សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 2, 2023

ប្រកាសផ្ទេរមុខតំណែងប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, លោក ស៊ឹម លីន ជំនួសលោក សាយ ចំរើន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(រតនគិរី)៖​ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពប្រកាសផ្ទេរមុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយលោក ស៊ឹម លីន ជំនួសលោក សាយ ចំរើន ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកបរកែវ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រធាន នគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងអាជ្ញាធរស្រុកអូរយ៉ាដាវផងដែរ។

លោក ស៊ឹម លីន ដែលទើបទទួលតំណែងថ្មី បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ញ៉ែម សំអឿន ព្រមទាំងថ្នាក់ដឹកនាំគ្រប់រូប ដែលមានទំនុកចិត្តតែងតាំង និងចាត់តាំងភារកិច្ចជូនលោកជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

ក្នុងអង្គពិធីនេះលោក ញ៉ែម សំអឿន បានណែនាំដល់លោក ស៊ឹម លីន ត្រូវធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ មានកិច្ចសហការល្អជាមួយកម្លាំងទាំងអស់នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោកថា «ទោះបីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានទំហំពាណិជ្ជកម្មទំនិញចេញ-ចូល មិនដូចច្រកទ្វារអន្តរជាតិផ្សេងៗ ប៉ុន្តែខេត្តរតនគិរី យើងសំបូរដំណាំកសិកម្ម កសិឧស្សាហកម្ម ហើយមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម អាចដឹកជញ្ជូនឆ្លងកាត់ទៅប្រទេសចិន តាមផែសមុទ្រគួញ៉ើងប្រទេសវៀតណាមមានភាពងាយស្រួលផងដែរ»។

បន្ថែមលើនេះទៀតលោក ញ៉ែម សំអឿន បានដាស់តឿនសុំឲ្យមានការយោគយល់ចំពោះបងប្រជាពលរដ្ឋក្រីក្រមានសុជីវធ៌ម ជាមួយពួកគាត់ពេលសុំសេវាផ្សេងៗ តែការងារត្រូវតែម៉ឺងម៉ាត់មានការទទួលខុសត្រូវខ្ពស់ ហើយការងារមានតែរយៈពេល ២ឆ្នាំ(១អាណត្តិ)។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន បានជំរុញឲ្យមន្ទីរពាណិជ្ជកម្មបើកផ្សារព្រំដែនអូរយ៉ាដាវងាយស្រួលប្រជាពលរដ្ឋដឹកទំនិញមកដាក់លក់ ដោយមិនចាំបាច់ដឹកទៅលក់នៅទីផ្សារវៀតណាម អាចក្រុមឈ្មួញខ្លះក្រឡុកតម្លៃពួកគាត់ បង្ខំចិត្តដឹកត្រឡប់មកដីខ្មែរវិញមានការខាតបង់ជាច្រើន នៅពេលខាងមុខរដ្ឋបាលខេត្ត បើកច្រកទ្វារញ៉ាង (ទ្វេភាគី) នៅស្រុកអណ្តូងមាស ដើម្បីបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ដឹកកសិផលទៅលក់នៅប្រទេសវៀតណាមផងដែរ៕






0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger