សមាជិកសហគមន៍ដីធ្លីជាច្រើនដែលមកពីខេត្តកោះកុង ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ និងកណ្តាល បានប្រមូលផ្តុំគ្នា ទាមទារឱ្យមានការដោះលែងបុគ្គលិកសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) ចំនួនបីរូប ដែលត្រូវបាននគរបាលចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ៣០២៣ នៅខេត្ត រតនគិរី ។
លោក ថេង សាវឿន ជាប្រធានសមាគម លោក ញិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសហគមន៍ ត្រូវបានតុលាការខេត្តរតនគិរីសម្រេចចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៥៣, ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ចៅក្រមស៊ើបសួរ គឺលោក សាយ គូហាវ ។ ប្រសិនបើអ្នកទាំងបីត្រូវបានតុលាការផ្តន្ទាទោស នោះអ្នកទាំងបីអាចនឹងត្រូវជាប់ពន្ធនាគារពី ៥ ដល់ ១០ ឆ្នាំ ។
នៅខណៈដែលសមាជិកសហគមន៍រាប់រយនាក់ បានប្រមូលផ្តុំាគ្នានៅមុខក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងអ្នកទាំងបី ពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវបានអាជ្ញាធររារាំង ដោយមិនអនុញ្ញាតឱ្យមកចូលរួមប្រមូលផ្តុំគ្នានៅភ្នំពេញនោះទេ ។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សមាជិកសហគមន៍ជាច្រើននាក់ មកពីខេត្តកោះកុង ត្រូវបានអាជ្ញាធរឃាត់រថយន្តតាំងពីម៉ោង ២ ព្រឹកព្រលឹម នៅពេលអ្នកទាំងនោះព្យាយាមធ្វើដំណើរមកភ្នំពេញ ។ សមាជិកសហគមន៍ទាំងនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនអស់រយៈពេលជាង ២ ម៉ោង ហើយអ្នកតំណាងរបស់សហគមន៍ទាំងនោះត្រូវបានអាជ្ញាធរគម្រាមថានឹងចាប់ខ្លួន ប្រសិនបើសហគមន៍នៅតែបន្តព្យាយាមទៅប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ ៕
No comments:
Post a Comment