Pages - Menu

Thursday, February 2, 2023

លោក ហ៊ុន សែន ស្នើឱ្យពិនិត្យពីការធ្លាក់ចុះខ្លាំងចំនួនសិស្សប្រុស​​ប្រឡងជាប់បាក់ឌុប នៅឆ្នាំ២០២២!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំដែងការបារម្ភពីគម្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សប្រុស​​​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅក្នុងឆ្នាំ​២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។

ការលើកឡើងរបស់លោកនាយកដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​ឡើង​​ក្នុងពេលដែលលោកជួបសំណេះ​សំណាល​ជាមួយ​សិស្ស​ប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការបារម្ភរបស់លោក ហ៊ុន សែន ក្រោយពីលោកបានពិនិត្យមើលតួលេខសិស្សប្រឡងជាប់បាក់ឌុបសម្រាប់ឆ្នាំសិក្សាឆ្នាំ ២០២១-២០២២ ដែលបង្ហាញថា ចំនួនសិស្សស្រីដែលបានប្រឡងជាប់បាក់ឌុបនៅទូទាំងប្រទេស​មានរហូតដល់ជិត ៨០​ភាគរយ ខណៈសិស្សប្រុសមានត្រឹមតែជាង ២០​ភាគរយប៉ុណ្ណោះ។

ជាការឆ្លើយតបភ្លាមៗទៅកា​ន់​លោក ហ៊ុន សែននាពេលនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារុន លើកឡើងថា គម្លាតបែបនេះ មិនត្រឹមតែកើតឡើងនៅក្នុងប្រទេស​កម្ពុជានោះ​ទេ ពោល​លោក​ថា បញ្ហានេះវាគឺជានិន្នាការសកល។ ទោះជាបែបនេះក្តី លោក​ហ៊ុន សែននៅ​តែ​ចង់ឱ្យ​មាន​ការ​ពិនិត្យ និងសិក្សា​ឱ្យបានច្បាស់លាស់អំពីបញ្ហានេះ ដើម្បីឈានដល់ការដោះស្រាយ​អំពីគម្លាតនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ៖«ម្ខាងយើងមា​នមោទនភាពអំពីការកើនឡើងនៃចំនួនសិស្ស​ជាស្រ្តីដែលបានប្រឡងជាប់នៅមធ្យមសិក្សាទុតិយភូមិ យើងមានមោទនភាព តែម្ខាងទៀតយើងក៏មានការកង្វល់ដែរ កង្វល់ត្រង់ថា ហេតុអីបានជាក្នុងចំនួនអ្នកដែលជាប់ ១០០នាក់ ៧៧នាក់បានទៅស្រ្តី​[…] អ៊ីចឹងចំណុចនេះជាចំណុច តើ​មកពីមូលហេតុអី? ផ្នែកសិក្សា ផ្នែកការស្រាវជ្រាវ គួរត្រូវស្រាវជ្រាវថាតើមកពីមូលហេតុអ្វី?​​[…] នេះហើយគឺជាបញ្ហា ពីមុនគម្លាតវាអត់ធំប៉ុន្មានទេ ឥលូវគម្លាតវាធំពេក វាធំពេក ខ្ញុំមិនដឹងថាក្រសួងអប់រំបានសិក្សាលើចំណុចនេះឬអត់?»។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៅក្នុងប្រទេសកម្ពុជាតួលេខនៃសិស្ស និស្សិតនៅកម្រិត​​មធ្យម​សិក្សា ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញា​បត្រ ចំនួនសិស្សជាស្រ្តី គឺមានចំនួនច្រើនជាងបុរស ប៉ុន្តែចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទៅចំនួនស្រ្តីមានការថយចុះ បើធៀបជាមួយចំនួនបុរស ដែលលោក​ថា កត្តាប្រពៃណីក៏អាចជាមូលហេតុមួយរារាំងដល់ការអប់រំរបស់ស្រ្តី ដោយសារតែស្រ្តីត្រូវមានគូស្រករ និងត្រូវមើលថែទាំកូនជាដើម។

បើតាមក្រសួងអប់រំ យុវជន និងកីឡា លទ្ធផល​នៃ​ការប្រឡងសញ្ញា​បត្រមធ្យម​សិក្សាទុ​តិយ​ភូមិ (បាក់ឌុប) មានសិស្សប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% នៃ​ចំនួន​បេក្ខជនមក​ប្រឡង។

ចំណែកបេក្ខជនជាប់និទ្ទេស​A ក្រសួងថាមានចំនួន១ ០៤៩​នាក់, និទ្ទេស​B ចំនួន៧ ២៣២នាក់, និទ្ទេសC ចំនួន១៩ ០៥៣​នាក់, និទ្ទេស​D ចំនួន៣១ ១៦៦នាក់ និងនិទ្ទេស​E ចំនួន៣២ ៤៥០នាក់ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើងចំនួនជិត២ម៉ឺននាក់ គឺ១៨ ៩៣៤នាក់៕

No comments:

Post a Comment