សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 30, 2016

តុលាការកំពូលបន្តឃុំខ្លួនមន្ត្រី​គ.ជ.បម្នាក់និងមន្ត្រី អាដហុក៤នាក់តាមការសម្រេច របស់សាលាឧទ្ធរណ៏

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក នី ចរិយា លោក យី សុខសាន និងលោក​ ណៃ វ៉ង់ដាពេលនាំខ្លួនមកដល់តុលាការ
កន្លងមក។

ដោយ​ កញ្ញា​ ប្រាក់​ ដាលីន
 
តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស៤នាក់ និងមន្ត្រី គ.ជ.បម្នាក់នៅ
ព្រឹកមិញនេះ​ដោយច្រានចោលបណ្តឹងសាទុក្ខសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឲ្យមន្ត្រីការពារ
សិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ទាំងនោះ។
តុលាការជាន់ខ្ពស់មួយនេះ​ចាត់ទុកថា ការសម្រេចរបស់សាលាឧទ្ធរណ៍ធ្វើស្របតាមនីតិវិធី
ច្បាប់ទាំងស្រុង។
តុលាការកំពូលនៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសសាលដីកា លើសំណុំ
រឿងមន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយបានសម្រេចបន្តឃុំខ្លួនបណ្តោះ
អាសន្ន ដើម្បីមានពេលស្វែងរកភស្ភុតាងដាក់បន្ទុកបន្ថែមទៀត។
មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សអាហុកនិងមន្ត្រី គ.ជ.ប លោក សំ សុគង់ បានប្រាប់អ្នកសារ
ព័ត៌មានបន្ទាប់ពីចៅក្រមប្រកាសសាលដីកានៅថ្ងៃនេះថា តុលាការកំពូលបានរក្សាតម្កល់ដីកា
សម្រេចឃុំខ្លួនបណ្តោះអាសន្នលើមន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រី គ.ជ.ប មួយរូបដដែល ដោយ
ថាសំណុំរឿងនោះ សាលាឧទ្ធរណ៍បានធ្វើស្របតាមមាត្រា២០៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោក សំ សុគង់ យល់ថា ការសម្រេចរបស់តុលាការកំពូលធ្វើឡើងក្រោមសម្ពាធនយោបាយ ដោយលោកថា បើតាមនីតិវិធីច្បាប់ការសុំនៅក្រៅឃុំបណ្តោះអាសន្នអាចធ្វើបាន ករណីជនត្រូវ
ចោទមានសំអាងហេតុច្បាស់លាស់។
លោកថា៖ «យើងឃើញថា នៃការប្រកាសសាលដីកានៅថ្ងៃនេះ ហាក់ដូចជាមានការផ្ទុយទៅនឹងអ្វី
ដែលក្រុមមេធាវីជឿឬមេធាវីថានឹងអាងនិងបាននៅក្រៅឃុំ បើយើងយល់ទៅតាមច្បាប់»
ទោះជាបែបនេះក្តី លោក សំ សុគង់ បញ្ជាក់ថា ដោយសារដំណើរការនីតិវិធីរបស់តុលាការកំពូល
មានភាពយឺតយ៉ាវ លោកថាកន្លងមកក្រុមមេធាវីបានប្តឹងសាទុក្ខជាលើកទីពីរទៅសាលាដំបូង  
ខណៈស្ថាប័នជាន់ទាបនេះ បានបញ្ជូនទៅដល់សាលាឧទ្ធរណ៍រួចហើយ។ លោកថាមិនយូរទេ
បណ្តឹងសាទុក្ខលើកទីពីរនេះនឹងបញ្ជូនទៅតុលាការកំពូលនៅពេលឆាប់ៗនេះដើម្បីស្វែងរកយុត្តិធម៌
ជូនកូនក្តី បើទោះបីពួកគេថាមានជំនឿតិចតួចលើប្រព័ន្ធតុលាការក៏ដោយ។
អ្នកជាប់ឃុំលោក ណៃ វង់ដា បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីប្រកាសសាលដីកាថា ការ
សម្រេចរបស់តុលាការជារឿងអយុត្តិធម៌ សម្រាប់ពួកគេដែលជាមន្ត្រីការពារសិទ្ធិមនុស្ស ពោល
ជាអ្នករកយុត្តិធម៌ឲ្យជនរងគ្រោះ ជាពិសេសករណីស្រីមុំ តែលោកថា បែរជាត្រូវបានតុលាការ
ចោទប្រកាន់ទៅវិញ។​
លោកថា៖ «ពួកយើងធ្វើការត្រឹមត្រូវតាមផ្លូវច្បាប់ តាមអង្គការ យើងជួយជនរងគ្រោះរាប់រយ រាប់
ពាន់នាក់កន្លងមកហើយ ហើយជំនួយជនរងគ្រោះ យើងជួយដល់ជនរងគ្រោះក្រីក្រអត់ឃ្លាន លំបាកវេទនា មិនមែនតែរឿងស្រីមុំមួយទេ យើងជួយគ្រប់គ្នាទំាងអស់ ហើយរឿងនេះដូចខ្ញុំបាន
និយាយដដែលៗថា យើងអត់មានកំហុសទេ»
ក្នុងមាត្រា២០៨នៃក្រមនីតិវិធីព្រហ្មទណ្ឌនិយាយថា ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែ
បានទេ។ ប៉ុន្តែនៅពេលផុតថេរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នម្តង
៦ខែ ដោយដីកាមានសំអាងហេតុផលត្រឹមត្រូវនិងច្បាស់លាស់ ហើយចៅក្រមស៊ើបសួរអាច
សម្រេចពន្យារការឃុំខ្លួនបណ្តោះអាសន្ននេះបានតែ២ដងប៉ុណ្ណោះ។
រីឯអ្នកជាប់ឃុំម្នាក់ទៀតលោក យី សុខសាន្ត បានផ្តាំទៅអ្នកនយោបាយជាពិសេសលោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន សុំបញ្ឈប់លេងល្បែងនយោបាយលាបពណ៌គ្នា ដោយថាកុំឲ្យអ្នកដែលមិនមាន
កំហុសជាប់ពន្ធនាគារ ជាពិសេសមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប។
លោកថា៖ «អ្នកនយោបាយទំាងអស់ បញ្ឈប់លេងល្បែងនយោបាយ ដែលគេថានយោបាយមួយ
ដែលមិនមានសុច្ចរិតភាព ដូច្នេះយើងគួរតែគិតអំពីយុត្តិធម៌នៅក្នុងសង្គមឲ្យបានច្រើន ជៀសវាង
យើងលេងល្បែងនយោបាយមួយដែលមានភាពទុច្ចរិត វាធ្វើឲ្យអ្នកដែលអត់ដឹងអីរងគ្រោះ ដោយ
សារតែយើងលេងល្បែងនយោបាយបែបនេះ ខ្ញុំសូមផ្តាំផ្ញើទៅអ្នកនយោបាយ ពិសេសអ្នក
នយោបាយដែលកំពុងដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ»
លោក យី សុខសាន្តក៏បានស្នើទៅព្រះមហាក្សត្រជួយធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឲ្យមាន
ឯករាជ្យភាពឡើងវិញ ដើម្បីការពារយុត្តិធម៌សង្គម ជាពិសេសពលរដ្ឋមួយចំនួនដែលរងគ្រោះ
ដោយរឿងអយុត្តិធម៌ក្នុងសង្គម។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូលោក អំ សំអាត យល់
ថាបើតាមនីតិវីធីច្បាប់ បើតុលាការជាន់ទាបមិនមានភាពចំាបាច់និងមិនស្មុគស្មាញក្នុងដំណើរការ
ស៊ើបអង្កេតទេ លោកថាតុលាការគួរតែឲ្យពួកគេបាននៅក្រៅឃុំបណ្តោះអាសន្ន។ លោកថា បើ
តុលាការនៅតែបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ធ្វើឲ្យកម្ពុជាខាតប្រយោជន៍និងប៉ះ
ពាល់ដល់មុខមាត់រដ្ឋាភិបាលផងដែរ។
លោកថា៖ «ការឃុំខ្លួនពួកគាត់បន្តវាអត់មានអីចំណេញ ពីព្រោះកន្លងមកយើងឃើញថាសហគមន៍
អ៊ឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនគេធ្វើការរិះគន់ ហើយគេទាមទារឲ្យមានការដោះ
លែងពួកគាត់ ហើយរហូតដល់ឈានទៅដល់ការបង្កកនូវជំនួយ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេស
កម្ពុជាយើង វាធ្វើឲ្យប៉ះពាល់ច្រើន ដោយសារតែការចាប់ និងការឃុំខ្លួនពួកគាត់»
សូមបញ្ជាក់ថាមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីដើមខែ
ឧសភាកន្លងទៅនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំ
គណបក្សប្រឆាំង លោក កឹម សុខា។
ចំណែកមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកផងដែរនោះក៏ត្រូវបាន
ចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់
សាក្សី។​អង្គភាពប្រឆាំងអំពើពុករលួយអះអាងថាលោក​នី ចរិយាអគ្គលេខាធិការរង..ប​បាន
ទូរស័ព្ទទៅកាន់មន្ត្រីសិទ្ធិមនុស្សអាដហុកដែលជាអតីតសហការីរបស់លោកឲ្យជួយធ្វើយ៉ាង
ណាកុំឲ្យស្រីមុំនិយាយការពិតពីរឿងស្នេហារបស់នាងជាមួយលោកកឹម​សុខាទៅកាន់អាជ្ញាធរ
និងតុលាការ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger