ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយដោយមិនបានប្រកាសឱ្យដឹងជាមុន ទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដានេះ ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់លោក យូន កើតមានឡើង បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវីលនីញូស នៃប្រទេសលីទុយអានី និងបន្ត បំពេញទស្សនកិច្ចក្នុងសប្ដាហ៍នេះ នៅប្រទេសប៉ូឡូញ ជាទីដែលលោកបានបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន និងពិភាក្សាស្វែងរកមធ្យោបាយដើម្បីផ្ដល់ការគាំទ្រដល់ អ៊ុយក្រែនដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន បានបំពេញទស្សនកិច្ចទៅកាន់កន្លែងដែលមាន ការសម្លាប់រង្គាលក្នុងទីក្រុង ប៊ូចា (Bucha) ស្ថិតនៅក្បែររដ្ឋធានីកៀវ មុនបំពេញទស្សនកិច្ចទៅកាន់ទីក្រុងអៀពីន (Irpin) ជាតំបន់ទីប្រជុំជនមួយដែលបានក្លាយជា គោលដៅនៃការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំពីសំណាក់កងកម្លាំងរុស្ស៉ី។
នៅក្រោយបញ្ចប់ទស្សនកិច្ចទាំងនេះ លោក យូន ត្រូវបានគេរំពឹងថានឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយជាមួយលោក ហ្សេលេនស្គី។
គួរបញ្ជាក់ថា ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយផងនោះ កូរ៉េខាងត្បូង បាន និងកំពុងប្រឈមមុខនឹងសម្ពាធ ពាក់ព័ន្ធ នឹងការអំពាវនាវឱ្យបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ខណៈរដ្ឋបាលលោក យូន ក្នុងពេលបច្ចុប្បន្ន នៅតែបន្តផ្តោតទៅលើការផ្ដល់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុ ក្រោមហេតុផលដែលក្រុមអ្នកជំនាញយល់ថាដោយសារតែឥទ្ធិពលរបស់រុស្ស៉ី លើកូរ៉េខាងជើង៕
0 comments:
Post a Comment