Tuesday, April 08, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 2, 2020

លោក សម រង្ស៊ី រំពឹង​ថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ពី​អ្វី​ដែល​អាក្រក់ មក​ជា​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​មុន​វិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បញ្ចេញ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​ឆ្នាំ​សកល​២០២០ ដោយ​បួងសួង​សុំ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ ចំណែក គូប្រជែង​នយោបាយ​របស់​លោក គឺ​លោក ហ៊ុន សែន វិញ ក៏បាន​ជូនពរ​ពលរដ្ឋ​ខ្មែរ​ដូចគ្នា ប៉ុន្តែ​ភ្ជាប់​នឹង​អត្ថន័យ​ថា «មាន​សន្តិភាព គឺ​មាន​អ្វីៗ​ទាំង​អស់»

លោក សម រង្ស៊ី រំពឹង​ថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ពី​អ្វី​ដែល​អាក្រក់ មក​ជា​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​មុន​វិញ។ លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ដោយ​បួងសួង​សុំ​ឱ្យ​ប្រទេស​កម្ពុជា​មាន​លទិ្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ ស្របតាម​ឆន្ទៈ និង​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់​។ ក្នុង​ន័យ​នេះ លោក​ចង់​ឃើញ​កម្ពុជា​រក្សា​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប ដើម្បី​ផលប្រយោជន៍​របស់​កម្មករ​រោងចក្រ​រាប់​សែន​នាក់។

ម្យ៉ាងវិញទៀត ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ សង្ឃឹម​ថា ជនរងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់បែប​យ៉ាង​កាល​ពី​អតីតកាល នឹង​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ ជា​ពិសេស​ លោក​ចង់​ឃើញ​យុវជន​ខ្មែរ​អាយុ​ក្រោម ៣៥​ឆ្នាំ ឆាប់​មាន​មេដឹកនាំ​ថ្មី​ដែល​មាន​លក្ខណៈ សម្បត្តិ​ត្រឹមត្រូវ​ដូច​អរិយ​ប្រទេស​លើ​ពិភពលោក ដោយ​ផុត​រលត់​ពី​របប​សព្វថ្ងៃ ដែល​ដឹកនាំ​ដោយ​ជន​ផ្ដាច់ការ អសីលធម៌ និង​អសមត្ថភាព ដែល​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ចុះ​អន់ថយ និង​ស្ថិត​ក្នុង ចំណោម​ប្រទេស​ពុករលួយ​ជាងគេ​លើ​ពិភពលោក។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ក៏​សង្ឃឹម​ដែរ​ថា ក្រុម​មេដឹកនាំ​ខ្មែរ​សព្វថ្ងៃ​ចេះ​ភ្ញាក់​រលឹក កែប្រែ និង​កែ​លម្អ​នយោបាយ​អាក្រក់​របស់​ខ្លួន ដោយ​ចេះ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ដើម្បី​បញ្ចៀស​កាត់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ខុស​ផ្ទុយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង មេ​ដឹក​បក្ស​កាន់អំណាច​ឯណោះ​វិញ បាន​អះអាង​ថា កម្ពុជា​កំពុង​មាន​សន្តិភាព ហើយ​ពលរដ្ឋ​ខ្មែរ​បាន​រីករាយ​ក្រៃលែង​នឹង​ព្រឹត្តិការណ៍​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១ មករា​ថា ការចូលរួម​អបអរសាទរ និង​កម្សាន្ត​សប្បាយ​ក្នុង​ពិធីបុណ្យ​ទាំង​តូច​ទាំង​ធំ​នេះ អាច​កើតមាន​ទៅ​បាន​ដោយសារតែ​កម្ពុជា​មាន​​សុខ​សន្តិភាព​។ ទន្ទឹម​នឹង​ពាក្យ​ជូនពរ​ពលរដ្ឋ​ខ្មែរ លោក​បាន​សង្កត់ធ្ងន់​ថា គ្មាន​សន្តិភាព គឺ​គ្មាន​អ្វីៗ ​ទាំងអស់​។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ការ​ជួបជុំ​ក្រុម​គ្រួសារ​​ដ៏​រីករាយ​របស់​លោក​ផង​ដែរ។

កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​គ្រោះកាច​ដែល​អាច​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ ហើយ​ពលរដ្ឋ​រាប់​សែន​នាក់​អត់​ការងារ​ធ្វើ នោះ​គឺ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា តើ​ត្រូវ​ដកហូត ឬ​រក្សា​ការ​អនុគ្រោះ​ពន្ធ​នេះ នៅ​ក្នុង​ខែ​កុម្ភៈ​ខាងមុខ បន្ទាប់ពី​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ ប្រសិនបើ​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ EBA មែន​នោះ​ រោងចក្រ​កាត់ដេរ​ជាច្រើន​អាច​នឹង​ត្រូវ​បិទទ្វារ ហើយ​
កម្មករ​រាប់​សែន​នាក់ ព្រមទាំង​ក្រុម​គ្រួសារ​របស់​ពួកគាត់​រាប់​លាន​នាក់​ទៀត នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ទណ្ឌកម្ម​នេះ៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger