សមាជិកសហគមន៍ប្រមាណជាង ១០០នាក់ និងសកម្មជនសិទ្ធិដីធ្លីជាច្រើននាក់ផ្សេងទៀត បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រនេះ ដើម្បីទាមទារឱ្យមានការដោះលែងបុគ្គលិកសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) ចំនួន ៣នាក់ ដែលបានចាប់ឃាត់ខ្លួនកាលពីម្សិលមិញ នៅខេត្ត រតន:គិរី ។
សមាជិកសហគមន៍ទាំងនោះ មកពីខេត្តកោះកុង ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ និងកណ្តាល បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យអាជ្ញាធរ ដោះលែង លោក
ថេង សាវឿន ជាប្រធានសមាគម លោក ញិល ភាព ជាបុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច ជាបុគ្គលិកគម្រោង ។ មូលហេតុចម្បងនៃការចាប់ខ្លួនពួកគេ នៅមិនទាន់ដឹងនៅឡើយរហូតមកដល់ពេលនេះ ហើយពួកគេទាំងបីនាក់ ត្រូវបានឃាត់ខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។
តំណាងសហគមន៍ចំនួន ៦នាក់ ត្រូវបានអនុញ្ញាតឱ្យចូលក្នុងក្រសួង ដើម្បីដាក់ញ្ញត្តិ ។ ក្រសួងបានទទួលយកញ្ញត្តិ ប៉ុន្តែបានបដិសេធសំណើររបស់សហគមន៍ក្នុងការទាមទារឱ្យមានការដោះលែងបុគ្គលិកសមាគម CCFC ដែលត្រូវបានចាប់ខ្លួន ។
សមាជិកសហគមន៍ជាច្រើននាក់ដែលមកពីខេត្តកោះកុង ត្រូវបានអាជ្ញាធរបិទផ្លូវ តាំងពីម៉ោង ២ទាបភ្លឺនេះ ខណៈពេលដែលអ្នកទាំងនោះព្យាយាមធ្វើដំណើរតាមរថយន្តមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមការប្រមូលផ្តុំនេះ ។ ពួកគេត្រូវបានបង្អាក់ដំណើរអស់រយៈពេលជិត ២ម៉ោង បន្ទាប់មកមានសមាជិកសហគមន៍មួយចំនួនបានត្រឡប់ទៅផ្ទះវិញ ៕
No comments:
Post a Comment