្វើជាអ្នកកាសែតនៅកាសែតក្មេងវត្ត ជាមួយឈ្មោះ ផាន់ សុវណ្ណារិទ្ធ ដែល ក្រោយមក ឈ្មោះ ផាន់ សុវណ្ណារិទ្ធនេះបានក្លាយជាឧកញ៉ា ហើយក៏ដើររំលោភយកដីរាស្ត្រនិងរដ្ឋ នៅតំបន់ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យទៀតផង។ តែឥឡូវនេះ ផាន់ សុវណ្ណារិទ្ធក៏បាត់ ឈ្មោះឈឹងពីពិភពគុណនេះដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger